កម្ពុជានិងប្រទេសក្នុងតំបន់អាស៊ានប្ដេជ្ញារួមគ្នាដើម្បីបង្ក្រាបការជួញដូរកុមារលើអ៊ីនធឺណិត
ភ្នំពេញ៖មន្រ្តីនៃប្រទេសកម្ពុជានិងបណ្ដាប្រទេសក្នុងតំបន់អាស៊ានបានរៀបចំវេទិកាព័ត៌មានវិទ្យាអាស៊ានក្នុងការប្ដេជ្ញារួមគ្នាដើម្បីការពារកុមារពីការកេងប្រវ័ញ្ចនិងជួញដូរកុមារលើបណ្ដាញអ៊ីនធឺណិត។
តាមរយៈវេទិកាព័ត៌មានវិទ្យាអាស៊ានស្តីអំពីការការពារកុមារលើប្រព័ន្ធអនឡាញនេះត្រូវបានធ្វើឡើងកាលពីថ្ងែទី២ ខែវិច្ឆិកា ឆ្នាំ២០២២ មានការគាំទ្រពីអង្គការយូនីសេហ្វ ជាមួយរាជរដ្ឋាភិបាលកម្ពុជា និងបណ្តាប្រទេសអាស៊ានដទៃទៀត ដោយមានការចូលរួមពីដៃគូអភិវឌ្ឍន៍យុវជន និងវិស័យឯកជន ដែលជាអ្នកដើរតួដ៏សំខាន់ក្នុងការធ្វើឲ្យប្រព័ន្ធអនឡាញជាកន្លែងដែលមានសុវត្ថិភាពជាងមុនសម្រាប់កុមារ។
នៅក្នុងវេទិកាដដែលអង្គការយូនីសេហ្វសង្ឃឹមថា៖« កុមារគ្រប់រូបមានសិទ្ធិរស់នៅក្នុងពិភពលោក ដែលមានសន្តិភាព គ្មានអំពើហិង្សា រួមទាំងគ្មានការកេងប្រវ័ញ្ច និងការរំលោភបំពានតាមប្រព័ន្ធអនឡាញ»។
ឯកឧត្តម តូច ចាន់នី អគ្គនាយកនៃអគ្គនាយកដ្ឋានសេវាសង្គម បានប្រាប់ថាគោលបំណងនៃការរៀបចំវេទិកានេះ ប្រទេសអាស៊ានទាំងមូល បានឯកភាពគ្នាប្ដេជ្ញារួមគ្នាដើម្បីលុបបំបាត់ការជួញដូរកុមារតាមរយៈប្រព័ន្ធអនឡាញ។លោកបញ្ជាក់ថា ការជួញដូរនេះ វាកំពុងពេញនិយម និងជាបញ្ហាប្រឈមដែលត្រូវសហការពីដៃគូពាក់ព័ន្ធ ដើម្បីការពារកុមារ។
ឯកឧត្តមបន្តថា៖ «អាស៊ានទាំងមូលមានការប្ដេជ្ញារួមគ្នា ដើម្បីទប់ស្កាត់ប្រឆាំងការជួញដូរតាមរយៈអនឡាញ ចំពោះកុមារ យុវជន នេះជាគោលបំណងសំខាន់របស់វេទិកា»។
លោកបន្តថា ក្រោយពីបញ្ចប់វេទិកានេះ ក្នុងបណ្ដាប្រទេសអាស៊ាននឹងចេញសេចក្ដីថ្លែងការណ៍រួមមួយ អំពីសកម្មភាពផ្សេងៗនៃការរួមគ្នាត្រូវធ្វើអ្វីខ្លះ។
ឯកឧត្តមបានបន្ថែមថា អាស៊ាននឹងទាក់ទងទៅកាន់ ក្រុមហ៊ុនធំៗ ដូចជាក្រុមហ៊ុនតេលេក្រាម បណ្ដាញសង្គមផ្សេងៗទៀត ដែលជាប់ពាក់ព័ន្ធនឹងប្រព័ន្ធអនឡាញ ដើម្បីឱ្យពួកគេចូល ចូលរួម និងរាយការណ៍ពីករណីប៉ុនប៉ងជួញដូរឬបៀតបៀនកុមារនៅលើអនឡាញនេះ។
