ទំនាក់ទំនង កម្ពុជា- វៀតណាម បន្តអភិវឌ្ឍន៍លើគ្រប់វិស័យ តាមរយៈ” វេទិកាធុរៈកិច្ច កម្ពុជា-វៀតណាម ក្នុងតំបន់ភូមិភាគពាយ័ព្យ នៃកម្ពុជា”
ខេត្តបាត់ដំបង ៖ ថ្លែងក្នុងវេទិកាធុរៈកិច្ច វៀតណាម-កម្ពុជា នៅតំបន់ភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា នៅព្រឹកថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០២២ លោក ង្វៀនថាញ់វ៉ាន់ អគ្គកុងស៊ុលវៀតណាមប្រចាំខេត្តបាត់ដំបង បានគូសបញ្ជាក់ថា៖ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បើទោះបីប្រទេសជាតិយើងទាំង២ បានប្រឈមមុខនឹងការលំបាក និងបញ្ហាជាច្រើន ជាពិសេសការផ្ទុះឡើងជាសកលនៃជំងឺរាតត្បាតកូវីដ-19ក៏ដោយ ក៏ទំនាក់ទំនងរវាងវៀតណាម-កម្ពុជា បាននិងកំពុងតែបន្តនូវការអភិវឌ្ឍលើគ្រប់វិស័យ ដែលបាននាំមកនូវផលប្រយោជន៍សម្រាប់ភាគីទាំងពីរសងខាង និងប្រជាជនយើងទាំង២។ ជាក់ស្ដែងសម្រាប់ប្រជាជននៃប្រទេសទាំងពីរ រួមទាំងខេត្តចំនួន៧ នៅក្នុងតំបន់ភូមិភាគពាយ័ព្យ នៃ ប្រទេសកម្ពុជា។
លោកអគ្គកុងស៊ុល បានបន្ថែមថា៖បណ្តាខេត្តភូមិភាគពាយ័ព្យនៃប្រទេសកម្ពុជា គឺមានស្កតានុពលសេដ្ឋកិច្ចចំណុចខ្លាំងចំនួនបី៖ ទី១.គឺវិស័យកសិកម្មដោយសារមានវិសាលភាពផ្ទៃដីធំទូលាយ ដីមានជីរជាតិនិងសម្បូរណ៍ព្រៃឈើធំទូលំទូលាយ។ទី២. គឺវិស័យទេសចរណ៍ ព្រោះបណ្តាខេត្តទាំងនេះមានតំបន់ទេសចរណ៍ល្បីៗនៅលើពិភពលោកជាច្រើនកន្លែង ជាពិសេស ដូចជា៖តំបន់បេតិកភណ្ឌអង្គរ និងប្រាសាទព្រះវិហារ ជាដើម។ល។ទី៣.គឺវិស័យពាណិជ្ជកម្ម និងមានច្រកទ្វារអន្តរជាតិ ជាច្រើនតាមបណ្តាខេត្ត ជាប់ជាមួយប្រទេសថៃ។
ឯកឧត្តម សុខ លូ អភិបាលខេត្តបាត់ដំបង ក៏បានថ្លែងនូវការវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក្នុងពង្រឹងនូវកិច្ចសហប្រតិបត្តិការដ៏ល្អនិងការរក្សានូវចំណងមិត្តភាព សាមគ្គីភាព រវាងប្រទេសទាំង និងក្នុងនាមជាប្រទេសភូមិផងរបងជិតខាងគ្នា ដែលត្រូវបានរក្សានិងបន្តកិច្ចសហការល្អជាមួយគ្នាឲ្យកាន់តែជិតស្និទ្ធនិងប្រកបដោយមនោសញ្ចេតនាជ្រាលជ្រៅទាំងផ្នែកនយោបាយ ការទូត ក៏ដូចជា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ដែលភាគីទាំង២ បាននិងកំពុងតែយកចិត្តទុកដាក់ក្នុងការពង្រឹងនិងពង្រីកនូវចំណងសម្ព័ន្ធមេត្រីភាពរវាងខេត្ត ក្រុង នៃប្រទេសទាំងពីរ(កម្ពុជា-វៀតណាម)។
សូមបញ្ជាក់ថា៖ “វេទិកាធុរកិច្ចវៀតណាម-កម្ពុជានៅតំបន់ភូមិភាគពាយ័ព្យ”នេះបានរៀបចំឡើងដោយស្ថានអគ្គកុងស៊ុលនៃសាធារណរដ្ឋសង្គមនិយមវៀតណាមប្រចាំខេត្តបាត់ដំបង ដោយមានការអញ្ជើញចូលរួមពីតំណាងមកពីខេត្តចំនួន៧ក្នុងនោះមានខេត្តបាត់ដំបង,ប៉ៃលិន,ពោធិ៍សាត់,បន្ទាយមានជ័យ,ឧត្តរមានជ័យ, ព្រះវិហារ និងខេត្តសៀមរាប ព្រមទាំងក្រុមហ៊ុនមកពីខេត្ភភាគពាយ័ព្យ និងបណ្តាក្រុមហ៊ុនប្រទេសវៀតណាមនិងមកពីខេត្តដុងថាប់ផងដែរ៕ ( អត្ថបទ-រូបភាព៖ អ៊ុក សំអាន បប )



