ស្រវឹងស្រាបើករថយន្តបុកសួនច្បារចែកផ្លូវហើយរេចង្កូតទៅបុកទម្លុះជញ្ជាំងផ្ទះលក់ទូរសព្ទ រងការខូចខាត
ភ្នំពេញ ៖ បុរសម្នាក់រួមដំណើរ និងបុរសម្នាក់ទៀត បានបើកបរក្នុងស្ថានភាពស្រវឹងស្រាបោះពួយយ៉ាងលឿនជ្រុលចង្កូតទៅបុកសួនច្បារចែកទ្រូងផ្លូវពេញទំហឹង បណ្ដាលឲ្យរេចង្កូតមកបុកជញ្ជាំងផ្ទះប្រជាពលរដ្ឋធ្លុះក្បាលចេញមួយកំណាត់រងការខូតខាតយ៉ាងដំណំ តែមិនបង្ករឲ្យនរណាម្នាក់រងរបួស។
ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បានកើតឡើងនៅវេលាម៉ោង១២ និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំនុចមុខផ្សារស្ទឹងមានជ័យចាស់ ក្នុងសង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។
យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញបុរសម្នាក់រួមដំណើរនិងបុរសម្នាក់ទៀត ស្រវឹងស្រាជោគជាំ បានបើករថយន្តហាយឡែនឌ័រមួយគ្រឿង ពណ៌ទឹកមាស មិនមានស្លាកលេខ បានធ្វើដំណើរតាមបណ្ដោយផ្លូវ២១៧ ទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿន ខណៈមកដល់ចំណុចកើតហេតុខាងលើបានរេចង្កូតមកខាងឆ្វេងដៃជ្រុលទៅបុកសួនចែកផ្លូវ បណ្ដាលឲ្យរងការខូចខាត ហើយរថយន្តមិនទាន់អស់ល្បឿនបានរេចង្កូតមកខាងស្ដាំដៃ ជ្រុលទៅបុកជញ្ជាំងផ្ទះលក់ទូរស័ព្ទពេញទំហឹង ធ្វើឲ្យធ្លុះក្បាលរថយន្តមួយកំណាត់មុខនិងដាក់កង់មុខខាងឆ្វេងទៅមុខលែងរួច។
ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទាក់ទងជំនាញចរាចរណ៍មកធ្វើការវាស់វែងយករថយន្តបង្ករទៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយតាមផ្លូវច្បាប់៕ធ.ដ