អាស៊ានពីសម្ព័ន្ធភាពដើម្បីទប់ទល់ឥទ្ធិពលកុម្មុយនីយ ក្លាយជាអង្គការតំបន់ដែលសក្ដានុពលសេដ្ឋកិច្ច

អត្ថបទដោយ៖
CPA

ភ្នំពេញ៖បច្ចុប្បន្នសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់ អាស៊ាន (ASEAN) ដែលជាអង្គការតំបន់គ្របដណ្តប់នៃភាគអាគ្នេយ៍នៃទ្វីបអាស៊ីមានសមាជិកនៃប្រទេសនៅអាស៊ីអាគ្នេយ៍ចំនូន ១០ប្រទេសហើយបានជាក្លាយជាអង្គការតំបន់ដែលសក្ដានុពលសេដ្ឋកិច្ចនិងឈានទៅនយោបាយនាពេលខាងមុខ។

អាស៊ានត្រូវបានបង្កើតឡើងជាស្ថាពរនៅថ្ងៃទី០៨ ខែសីហាឆ្នាំ១៩៦៧ ដែលគ្រានោះមានប្រទេសជាសមាជិកប្រមាណតែប្រាំប៉ុណ្ណោះ​។ រួមមាន ប្រទេសសិង្ហបុរី ថៃ ម៉ាឡេស៊ី ហ្វីលីពីន និងឥណ្ឌូនេស៊ី ។ តំណាងនៃប្រទេសទាំងប្រាំនេះ ជួប​ប្រជុំ​គ្នា​នៅ​សាល​ធំ​ក្នុង​អគារ​ក្រសួង​ការបរទេស​ នា​ទីក្រុង​បាងកក ប្រទេសថៃ ហើយ​បាន​ចុះ​ហត្ថលេខា​លើ​ឯកសារ​មួយ​។តាមរយៈ​ឯកសារ​នោះ​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​ASEAN,អាស៊ាន​) ត្រូវបាន​បង្កើត​ឡើង​។

ឯកសារ​ដែល​បាន​ចុះ​ហត្ថលេខា​ត្រូវ​បាន​គេហៅថា សេចក្តី​ប្រកាស​អាស៊ានដែលជា​ឯកសារ​ខ្លី​ប្រើ​ពាក្យ​ជា​ធម្មតា​មាន​តែ​ប្រាំ​មាត្រា​ប៉ុណ្ណោះ។ប្រកាស​បង្កើត​សមាគម​មួយ​សម្រាប់​កិច្ច​សហប្រតិបត្តិការ​ក្នុង​តំបន់​ក្នុង​ចំណោម​ប្រទេស​នៅ​អាស៊ីអាគ្នេយ៍​ដែល​គេ​ហៅថា​សមាគម​ប្រជាជាតិ​អាស៊ីអាគ្នេយ៍ (​អាស៊ាន) និងបាន​ដាក់​ចេញ​នូវ​គោលដៅ និង​គោលបំណង​របស់​សមាគម​នោះ​យ៉ាង​ច្បាស់​លាស់។

ជាប្រវត្តិសាស្រ្ត អង្គការតំបន់មួយនេះបង្កើតឡើងក្នុងគោលដៅ និងគោលបំណងរួម ដើម្បីជំរុញឲ្យបាននូវសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងកិច្ចអភិវឌ្ឍសង្គមវប្បធម៌ ក្នុងតំបន់អាស៊ីអាគ្នេយ៍តាមរយៈ​ការ​គោរព​យុត្តិធម៌ និង​នីតិរដ្ឋ ​រួមទាំង​ការ​ប្រកាន់​ខ្ជាប់​នូវ​គោលការណ៍​នៃ​ធម្មនុញ្ញ​អង្គការ​សហប្រជាជាតិ នៅគ្រាសម័យសង្គ្រាមត្រជាក់នោះ។ បើនិយាយឱ្យស្រួលស្តាប់ដំបូងឡើយអាស៊ានបង្កើតឡើងដើម្បីទប់ទល់ការកើនឡើងនៃឥទ្ធិពលកុម្មុយនីស ប៉ុណ្ណោះ។

ក្រោយមកទៀត រាប់ចាប់ពីឆ្នាំ១៩៨៤ មក បណ្តាប្រទេសប្រាំ ផ្សេងទៀតក្នុងតំបន់បានសម្លឹងឃើញការរួមបញ្ចូលជាមួយអាស៊ាន រួមមាន ព្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ជាសមាជិកកូនពៅចុងក្រោយគេ។

