អតីតយុទ្ធជនពិការស្រុកកំពង់ស្វាយបានទទួលខ្នងផ្ទះ ទី២២២ ពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត
ខេត្តកំពង់ធំ៖ ឧត្តមសេនីយ៍ទោ សោម ស៊ុន ប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តកំពង់ធំ អញ្ជើញចុះប្រគល់មួយខ្នងជាខ្នងផ្ទះទី២២២ អំណោយដ៏ថ្លៃថ្លារបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសមាគមអតីតយុទ្ធជនកម្ពុជា និងសម្តេចកិត្តិព្រឹទ្ឋបណ្ឌិត ប៊ុន រ៉ានីហ៊ុនសែន តាម រយៈឯកឧត្តម ទេសរដ្ឋមន្រ្តី នាយឧត្ដមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគម អតីតយុទ្ឋជនកម្ពុជា ជូនអតីតយុទ្ធជនពិការនៅភូមិអន្លង់លោក ឃុំព្រៃគុយ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។
លោកពលបាលឯក គឹម លី ជាអតីតយុទ្ធជន អាយុ៥៣ឆ្នាំ ចូលបម្រើកងទ័ពនៅឆ្នាំ១៩៩០ នៅអង្គភាពយោធាខេត្តកំពង់ធំ ត្រូវរបួសពិការ នៅក្នុងសមរភូមិអូរពោធិក្នុងឆ្នាំ១៩៩៥ មានភរិយានិងកូននៅក្នុងបន្ទុក៥នាក់ ដោយប្រកបមុខរបរចិញ្ចឹមសត្វ និងដាំដំណាំ ដើម្បីជួយសម្រួលដល់ជីវភាពប្រចាំថ្ងៃដោយគួបផ្សំនិងប្រាក់បៀវត្សដែលរាជ្ឋាភិបាលបានផ្តល់ជូនប្រចាំខែ ។
ឧត្ដមសេនីយ៍ ទោ សោម ស៊ុន បានបញ្ជាក់ថា ដោយមើលឃើញពីជីវភាពរស់នៅរបស់គាត់មានការលំបាកខ្វះខាតពុំមានលទ្ធភាពសាងសង់ផ្ទះ ឲ្យបានសមរម្យ ទើបគណៈកម្មាធិការសមាគមអតីតយុទ្ឋជនកម្ពុជា ខេត្តកំពង់ធំ បានសម្រេចសាងសង់ផ្ទះទី២២២ជូន ដោយបានសាងសង់ខ្ពស់ផុតពីដី សសរបេតុង ឆ្អឹង ដែក រនាបក្តា ជញ្ជាំងស្មាតបត ដំបូលប្រក់ស័ង្កសីកិនភ្លី និងជណ្ដើរកាច់ ។
គ្រួសារអតីតយុទ្ធជន បានទទួលអំណោយ ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត និងលោកជំទាវ ពេជ ចន្ទមុន្នី អង្ករ ៧៥គ.ក មី២កេស ទឹកក្រូច១កេស ទឹកពិសារបរិសុទ្ធវីតាល់១កេស ទឹកត្រីទឹកស៊ីអ៊ីវ២យួរ ត្រី១យួរនិងសម្ភារៈសម្រាប់ប្រើប្រាស់ក្នុងផ្ទះបាយព្រមទាំងថវិកាមួយចំនួនផងដែរ ៕
ដោយ ប៊ុន រដ្ឋា


