អាជ្ញាធរវៀតណាម ចាប់ខ្លួនមនុស្ស៨នាក់ជាសមាជិកបណ្ដាញជួញដូរទារក

វៀតណាម៖កាសែតវៀតណាមអ៊ិចប្រែសបានផ្សាយថា ប៉ូលីសនៅខេត្ត Binh Duong ភាគខាងត្បូងប្រទេសវៀតណាម បានចាប់ខ្លួនមនុស្សប្រាំបីនាក់ដែលគេជឿថាបានទិញទារកទើបនឹងកើតមកលក់បន្ត។ អាជ្ញាធរវៀតណាមបានចាប់ខ្លួនស្ត្រីវ័យ២៩ឆ្នាំម្នាក់ដែលត្រូវសង្ស័យថាជាមេខ្លោង និងមនុស្សប្រាំពីរនាក់ផ្សេងទៀតដែលជាប់ពាក់ព័ន្ធ។

ប៉ូលីសវៀតណាម កំពុងស៊ើបសួរចម្លើយនិងស៊ើបអង្កេតពីបទ៖«ជួញដូរមនុស្សអាយុក្រោម ១៦ ឆ្នាំ»និង«ក្លែងបន្លំឯកសារ»។

លោកវរសេនីយ៍ឯក Tran Vanh Chinh ស្នងការរងនគរបាលខេត្ត Binh Duong បាននិយាយថា៖ «បណ្ដាញជួញដូរមនុស្សនេះដំណើរការមិនត្រឹមតែនៅក្នុងទីក្រុង Binh Duong ប៉ុណ្ណោះទេ ប៉ុន្តែទីក្រុង និងខេត្តមួយចំនួនទៀត។ ប៉ូលីសកំពុងកំណត់មុខសញ្ញា ជនសង្ស័យ១៦នាក់ផ្សេងទៀត» ។

ការចាប់ខ្លួនស្ត្រីវ័យ២៩និងបក្ខពួករបស់នាង បានកើតឡើងបន្ទាប់ពីប៉ូលីស Binh Duong បានបង្ក្រាបការជួញដូរទារកទើបនឹងកើតនៅមន្ទីរពេទ្យសម្ភព Binh Duongកាលពីពីរខែ

មុន។

អ្នកស៊ើបអង្កេតបាននិយាយថា ក្រុមបណ្ដាញជួញដូរទារកនោះបានទាក់ទងម្តាយដែលទើបសម្រាលកូនរួចដើម្បីបញ្ចុះបញ្ចូលឱ្យគេលក់កូន ប៉ុន្តែម្ដាយនោះមិនចង់ឱ្យកូនរបស់ពួកគេទៅអ្នកដែលចង់ទិញក្មេងនោះឡើយ ។ក្រុមអ្នកទិញទារកនោះជាគូស្វាមីភរិយាដែលមិនមានកូន។  ក្នុងនាមជាឈ្មួញកណ្តាល សមាជិកបណ្ដាញជួញដូរ នឹងទទួលបានកម្រៃជើងសារ។

ក្នុងករណីផ្សេងទៀត បណ្ដាញជួញដូរទារក បានទិញទារកក្នុងតម្លៃពី២០ ទៅ៣០លានដុង (៨០៥-១.២០០ដុល្លារអាមេរិក) ហើយលក់វាទៅឱ្យគូស្វាមីភរិយាដែលចង់មានកូនក្នុងតម្លៃ ៤០-៥០លានដុង។

ពួកគេថែមទាំង រត់ការរៀបចំផ្តល់សំបុត្រកំណើតក្លែងក្លាយសម្រាប់ទារកផងដែរ។ ក្រុមអ្នកស៊ើបអង្កេតបាននិយាយថា បណ្ដាញដែលត្រូវបង្ក្រាបបាននេះបានដំណើរការទិញដូរទារកចំនួន ៣១ករណីរួចទៅហើយ។

ករណីជួញដូរកុមារនិងទារកនេះមិនមែនជារឿងថ្មីទេនៅសង្គមវៀតណាម។កាលពីខែមេសាតុលាកានៅប្រទេសវៀតណាមបានផ្ដន្ទាទោសបុរសម្នាក់អាយុជាង៤០ឆ្នាំឱ្យជាប់ទោស១៤ឆ្នាំ បន្ទាប់ពីរកឃើញថាបុរសម្នាក់នេះបានបានលក់កូនស្រីរបស់ខ្លួនដែលមានអាយុជាង១៣ឆ្នាំទៅឱ្យជនជាតិចិន ក្នុងតម្លៃជាង៤ពាន់ដុល្លារ។

កាលពីខែសីហា នៅខេត្តភាគខាងជើងវៀតណាមប៉ូលីសបានចាប់ខ្លួនមនុស្សសរុបចំនួន៣នាក់យកទៅដាក់គុក។ ម្នាក់ជាម្ដាយដែលស្វែងរកលក់កូនតូចរបស់ខ្លួនដែលមានអាយុត្រឹមជាង២ឆ្នាំនិង ២នាក់ទៀតជាឈ្មួញកណ្ដាលដែលរកម៉ូយមកទិញក្មេង។

តាមច្បាប់វៀតណាមទោសធ្ងន់បំផុតនៃ«អ្នកជួញដូរមនុស្សក្រោម១៦ ឆ្នាំ»គឺដាក់ពន្ធនាគារអស់មួយជីវិត៕

ដោយ៖វណ្ណ ស័ក្ដិ

ads banner