ឯកសារចំនួន០៥ នឹងត្រូវចុះហត្ថលេខា ក្រោយបញ្ចប់ជំនួបទ្វេភាគីរវាងនាយករដ្ឋមន្ត្រី កម្ពុជា-ឡាវ ក្នុងដំណើរបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជារបស់នាយករដ្ឋមន្ត្រីឡាវ

ភ្នំពេញ៖ បន្ទាប់ពីទទួលបដិណ្ឋាកិច្ចស្វាគមន៍នាយករដ្ឋមន្រ្តីឡាវ នាម៉ោង១០ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បានជួបពិភាក្សាទ្វេភាគីជាមួយឯកឧត្តម ថងលូន ស៊ីស៊ូលីត នាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នៅវិមានសន្តិភាព ហើយបន្ទាប់ពីនោះភាគីទាំងពីរ នឹងអញ្ជើញជាអធិបតីភាព ក្នុងពិធីចុះហត្ថលេខាលើឯកសារមួយចំនួន ព្រមទាំងធ្វើសន្និសីទរួមគ្នាផងដែរ។

ឯកសារចំនួន០៥ ដែលត្រូវចុះហត្ថលេខា ក្នុងនោះរួមមាន៖
១)អនុស្សារណៈយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យការងាររវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ហត្ថលេខាដោយឯកឧត្តម អ៊ិត សំហេង រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងឯកឧត្តម ខាំផែង សាយ សំផេង រដ្ឋមន្រ្តីក្រសួងការងារ និងសុខុមាលភាពសង្គម)។
២)កិច្ចព្រមព្រៀងស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យថាមពល រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ (ចុះហត្ថលេខាដោយឯកឧត្តម ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងឯកឧត្តម ខាំម៉ានី  អ៊ីនធីរ៉ាត់ រដ្ឋមន្រ្តីក្រសួងថាមពល និងរ៉ែ)។
៣)កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវាងអគ្គិសនីកម្ពុជា និងអគ្គសនីឡាវ សម្រាប់ការនាំចូលអគ្គិសនីអនុភាព ៥០០មេហ្គាវ៉ាត់ ពីវារីអគ្គិសនីអាត់តាពើ ប្រទេសឡាវ (ភាគីកម្ពុជាចុះហត្ថលេខាដោយឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងកំពុងរង់ចាំសមាភាពពីភាគីឡាវ)។
៤)កិច្ចព្រមព្រៀទិញ-លក់អគ្គិសនី រវាងអគ្គសនីកម្ពុជា និងក្រុមហ៊ុន TSBP SEKONG POWER AND MINIRAL COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព៦00 មេហ្គាវ៉ាត់ នៅខេត្តសេកុង ប្រទេសឡាវ (ភាគីកម្ពុជាចុះហត្ថលេខាដោយ ឯកឧត្តម កែវ រតនៈ រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងកំពុងរង់ចាំសមាភាពពីភាគីឡាវ)។
៥)កិច្ចព្រមព្រៀងទិញ-លក់អគ្គិសនី រវងអគ្គិសនីកម្ពុជា និងក្រុមហ៊ុម XEKONG THERMAL POWER PLANT COMPANY LIMITED គម្រោងរោងចក្រផលិតអគ្គិសនីដុតធ្យូងថ្ម អនុភាព១៨០០មេហ្កាវ៉ាត់ នៅខេត្តសេកុង (ភាគីកម្ពុជាចុះហត្ថលេខាដោយ ឯកឧត្តម កែវ រតនៈ  រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាអគ្គនាយកអគ្គិសនីកម្ពុជា និងកំពុងរង់ចាំសមាភាព ពីភាគីឡាវ) ។

សូមបញ្ជាក់ថា ឯកឧត្តមបណ្ឌិត ថងលូន ស៊ីស៊ូលីត បាដឹកនាំគណៈប្រតិភូជាន់ខ្ពស់អញ្ជើញមកដល់ប្រទេសកម្ពុជា នៅម៉ោងប្រមាណ៩៖៣០នាទី ព្រឹកថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ នេះ ដើម្បីបំពេញទស្សនកិច្ចផ្លូវការរយៈពេល២ថ្ងៃ នៅថ្ងៃទី១២-១៣ ខែកញ្ញា ឆ្នាំ២០១៩ តាមការអញ្ជើញរបស់នាយករដ្ឋមន្រ្តីកម្ពុជា។ អំឡុងទស្សនកិច្ចនេះ នាយករដ្ឋមន្រ្តីឡាវ អញ្ជើញដាក់កម្រងផ្កានៅវិមានឯករាជ្យ និងគោរពព្រះវិញ្ញាណក្ខន្ធនៅមណ្ឌបព្រះករុណាព្រះបាទសម្ដេចព្រះនរោត្ដម សីហនុ «ព្រះបរមរតនកោដ្ឋ» អតីតព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ហើយបន្តចូលជួបសម្តែងការគួរសមចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជួបសម្តែងការគួរសមចំពោះសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រមុខរដ្ឋស្តីទីនៃព្រះរាជាណាចក្រកម្ពុជា។

ក្រសួងការបរទេស បានកត់សម្គាល់ថា ដំណើរទស្សនកិច្ចផ្លូវការរបស់ លោកបណ្ឌិត ថងលូន ស៊ីស៊ូលីត នៅកម្ពុជានេះ នឹងរួមចំណែកកាន់តែប្រសើរក្នុងការពង្រឹង និងពង្រីកបន្ថែមទៀត នូវចំណងមិត្តភាពជាប្រពៃណីដ៏យូរលង់ សាមគ្គីភាព ភាតរភាព និងកិច្ចសហប្រតិបត្តិការប្រកបដោយផ្លែផ្កា រវាងកម្ពុជា និងឡាវ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner