អ្នកជំនាញអប់រំអះអាងពីភាពជោគជ័យនៃកម្មវិធីអប់រំពហុភាសាដល់សហគមន៍ជនជាតិដើមភាគតិច
ភ្នំពេញ៖ជនជាតិភាគតិចត្រូវបានគេដឹងថា មានវត្តមាននៅតាមបណ្ដាខេត្តភាគឦសានរបស់កម្ពុជា ហើយមានការរស់នៅតាមបែបជាសហគមន៍។ ពួកគេភាគច្រើននៅប្រើប្រាស់ភាសាកំណើតរបស់ខ្លួន ដើម្បីប្រា ស្រ័យទាក់ទងគ្នា ហើយក្នុងតំបន់មួយចំនួនទៀតសោត ចេះតែត្រឹមតែភាសាកំណើតប៉ុណ្ណោះ។
ការណ៍នេះបានក្លាយជាឧបសគ្គមួយចំនួន ជាពិសេសលើការទំនាក់ទំនងជាមួយប្រជាជនកម្ពុជាដែល ប្រើប្រាស់ភាសាខ្មែរ។ មួយផ្នែកទៀត គឺកង្វះនូវសាលាអប់រំទាំងភាសាកំណើត ទាំងភាសាជាតិ ដែលនាំឱ្យក្រុមជនជាតិភាគតិចទាំងនោះ ចេះត្រឹមតែការភាសាទំនាក់ទំនង ហើយមិនអាចសរសេរបាន។
អង្គភាពជំនាញនៃក្រសួងអប់រំ កំណត់នូវបញ្ហាមួយចំនួនដែលរារាំងដល់ការអនុវត្តកម្មវិធី និងការចូលរៀនរបស់កុមារជនជាតិភាគតិច ដែលរួមមានជាអាថិ៍ កង្វះអ្នកចេះភាសាទាំងពីរ (ភាសាកំណើត និងភាសាជាតិ) បញ្ហាជីវភាពរបស់ឪពុកម្ដាយដែលប៉ះពាល់បន្តដល់លទ្ធភាពបញ្ចូនកូនទៅរៀន និងបញ្ហាសាលារៀននៅឆ្ងាយពីសហគមន៍ជនជាតិភាគតិច។
ការអនុវត្តកម្មវិធីអប់រំពហុភាសាបានដំណើរការអស់រយៈពេល២០ឆ្នាំមកដោយ នាយកដ្ឋានអប់រំពិសេសបានបណ្ដុះបណ្ដាលកុមារជនជាតិភាគតិចមួយចំនួន និងដែលមកដល់ពេលបច្ចុប្បន្ន ពួកគេ កំពុងបង្រៀនបន្តទៅដល់កុមារផ្សេងៗទៀត។
គ្រូបង្រៀនម្នាក់ដែលជាអតីតសិស្សថ្នាក់អប់រំពហុភាសា នៅស្រុកបកែវ ខេត្តរតនៈគិរី បានឱ្យដឹងថា កុមារជនជាតិភាគតិចនៅក្នុងសហគមន៍របស់លោកបច្ចុប្បន្នមានការប្រែប្រួលខ្លាំងណាស់។ ការប្រែ ប្រួលដែលលោករៀបរាប់នេះគឺផ្ដោតលើចំណេះដឹង និងសេដ្ឋកិច្ចគ្រួសារនីមួយៗ។
លោក ក្វាស់ ភ្លើង គ្រូបង្រៀនថ្នាក់អប់រំពហុភាសាបានរៀបរាប់ថា៖ «ខ្ញុំចាប់ផ្ដើមការអប់រំចាប់តាំងពីឆ្នាំ ២០១៥ ដោយកាលនោះខ្ញុំនៅជាគ្រូសហគមន៍នៅឡើយ! រហូតដល់ឆ្នាំ ២០១៧ទើបក្រសួងអប់រំ បានបញ្ចូលខ្ញុំទៅជាគ្រូពេញសិទ្ធិ និងមានក្របខណ្ឌរដ្ឋ។»
គ្រូបង្រៀនជនជាតិទំពួនរូបនេះរៀបរាប់បន្ថែមថា នៅក្នុងឆ្នាំសិក្សាថ្មីនេះមានសិស្សចំនួន ១២៥នាក់ ដែលពួកគេសុទ្ធសឹងតែជាកុមារជនជាតិភាគតិច។ រីឯសាលាសហគមន៍ដែលលោកកំពុងបង្រៀនគឺមានចំនួន៦ថ្នាក់ ដែលជាថ្នាក់បឋមសិក្សា។
ក្នុងរយៈពេលដែលលោកធ្វើការជាអ្នកអប់រំប៉ុន្មានឆ្នាំមកនេះ លោកបានសម្គាល់ឃើញពីការផ្លាស់ប្ដូរ ជាច្រើនលើក្រុមកុមារតូចៗ ដែលជាធនធានមនុស្សដ៏សំខាន់ទៅថ្ងៃអនាគត។ សម្រាប់អ្នកដែលបាន បញ្ចប់ការសិក្សាសព្វគ្រប់ ភាគច្រើនកំពុងបំពេញការងារជាគ្រូបង្រៀន ជាអ្នករកស៊ីដែលមានទំនាក់ ទំនងជិតស្និតជាមួយប្រជាជនខ្មែរ និងមួយផ្នែកទៀតបម្រើការងារឱ្យអង្គការក្រៅរដ្ឋាភិបាលដើម្បី ការអភិវឌ្ឍសហគមន៍តែម្ដង។