លោក បញ្ជាក់ថា៖ «អ៊ីចឹងក្រុមហ៊ុនទាំងនោះ ត្រូវចូលរួមយ៉ាងម៉េច? បានន័យថាយើងនឹងឱ្យគាត់ចូលរួមទប់ស្កាត់សកម្មភាពណាមិនប្រក្រតី នៅលើប្រព័ន្ធទូរស័ព្ទ»។
ចំណែកឯអ្នកស្រី មាស សាអ៊ីម អនុប្រធានផ្នែកសិទ្ធិស្ដ្រី និងកុមារនៃសមាគមអាដហុក បានប្រាប់ថារូបភាពនៃការរៀបចំវេទិកានេះ គឺវាជារឿងល្អ ពីព្រោះរូបភាពការជួញដូរ និងការកេងប្រវ័ញ្ចលើកុមារតាមរយៈប្រព័ន្ធអនឡាញនៅតែបន្តកើតមាន ហើយរូបភាពនេះបានបង្ហាញពីសកម្មភាពថ្មីៗ និងប្លែកៗលើកុមារជាដើម។
អ្នកស្រីនិយាយថា៖ «ខ្ញុំគិតថាសកម្មភាពនេះ មិនអាចលុបបំបាត់ទាំងស្រុងឡើយ ពីព្រោះរូបភាពជួញដូរនិងការកេងប្រវ័ញ្ចលើកុមារនៅតែបន្តរូបភាពថ្មីៗរហូត។អ៊ីចឹងវាគ្រាន់តែជាសកម្មភាពមួយដើម្បីផ្លាស់ប្ដូរផែនការយុទ្ធសាស្ត្រ រួបរួមគ្នាក្នុងការទប់ស្កាត់ និងកាត់បន្ថយ ឬផ្ដន្ទាទោសដល់ជនប្រព្រឹត្តិលើបញ្ហានេះផងដែរ»។
អ្នកស្រីបន្ថែមថា មួយវិញទៀត ក្រុមហ៊ុនឯកជន ដែលធ្វើការលើប្រព័ន្ធចល័ត ត្រូវរាយការណ៍ដោយពេញលេញនូវអ្វីដែលបានមើលឃើញពីប្រព័ន្ធអនឡាញ។
សូមបញ្ជាក់ថា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២២ ក្រុមប្រឹក្សាជាតិកម្ពុជាដើម្បីកុមារ បានបង្ហាញពីការផ្សព្វផ្សាយរបាយការណ៍សិក្សាស្រាវជ្រាវ ស្ដីពីការបញ្ឍប់គ្រោះថ្នាក់នៅកម្ពុជា ដោយបង្ហាញភស្តុតាងអំពីការកេងប្រវ័ញ្ច និងរំលោភបំពានផ្លូវភេទកុមារតាមរយៈអនឡាញ។
របាយការណ៍នោះរកឃើញថា ១៦ភាគរយនៃកុមារត្រូវបានទទួលរងការបញ្ចេញមតិទាក់ទងនឹងផ្លូវភេទរបស់ពួកគេ ដែលកើតឡើងជាចម្បង នៅលើប្រព័ន្ធផ្សព្វផ្សាយសង្គម (Social Media) ១៦ភាគរយទៀតនៃកុមារត្រូវបានផ្ញើសាររូបភាពអាសអាភាសនិង៩ភាគរយនៃកុមារទទួលបានការស្នើសុំចែករំលែករូបភាពអាក្រាតរបស់កុមារទាំងនោះ៕ ដោយ៖ជា សុខនី