ជុំវិញដំណើរការនៃការបង្កើតនិងដំណើរការរបស់អង្គការអាស៊ាន លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាបញ្ជាក់ថា ដើមឡើយអង្គការតំបន់នេះបង្កើតឡើងក្នុងគោលដៅទប់ទល់ឥទ្ធិពលកុម្មុយនីស្តនៅអាស៊ីអាគ្នេយ៍ប៉ុណ្ណោះដែលប្រទេសប្រាំជាស្ថាបនិកអាស៊ាននោះ សុទ្ធសឹងជាប្រទេសមិនប្រកាន់លទ្ធិកុម្មុយនីស្ត ក្នុងគ្រាប្រជែងឥទ្ធិពលមនោគមន៍វិជ្ជារបស់លោកសេរីនិងកុម្មុយនីស្តដ៏ខ្លាំងក្លានៅអាស៊ីអាគ្នេយ៍។ ប៉ុន្តែជារួមការបង្កើតអាស៊ានគឺក្នុងគោលដៅដើម្បីសន្តិសុខ ស្ថិរភាព និងវិបុលភាព នៅក្នុងតំបន់។

លោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ថា តំបន់នេះ មានបញ្ហាផ្ទៃក្នុងជាច្រើនដែលមាន ដូចជាង អាស៊ានមានគម្លាតលើវិស័យសេដ្ឋកិច្ចនិងវិស័យអប់រំ ជាកង្វះខាតមួយរបស់អាស៊ានដែលធនធានសេដ្ឋិច្ចនិងធន​ធានមនុស្សមិនស្មើភាពគ្នា កង្វះខាតនៃការផ្លាស់ប្តូរព័ត៌មាននិងសន្តិសុខដល់គ្នាទៅវិញទៅមកពីសំណាក់​រដ្ឋជាសមាជិក  រដ្ឋជាសមាជិកអាស៊ានមាននិន្នាការនិយមចិននិងនិយមសហរដ្ឋអាមេរិក អាស៊ានមានប្រព័ន្ធនយោបាយដឹកនាំប្រទេសខុសៗគ្នាច្រើន និងចុងក្រោយ រដ្ឋជាសមាជិកភាគច្រើននៅមានជម្លោះដែនអធិបតេយ្យភាព បូរណភាពទឹកដីនឹងគ្នា។ពោលគឺជម្លោះព្រំដែនដែលឥតស្រាកស្រាន្ត។

លោកបណ្ឌិតបន្តថា៖ «សម្រាប់បញ្ហាធំៗ ដែលប្រទាំងប្រទើសអាស៊ានបន្តនោះរួមមានបញ្ហាសមុទ្រចិនខាងត្បូង,បញ្ហាប្រកួតប្រជែងភូមិសាស្រ្តនយោបាយរបស់មហាអំណាច គឺចិននិងសហរដ្ឋអាមេរិក។ បញ្ហាអស់ទាំងនេះហើយដែលបង្កឱ្យអាស៊ានមានការលំបាក ជួបបញ្ហាប្រឈមច្រើនដែលអាចប៉ះពាល់ដល់មជ្ឈភាពនិងសាមគ្គីភាពរបស់អាស៊ានផងដែរ »។

អ្នកជំនាញទំនាក់ទំនងអន្តរជាតិរូបនេះគូសបញ្ជាក់ថា អង្គការអាស៊ានជាច្រកការទូតដ៏សំខាន់សម្រាប់បណ្តារដ្ឋជាសមាជិកមិនថា រដ្ឋតូចឬធំឡើយ ដែលញ៉ាំងឱ្យសមាជិកទាំង១០ មានភាពស្មើសិទ្ធិគ្នាក្នុងការសម្រេចកិច្ចការក្នុងតំបន់ និងពិភពលោកក្នុងនាមជាអង្គការតំបន់។ លើសពីនេះ អាស៊ានក្នុងពេលថ្មីៗនេះ បានក្លាយជាច្រកសេដ្ឋកិច្ចដ៏សំខាន់សម្រាប់រដ្ឋជាសមាជិកចំពោះកិច្ចព្រមព្រៀងពាណិជ្ជកម្មនានា ជាពិសេសកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់(RCEP) ដ៏ធំចុងក្រោយគេនេះ។ បន្ថែមពីនេះ អង្គការតំបន់មួយនេះ មានយន្តការជជែកនិងសន្ទនាជាច្រើនទាំងក្នុងតំបន់ និងពិភពលោក ដើម្បីធានាស្ថេរភាព និងសន្តិសុខក្នុងតំបន់និងសាកល។

លោកបណ្ឌិតគិន ភា សង្កត់ធ្ងន់ថា៖« តាមរយៈយន្តនិងការរៀបចំរបស់អង្គការអាស៊ាននេះ វាបានធ្វើឲ្យតំបន់អាស៊ីអាគ្នេយ៍មានសារៈសំខាន់នៅក្នុងក្រសែភ្នែកមហាអំណាច ដែលនៅពេលដែលគេនិយាយពីតំបន់អាស៊ីប៉ាស៊ីហ្វិក ពីឥណ្ឌូប៉ាស៊ីហ្វិក អាស៊ាន ឬអាស៊ីអាគ្នេយ៍របស់យើង វាក្លាយទៅជាមជ្ឈមណ្ឌលដ៏សំខាន់ដែលគេមិនអាចមើលរំលងបាន »។

