មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ប្រមូលសំណាកកេសរកូលប្រមាណ ៥ ០០០ សំណាកស្មើនឹង ២១០ ប្រភេទ
ភ្នំពេញ៖គិតរហូតមកដល់ពេលនេះមជ្ឈ មណ្ឌលស្រាវជ្រាវ និង អភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ប្រមូលសំណាកកេសរ កូលប្រមាណ ៥ ០០០ សំណាកស្មើនឹង ២១០ ប្រភេទ និង បានកត់ត្រាចូលប្រព័ន្ធទិន្នន័យបានចំនួន ១១៤ ប្រភេទ។ នេះបើតាមការបញ្ជាក់ពីសំណាក់ លោកជំទាវ ចាន់ សូម៉ាលី អនុរដ្ឋលេខាធិការក្រសួងបរិស្ថាន។
ថ្លែងនៅក្នុងពិធីធ្វើបទបង្ហាញស្តីពីវឌ្ឍនភាព និងទិសដៅការងារ របស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន និងការចូលរួមចំណែកអភិវឌ្ឍជីវភាពរស់នៅរបស់ ប្រជាជននៅភូមិធម្មជាតិរុនតាឯក នៅក្នុងសន្និបាតបូក សរុប លទ្ធផល ការងារបរិស្ថានឆ្នាំ២០២២ និងលើកទិសដៅ ការងារ ឆ្នាំ២០២៣ លោកជំទាវចាន់ សូម៉ាលីបានឱ្យដឹងថា៖មជ្ឈមណ្ឌល ស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ក្រោមការ គ្រប់គ្រងរបស់ក្រសួងបរិស្ថាន បាននិងកំពុងប្រមូល និងរក្សាពូជ កេសរកូលព្រៃពីគ្រប់រាជធានី ខេត្តជាពិសេសមក ពី ខេត្តព្រះសីហនុ កោះកុង កំពត សៀមរាប និងខេត្តមណ្ឌលគិរី។
ចាប់តាំងពីឆ្នាំ ២០១៩ មក មជ្ឈមណ្ឌលស្រាវជ្រាវនិងអភិរក្ស កេសរកូល សុខ អាន ភ្នំគូលែន បានប្រមូលសំណាកកេសរកូល ប្រមាណ ៥ ០០០ សំណាកស្មើនឹង ២១០ ប្រភេទ និងបាន កត់ត្រាចូលប្រព័ន្ធទិន្នន័យបានចំនួន ១១៤ ប្រភេទ។ ជាមួយគ្នានេះ មជ្ឈមណ្ឌលបានបញ្ជូនសំណាកចំនួន ២៣ ប្រភេទទៅសារៈមន្ទីរប្រវត្តិសាស្ត្រប៉ារីស។ យោងតាមការសិក្សា កម្ពុជាមានកេសរកូលព្រៃប្រមាណជាង ៥០០ ប្រភេទដែល មន្ត្រី ជំនាញបាននិងកំពុងសិក្សាស្រាវជ្រាវ បន្ថែម។
ជាមួយគ្នានេះ លោកជំទាវ ចាន់ សូម៉ាលី បានលើកឡើងពី វឌ្ឍនភាព ការងារសំខាន់ៗរបស់មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្ស កេសរកូល សុខ អាន ភ្នំគូលែន ការបែងចែកតំបន់អភិវឌ្ឍន៍ របស់ មជ្ឈមណ្ឌល, ការរៀបចំហេដ្ឋរចនាសម្ព័ន, ការសិក្សាស្រាវជ្រាវ, ការអប់រំផ្សព្វផ្សាយ, ការរៀបចំចិញ្ចឹមជ្រូកគូលែន និងកិច្ចសហការ ជាមួយដៃគូ និងយន្តការអភិវឌ្ឍន៍។
លោកជំទាវបានបញ្ជាក់បន្ថែមថា៖ មន្ត្រីនៃក្រសួងបរិស្ថានក៏ បាន ចូលរួមគាំទ្រលើការរៀបចំភូមិធម្មជាតិរុនតាឯក ដោយបានចូលរួម ការសម្អាតដីឡូតិ៍ក្នុងតំបន់ទាំង ៧ នៃភូមិធម្មជាតិរុនតាឯក ការដាំ ដើម ឈើហូបផ្លែនៅក្នុងដីឡូត៍ផ្ទះគំរូតំបន់១ ចំនួន២៥៥ឡូត៍, ការ ជួយ រុះរើតូប និងរោងនៅតំបន់រមណីយដ្ឋានអង្គរ និងការគ្រប់គ្រង សំណល់រឹង-រាវ៕
ដោយ៖ម៉ាដេប៉ូ


