ពីធីគោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារីពលីជីវិតសម័យសង្គ្រាមក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៩ទិវាកំណើតកងយោធពលខេមរភូមិន្ទ

ខេត្តកំពង់ធំ៖ មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ បានដឹកនាំនាយទាហាន នាយទាហានរងនិងពលទាហាន ចំណុះបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ គោរពវិញ្ញាណក្ខន្ធកម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានពលីជីវិត ក្នុងសម័យសង្គ្រាមនៅក្នុងឱកាសខួបអនុស្សាវរីយ៍លើកទី៦៩ ទិវាបុណ្យឯករាជ្យជាតិ និងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ ៩វិច្ឆិកាឆ្នាំ១៩៥៣- ៩វិច្ឆិកាឆ្នាំ២០២២ ដែលពិធីនេះប្រព្រឹត្តទៅនៅវិមានរំលឹកគុណយុទ្ធជនពលីនៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២ ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន ថ្លែងថាក្នុងរយៈពេល ៦៩ឆ្នាំកន្លងទៅនេះ កងយោធពលខេមរភូមិន្ទ បានឆ្លងកាត់ដំណាក់កាលផ្លាស់ប្ដូរ ក្នុងដំណើរបត់បែននៃប្រវត្តិសាស្ត្រជាច្រើន និងទទួលនិន្នាការនយោបាយខុសៗគ្នា តែបច្ចុប្បន្ននេះកងយោធពលខេមរភូមិន្ទ នៅតែរក្សាបាននូវអត្តសញ្ញាណ ជាកងកម្លាំងប្រដាប់អាវុធជាតិ ដែលប្រសូត្រចេញពីប្រជាជននិងដើម្បីប្រជាជនកម្ពុជា ។

ឧត្តមសេនីយ៍ទោ សោម ស៊ុន បានញ្ជាក់ថា មកដល់បច្ចុប្បន្នកងយោធពលខេមរភូមិន្ទ បានរីកចម្រើនធំធាត់ ទាំងបរិមាណនិងគុណភាព នឹងបានកែទម្រង់ជាបន្តបន្ទាប់ ស្របតាមការអភិវឌ្ឍន៍រីកចម្រើនរបស់ប្រទេសជាតិ ក្រោមការដឹកនាំរបស់សម្ដេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងការពារជាតិ និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

នៅក្នុងឱកាសនេះ នាយទាហាន នាយទាហានរង និងពលទាហានទាំងអស់ដែលបានចូលរួមបានអញ្ជើញដុតធូបគោរពវិញ្ញាណក្ខន្ធនៅតាមផ្នូរសពរបស់កម្មាភិបាលយុទ្ធជន យុទ្ធនារី ដែលបានតម្កល់ទុកនូវវិមានរំលឹកគុណយុទ្ធជនពលី នៃបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ស្ថិតនៅភូមិក្រចាប់ សង្កាត់ អាចារ្យលាក់ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ ផងដែរ៕
ដោយ ប៊ុន រដ្ឋា

ads banner