ជាមួយគ្នានេះ លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា យល់ថាដំណើរការនៃការបង្កើតអង្គការតំបន់អាស៊ាននេះ​ឆ្លងកាត់ដំណាក់កាលចំនួន២។ទី១. ដំណាក់កាលសង្គ្រាមត្រជាក់ និងទី២.ដំណាក់កាលសាកលភាវូបនីកម្ម។

លោកបន្តថា នៅដំណាក់កាលទី១ អាស៊ានមានតែប្រាំ ហើយដែលនៅមាននិន្នាការរើសអើងប្រទេសដទៃដែលមានរបបនយោបាយផ្ទុយពីខ្លួន ខណៈស្ថានការណ៍ប្រកួតប្រជែងរវាងលោកសេរីនិងលោកកុម្មុយនីស្ត ទោះស្ថិតក្នុងភូមសាស្ត្រដូចគ្នាក្តី។នៅដំណាក់កាលទី២​ វិញ ក្នុងលំហសាកលភាវូបនីយនីស្តអាស៊ានបើកចំហរទទួលយកប្រទេសក្នុងភូមិសាស្រ្តដូចគ្នាជាសមាជិកដែលក្លាយមានសមាជិកចំនួន១០ ក្នុងឆ្នាំ១៩៩៩។

សម្រាប់លោកបណ្ឌិត យង់ ពៅ ដែលជាអ្នកជំនាញភូមិសាស្ត្រនយោបាយរូបនេះ បញ្ជាក់ថា ទោះបីជាអាស៊ានរងនូវវិបត្តិប្រឈមនានាក្តី អង្គការតំបន់នេះបានដោះស្រាយបញ្ហាទាំងនោះស្របតាមធម្មនុញ្ញអាស៊ាន ដែលយកការឯកភាពគ្នា ឬកុងសង់ស៊ីលជាសំខាន់។

លោកបណ្ឌិត យង់ ពៅ គូសបញ្ជាក់ថា៖ «វាភាពចាំបាច់ណាស់ដែលកម្ពុជាចូលរួមក្នុងអង្គការតំបន់អាស៊ាន ដើម្បីធ្វើសមានហរណកម្មខ្លួនឯងក្នុងតំបន់និងពិភពលោក ដែលយើងមិនអាចរស់នៅតែឯងបានទេ។ វាបានផ្តល់ផលចំណេញដល់កម្ពុជាទាំងក្នុងទិដ្ឋភាពនយោបាយ និងទិដ្ឋភាពសេដ្ឋកិច្ច ទោះបីអង្គការតំបន់នេះនៅមានបញ្ហាប្រឈមខ្លះៗក្តី ប៉ុន្តែវាមានផ្តល់ផលប្រយោជន៍ច្រើនជាងគុណវិបត្តិ »។

បច្ចុប្បន្ននេះអាស៊ានបានគ្របដណ្តប់លើផ្ទៃដីសរុប ៤,៤៧៩,២១០.៥ គីឡូម៉ែត្រក្រឡា ដែលមានប្រជាជនប្រមាណ ជាង៦៨០លាននាក់(ស្ថិតិឆ្នាំ២០២២) មានសមាជិកភាពចំនួន ១០នេះ តោងផ្លាស់ប្តូរគ្នាធ្វើជាប្រធានដើម្បីរៀបចំកិច្ចប្រជុំកំពូល និងពាក់ព័ន្ធវិលជុំមួយឆ្នាំម្តង។អាស៊ានបានក្លាយបន្តិចម្ដងទៅជាដៃគូពិភាក្សាជាប្រចាំជាមួយមហាអំណាចនានាលើលោក រាប់ទាំងបងធំអាមេរិក បងទី២ចិន បងទី៣រុស្ស៊ី អ៊ឺរ៉ុប ជប៉ុននិងកូរ៉េ អូស្ត្រាលី ឥណ្ឌា ជាដើម។ ទៅថ្ងៃមុខអាស៊ានក៏ទំនងជានឹងក្លាយជាទីចាំអារម្មណ៍សម្រាប់ប្រទេសផ្សេងទៀតដូចយ៉ាងប្រទេសតំបន់អាហ្វ្រិកឬអាមេរិកឡាលីនផងក៏អាចថាបាន។ ទោះជាយ៉ាងណាយន្តការអាស៊ានជាយន្តការដែលជជែកគ្នារហូត មិនសូវជាបានផលជាផ្លែផ្កាដុំកំភួន លើដំណោះស្រាយនានាឡើយ៕

ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner