នាវាយោធាជប៉ុននឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុក្នុងខែនេះ

អត្ថបទដោយ៖
CPA

ព្រះសីហនុ៖នាវាស្វ័យការពារជើងទឹកជប៉ុននឹងចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ចាប់ពីថ្ងៃទី១៨ ដល់ថ្ងៃទី២០ខែវិច្ឆិកា ឆ្នាំ២០២២។ នេះបើកិច្ចតាមកិច្ចប្រជុំរវាង លោក ឯម ភាព អភិបាលរងខេត្តព្រះសីហនុ និង លោកវរសេនីយ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ អនុព័ន្ធយោធាស្ថានទូត ជប៉ុនប្រចាំកម្ពុជាកាលពីថ្ងៃទី ២ ខែវិច្ឆិកា ។

លោក ឯម ភាព ថ្លែងថា រដ្ឋបាលខេត្តព្រះសីហនុចូលរួមសហការ​ធ្វើការងារជាមួយ​កងនាវាស្វ័យការពារជប៉ុន។ កន្លងមកនាវាស្វ័យការពារជើងទឹកជប៉ុនបានចូលចតនៅកំពង់ផែ​ស្វយ័ត ក្រុងព្រះសីហនុជាបន្តបន្ទាប់ ដើម្បីធ្វើទស្សនកិច្ចនៅកម្ពុជាជាច្រើនលើក រួចមកហើយ ដើម្បី ស្វែងយល់ និងផ្លាស់ប្តូរបទពិសោធន៍ពីគ្នាទៅវិញទៅមករវាងកម្ពុជា ជប៉ុន។

លោកបន្តថា ប្រទេសទាំងពីរមានទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អ សម្រាប់ការចូលចត​នាវាស្វ័យ​ការពារជើងទឹកជប៉ុន បង្ហាញពីទំនាក់ទំនង នៃកិច្ចសហប្រតិបត្តិការរវាងរាជ​រដ្ឋាភិបាលនិងប្រជាជននៃប្រទេសទាំងពីរកាន់តែជិតស្និតបន្ថែមទៀត។

លោកវរសេនីយិ៍ឯក អ៊ីស៊ីហារ៉ា ម៉ាសាណាអូ  បានថ្លែងអំណរគុណរដ្ឋបាលខេត្ត និងកងកម្លាំង​ដែលអនុញ្ញាតិឱ្យរូបលោកបានចូលជួបពិភាក្សា ដើម្បីរៀបចំសកម្មភាពផែនការនៃការចូលចត​របស់នាវាស្វ័យការពារជើងទឹកជប៉ុនចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

លោកបានបន្តថា ៖«ខ្ញុំបានចាប់អារម្មណ៍ ពីការអភិវឌ្ឍរីកចម្រើនរបស់ខេត្តព្រះសីហនុនា​ពេលបច្ចុប្បន្នហើយនេះក៏ជាលើកទីមួយដែលរូបលោកបានមកធ្វើទស្សនកិច្ចខេត្តព្រះសីហនុ។ខ្ញុំគិតថាកំពង់ផែស្វយ័តក្រុងព្រះសីហនុធំទូលាយអាចឱ្យនាវាស្វ័យការពារជើងទឹកជប៉ុនចូលចតប្រកបដោយសុវត្ថិភាព  និងជាការផ្លាស់ប្តូរវិស័យការពារជាតិនៃប្រទេស​ទាំងពីរជាទស្សន​វិស័យ​ល្អមួយ»។

លោកបានបង្ហាញក្តីរីករាយដែលរដ្ឋបាលខេត្តអនុញ្ញាតិឱ្យនាវាស្វ័យការពារជើងទឹកជប៉ុនចូលចតនៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២២ ប្រកបដោយសុវត្ថិភាព។

លោក គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនាក់ទំនងអន្តរជាតិ នៃរាជបណ្ឌិត្យសភាកម្ពុជា ថ្លែងថា  ដំណើការចូលចតរបស់នាវាស្វ័យការពារជើងទឹករបស់ជប៉ុនមកកាន់​កំពង់ផែក្រុង​ព្រះសីហនុ នេះ គឺជាផ្នែកមួយនៃការអនុវត្តនូវ យុទ្ធសាស្ត្រឥណ្ឌូប៉ាស៊ីហ្វិក សេរី និងបើកចំហរ របស់ជប៉ុន ។លោកបន្តថា ក្នុងយុទ្ធសាស្ត្រសន្តិសុខ និងការពារជាតិរបស់ជប៉ុនមិនសូវ​ជាខុស​ឆ្ងាយពី​សហរដ្ឋអាមេរិកនោះទេ ព្រោះប្រទេសជប៉ុន ជាភ្នែករបស់សហរដ្ឋអាមេរិក ក្នុងការ​វិស័យ​​សន្តិសុខក្នុងឥណ្ឌូប៉ាស៊ីហ្វិកផងដែរ ។  ដូចដឹងហើយថា ប្រទេសជប៉ុន គឺជាសម្ព័ន្ធមិត្ត​ចាក់ទឹកមិនលិច របស់សហរដ្នអាមេរិក  មានជប៉ុន ឥណ្ឌា និងអូស្រ្តាលី ដែលជាសម្ព័ន្ធមិត្ត ដែលយកចិត្តទុកដាក់លើវិស័យសន្តិសុខ។

លោកថ្លែងថា៖ « របៀបនៃការអនុវត្តិយុទ្ធិសាស្រ្ត ឥណ្ឌូប៉ាស៊ីហ្វិកសេរី និងបើកចំហរ របស់ជប៉ុន មានលក្ខណៈ ការទូតជាង ក៏ប៉ុន្តែជាគោលដៅយុទ្ធសាស្ត្រ ទប់ស្កាត់​ឥទ្ធិពលរបស់ចិននៅក្នុងតំបន់»

លោកបន្តថា មួយទៀត  ការអនុញ្ញាត របស់កម្ពុជា ឱ្យនាវាស្វ័យការពារជប៉ុនចូលចតនេះ គឺបង្ហាញឱ្យឃើញពីតម្លាភាព ចំពោះការចោទប្រកាន់ទាំងឡាយដែលតែងតែអនុញ្ញាតឱ្យចិន ដាក់មូលដ្ឋានយោធានៅសមុទ្ររាម។ បន្ថែមពីនេះក៏កម្ពុជាចង់បង្ហាញពីកិច្ច សហប្រតិបត្តិការ គ្រប់វិស័យសន្តិសុខ និងការពារជាតិ ជាមួយបណ្តាប្រទេសទាំងអស់ មិនថា ប្រទេសចិន និងអាមេរិកនោះទេ ៕

ដោយ៖យុទ្ធ វីរៈ

ads banner