របាយការណ៍៖អ្នកធ្វើការក្នុងវិស័យនេសាទជាងមួយសែននាក់ បានស្លាប់ជារៀងរាល់ឆ្នាំ
អន្តរជាតិ៖មនុស្សជាងមួយសែននាក់បានស្លាប់នៅក្នុងគ្រោះថ្នាក់ទាក់ទងនឹងការនេសាទជារៀងរាល់ឆ្នាំ ។ករណីស្លាប់ទាំងនោះជាច្រើនត្រូវបានលាក់បាំងទៀតផង។ នេះបើយោងតាមរបាយការណ៍ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
របាយការណ៍ការស្រាវជ្រាវដោយមូលនិធិសុវត្ថិភាពត្រី ដែលរៀបចំដោយ Pew Charitable Trustsបាននិយាយថា កត្តាជាច្រើនជាមូលហេតុនាំឱ្យមនុស្សស្លាប់ រួមមានការរំលោភបំពានដោយឈ្មួញនេសាទ ការប្រើប្រាស់ពលកម្មកុមារ ការនេសាទហួសកម្រិត ការប្រែប្រួលអាកាសធាតុ ជម្លោះប្រដាប់អាវុធ និងភាពក្រីក្រ។
ការនេសាទខុសច្បាប់ និងគ្មានការត្រួតពិនិត្យកំពុងកើនឡើង បើទោះបីជាមានការខិតខំប្រឹងប្រែងដើម្បីទប់ស្កាត់ក៏ដោយ។ ព្រោះការនេសាទទឹកជ្រៅ ដែលក្បួននាវានេសាទ ធ្វើដំណើរឆ្លងទ្វីបស្វែងរកចាប់ត្រីនោះក៏មានហានិភ័យខ្ពស់ដែរ។
លោក Peter Horn នាយកគម្រោងនៃគម្រោងជលផលរបស់ Pew International បាននិយាយថា ៖« មនុស្សបីពាន់លាននាក់ពឹងផ្អែកលើអាហារសមុទ្រ ហើយតម្រូវការអាហារនោះនឹងកើនឡើង។ដូច្នេះចាំបាច់ត្រូវមានគោលនយោបាយដ៏រឹងមាំជាបន្ទាន់ដើម្បីរក្សាសុវត្ថិភាពអ្នកនេសាទ រួមទាំងអ្នកដែលពាក់ព័ន្ធ»។
លោក Eric Holliday នាយកប្រតិបត្តិនៃ Fish Safety Foundation ដែលជាក្រុមមិនស្វែងរកប្រាក់ចំណេញអន្តរជាតិ បាននិយាយថា៖ «នាវានេសាទជារឿយៗមិនរាយការណ៍អំពីការស្លាប់ក្នុងពេលនេសាទដោយបិទបាំងការពិតនៃគ្រោះថ្នាក់និងធ្វើឱ្យមានការលំបាសម្រាប់ រដ្ឋាភិបាលក្នុងការរៀបចំគោលនយោបាយប្រកបដោយប្រសិទ្ធភាព ដើម្បីកែលម្អសុវត្ថិភាព ព្រមទាំងលើកកម្ពស់ការនេសាទប្រកបដោយសុវត្ថិភាព»។
របាយការណ៍បាននិយាយថា ការនេសាទបែបប្រពៃណី និងឯកជន កាន់តែប្រថុយប្រថាន ពីព្រោះអ្នកនេសាទត្រូវតែធ្វើដំណើរឆ្ងាយជាងមុន នៅពេលដែលផលនេសាទកាន់តែធ្លាក់ចុះ ពួកអ្នកនេសាទត្រូវទៅកាន់សមុទ្រឆ្ងាយៗទើបអាចរកត្រីបានហើយនេះក៏មកពីការប្រែប្រួលអាកាសធាតុផង។
ទន្ទឹមនឹងនេះ រដ្ឋាភិបាលជាច្រើនបានកាត់បន្ថយការល្បាត និងបេសកកម្មស្វែងរក និងជួយសង្គ្រោះ ដោយសារតែ ថ្លៃប្រេងឥន្ធនៈឡើងថ្លៃ ប្រទេសក្រីក្រខ្លះក៏មិនមានក្រុមសង្គ្រោះដែលមានលទ្ធភាពសង្គ្រោះនៅក្នុងសមុទ្រផង។
អ្នកនិពន្ធនៃរបាយការណ៍បានចងក្រងការប៉ាន់ប្រមាណមរណភាពនៃអ្នកនេសាទ នេះ ដោយផ្អែកលើទិន្នន័យ ជាសាធារណៈ ដោយយោងជាមួយរបាយការណ៍សារព័ត៌មាន ប្រព័ន្ធផ្សព្វផ្សាយសង្គម និងការពិភាក្សាជាមួយមន្ត្រីរដ្ឋាភិបាល និងអ្នកដទៃ។
ទោះយ៉ាងណាទិន្នន័យភាគច្រើនត្រូវបានចងក្រងក្នុងទសវត្សរ៍ឆ្នាំ១៩៩០ហើយត្រូវការធ្វើបច្ចុប្បន្នភាព។ យោងតាមការប៉ាន់ប្រមាណទាំងនោះ ដែលផ្អែកលើទិន្នន័យឧស្សាហកម្ម និងអង្គការសហប្រជាជាតិ អត្រាស្លាប់ខ្ពស់បំផុតគឺនៅក្នុងនេសាទអាហ្វ្រិក និងកោះប៉ាស៊ីហ្វិក។ របាយការណ៍បង្ហាញដែរថាប្រទេសនៅក្នុងតំបន់អ៊ឺរ៉ុបក៏មានករណីស្លាប់នេះដែរ។ ប្រទេសហ្វាំងឡង់មានអ្នកនេសាទស្លាប់ប្រមាណចាប់ពី២០៧នាក់ក្នុងចំណោម១០០.០០០នាក់ដែលបានស្លាប់ ខណៈដែលប៉ូឡូញមានមនុស្សតិចជាងប្រាំមួយនាក់ដែលបានស្លាប់ក្នុងចំណោម ១០០.០០០នាក់ ។
ចំណែកឯនៅលើបឹង Victoria ក្នុងទ្វីបអាហ្រ្វិក មានមនុស្សចន្លោះពី១.៨០០-៥.០០០ នាក់ត្រូវបានប៉ាន់ប្រមាណថា នឹងស្លាប់ជារៀងរាល់ឆ្នាំ។
របាយការណ៍នេះបានដកស្រង់សម្តីលោក Godfrey Kiwanda អតីតរដ្ឋមន្ត្រីក្រសួងទេសចរណ៍ក្នុងប្រទេស Uganda ដោយនិយាយថា ចំនួននេះអាចកើនឡើងច្រើន ក្នុងនោះករណីមនុស្សស្លាប់ជាច្រើនបានកើតឡើងនៅក្នុងតំបន់ដាច់ស្រយាល ហើយមិនត្រូវបានរាយការណ៍ជាផ្លូវការ។
របាយការណ៍បាននិយាយថា គ្រោះថ្នាក់មួយទៀតដែលគេមិនអើពើគឺជំងឺបាក់ទឹកចិត្តក្នុងចំណោមអ្នកមុជទឹកដែលត្រូវបង្ខំឱ្យមុជទឹកជ្រៅម្តងហើយម្តងទៀត ជាបញ្ហាទូទៅក្នុងការប្រមូលផលបង្កង ឈ្លើងសមុទ្រជាដើម។
ក្នុងចំណោមឧស្សាហកម្មនេសាទដែលគ្រោះថ្នាក់បំផុត គឺនេសាទក្បូនក្នុងប្រទេសមីយ៉ាន់ម៉ា។បុរសរាប់ពាន់នាក់ត្រូវបានជ្រើសរើសជារៀងរាល់ឆ្នាំ ដោយបានបង់ប្រាក់ប្រហែល ៤៥០ដុល្លារជាមុន ដើម្បីស្នាក់នៅពីរបីខែនៅលើក្បូនឬស្សីតូចៗ នៅក្នុងសមុទ្រដែលមានចម្ងាយ រហូតដល់១០០គីឡូម៉ែត្រពីឆ្នេរ។ ពួកគេធ្វើការជាក្រុមតូចៗ ពួកគេចាប់ត្រី និងបង្គាដោយប្រើបង់សំណាញ់ ដោយទទួលរងនូវការខ្វះខាតទឹកសាប និងអាហារ ជាញឹកញាប់។
របាយការណ៍បាននិយាយទៀតថា អ្នកនេសាទទាំងនោះកើតដំបៅបណ្ដាលមកពីខ្វះវីតាមីនបេ ជំងឺរបេង និងសរសៃឈាមអាក់ទែរជាដើម៕
ដោយ៖វណ្ណស័ក្ដិ