លោកបញ្ជាក់ផងដែរថា៖ «នៅមានបញ្ហាមួយចំនួនតូចទៀត ដែលលោកកំពុងជួបប្រទះ គឺការចំណាក ស្រុកទៅធ្វើការរបស់ឪពុកម្ដាយ ដែលប៉ះពាល់ដល់ការសិក្សារបស់កូនៗ»។ ប៉ុន្តែយ៉ាងណា ដើម្បីធានា ដល់ការទទួលបានការអប់រំគ្រប់ៗគ្នា លោកគ្រូផ្ទាល់បានចុះទៅជួបណែនាំឪពុកម្ដាយ ដើម្បីផ្ដល់ឱកាសឱ្យកូនបានចូលសាលារៀនវិញ។
ចំពោះថ្នាក់ដឹកនាំការិយាល័យផែនការនិងកិច្ចសហប្រតិបត្តិការនៃនាយកដ្ឋានអប់រំពិសេសវិញ ក៏បានមើលឃើញពីការវិវត្តិរបស់សហគមន៍ក្នុងស្រុកបកែវនេះផងដែរ។
លោក ប៉ែន ចាន់កាណាប់ ប្រធានការិយាល័យផែនការ និងកិច្ចសហប្រតិបត្តិការ នៃនាយកដ្ឋានអប់រំពិសេស ទទួលបន្ទុកលើការអនុវត្តកម្មវិធីអប់រំពហុភាសា នៅកម្រិតមត្តេយ្យសិក្សា និងបឋមសិក្សាបានឱ្យដឹងថា ក្រុមជនជាតិភាគតិចទាំងនេះរស់នៅឆ្ងាយពីទីប្រជុំជន ហើយពួកគេនិយាយតែភាសាកំណើតក្នុងសហគមន៍ប៉ុណ្ណោះ ដូច្នេះហើយអ្នកដែលចេះនិយាយខ្មែរគឺមានតិចណាស់។
លោកបន្តថា ក្រសួងធ្លាប់បញ្ជូនគ្រូក្របខណ្ឌទៅបង្រៀននៅតំបន់ជនជាតិដើមភាគតិច ប៉ុន្តែគ្រូនិងសិស្សមិនអាចទំនាក់ទំនងគ្នានិងយល់គ្នាបាន ហេតុនេះហើយទើបមានបង្កើតកម្មវិធីអប់រំពហុភាសាឡើង ដោយជ្រើសរើសគ្រូសហគមន៍ ដែលចេះនិយាយភាសាកំណើតនិងភាសាខ្មែរឱ្យបង្រៀនពួកគាត់តែម្ដង។
លោកបញ្ជាក់បន្ថែមថា៖ «កម្មវិធីអប់រំពហុភាសាគឺជាកម្មវិធីសិក្សាស្ពានចម្លងពីភាសាកំណើតទៅភាសាជាតិ ដោយអនុវត្តត្រឹមថ្នាក់ទី១-៣ តាមគំរូដែលអនុម័តដោយក្រសួងអប់រំ»។
លោកបញ្ជាក់ថា ការអប់រំជាក់ស្ដែងរួមមាន៖ ថ្នាក់ទី១ ត្រូវរៀនភាសាកំណើត៨០ភាគរយ និងភាសាខ្មែរ២០ភាគរយ ថ្នាក់ទី២ ត្រូវរៀនភាសាកំណើត៦០ភាគរយ និងភាសាខ្មែរ៤០ភាគរយ ថ្នាក់ទី៣ ត្រូវរៀនភាសាកំណើត៣០ភាគរយនិងភាសាខ្មែរ៧០ភាគរយនិងចាប់ពីថ្នាក់ទី៤ ត្រូវរៀនភាសាខ្មែរ១០០ភាគរយ។
តាមរយៈការអនុវត្តជាក់ស្ដែងនូវកម្មវិធីអប់រំពហុភាសានេះ លោកបានសម្គាល់ឃើញថាសេដ្ឋកិច្ចទូទៅ របស់សហគមន៍ទាំងមូលមានការរីកចម្រើនមួយផ្នែកធំ។ ហើយតាមរយៈកម្មវិធីនេះផងដែរ លោករំពឹងថាការអប់រំនឹងត្រូវបានចាក់ចូលទៅគ្រប់តំបន់ មិនថាជា តំបន់ដាច់ស្រយាលយ៉ាងណានោះទេ។
តាមទិន្នន័យពីការិយាល័យផែនការ និងកិច្ចសហប្រតិបត្តិការ នៃនាយកដ្ឋានអប់រំពិសេសបង្ហាញថា ចាប់ពីឆ្នាំ ២០០២ ក្រសួងអប់រំបានអនុវត្តនូវការអប់រំបែបពហុភាសា ផ្ដោតពិសេសលើខេត្តចំនួន៥ របស់កម្ពុជាគឺ ខេត្តរតនគិរី ស្ទឹងត្រែង មណ្ឌលគិរី ព្រះវិហារ និងក្រចេះ។ កម្មវិធីនេះបានអនុវត្តនៅតាមសាលាមត្តេយ្យសិក្សារដ្ឋ ៤កន្លែង និងមត្តេយ្យសិក្សាសហគមន៍ ១២៤កន្លែងនៃតំបន់គោលដៅ។ ភាសាដែលបានប្រើប្រាស់សម្រាប់បង្រៀនរួមមាន ភាសាទំពួន គ្រឹង ព្នង កួយ ក្រោល កាវ៉ែត ព្រៅ ចារ៉ាយ និងកាចក់៕ ដោយ៖ កែវ បុស្បា