តុលាការមីយ៉ាន់ម៉ា កាត់ទោសអតីតសមាជិកសភាម្នាក់ឱ្យជាប់ពន្ធនាគារ១៧៣ ឆ្នាំ

មីយ៉ាន់ម៉ា៖តុលាការ​​​មីយ៉ាន់ម៉ា​​បាន​កាត់​ទោស​ដាក់​ពន្ធនាគារ​​​​រយៈ​ពេល​១៤៨ឆ្នាំ​លើ​​អតីត​សមាជិក​សភា​ម្នាក់​ ​មក​ពី​គណបក្ស​សម្ព័ន្ធ​ជាតិ​ដើម្បី​ប្រជាធិបតេយ្យ​មីយ៉ាន់ម៉ា​ (NLD) ​ដែល​ធ្វើ​ឱ្យ​អតីត​អ្នក​នយោបាយ​រូប​នោះ​ត្រូវ​ជាប់​គុក​ ១៧៣ ឆ្នាំ​ បើ​​សរុប​ទាំង​ការ​កាត់​ទោស​លើក​មុន​។

​ក្នុង​សាល​ក្រម​កាល​ពី​ថ្ងៃ​ចន្ទ​ លោក​ Win Myint Hlaing វ័យ​ ៥២​ ឆ្នាំ​ បាន​រង​ការ​កាត់​ទោស​​លើ​ការ​ចោទ​ប្រកាន់​​ពី​បទ​ភេរវកម្ម​ ​និង​​ក្លាយ​ជាសមាជិក​​​រដ្ឋាភិបាលរបស់​​លោក​ស្រី​ អ៊ុងសាន​ ស៊ូជី​ ដែល​ជាប់​គុក​រយៈ​ពេល​វែង​បំផុត​។

​​តុលាការ​នៅ​ស្រុក​ Magway ដែល​ស្ថិត​នៅ​ចម្ងាយ​ប្រហែល​ ៤៨០ គីឡូម៉ែត្រ​​ភាគ​ខាង​ជើង​នៃ​ក្រុង​ពាណិជ្ជកម្ម​យ៉ាងហ្គូន​ បាន​រក​ឃើញ​ថា​ លោក​ Win Myint Hlaing ​មាន​ពិរុទ្ធ​ចំនួន​ប្រាំបី​​ករណី​ ​ក្រោម​ច្បាប់​ប្រឆាំង​ភេរវកម្ម​។ នេះ​បើ​យោង​តាមការ​ចុះ​ផ្សាយកាល​ពី​ថ្ងៃ​ពុធ​ទី​ ២ ខែ​វិច្ឆិកា​ ​របស់​ទីភ្នាក់​ងារ​សារព័ត៌មាន​ Association Press ដែល​ស្រង់​សម្ដី​​​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​​​ដឹងពី​​ការ​កាត់​ទោស​នេះ​។

ប្រភព​ដដែល​បាន​​និយាយ​​ថា​ ​លោក​ Win Myint Hlain ​ត្រូវ​បាន​កាត់​ទោស​​ប៉ុន្មាន​ដង​រួច​​ហើយ​​ កាល​ពី​ខែ​មីនា ​មេសា ​និង​ខែ​មិថុនា​ ពី​បទ​ញុះញង់​ និង​អំពើ​ភេរវកម្ម​ ដោយ​លោក​ត្រូវ​ទទួល​ទោស​ចំនួន​ ២៥ ឆ្នាំ​ជា​សរុប​។ ​​ប្រភព​បន្ថែម​ថា រឿង​​ហេតុ​​មួយ​ចំនួន​ដែល​លោក​ Win Myint Hlain ​ត្រូវ​បាន​កាត់​ទោស​កាល​ពី​ពេល​ថ្មី​ៗ​នេះ​ បាន​កើត​ឡើង​នៅ​ពេល​ដែល​លោក​ជាប់​គុក​រួច​ស្រាប់​ទៅ​ហើយ​។ ​

បើ​តាម​ធម្មតា​ការ​កាត់​ក្តី​នយោបាយ​នៅ​​មីយ៉ាន់ម៉ា​ ធ្វើ​ឡើង​ដោយ​បិទ​មិន​ឱ្យ​​​សាធារណជន​ដឹង​ ដូច្នេះ​ វា​ពិបាក​ក្នុង​ការ​ដឹង​ថា​មាន​ភស្តុតាង​អ្វី​ខ្លះ​ ដែល​តុលារ​ការ​​​ប្រើ​​ប្រាស់​ដើម្បី​កាត់​ទោស​ជន​សង្ស័យ។  ​

សូម​បញ្ជាក់​ថា​ លោក​ Win Myint Hlain ​ត្រូវ​បាន​បោះឆ្នោត​ជ្រើស​រើស​ជា​តំណាង​រាស្រ្ត​ក្នុង​តំប​ន់ Magway នៅ​ឆ្នាំ​ ២០១៥​​។​ លោក​មិន​បាន​ចូល​រួម​ក្នុង​ការ​បោះឆ្នោត​ឆ្នាំ​ ២០២០​ ទេ​ ប៉ុន្តែ​​បាន​ចូល​រួម​ក្នុង​ការ​តវ៉ា​ប្រឆាំង​នឹង​យោធា​ មុន​ពេល​​ត្រូវ​ក្រុមយោធា​ចាប់​ខ្លួន​នៅ​ទីក្រុង​ Yaksawk ​ក្នុង​រដ្ឋ​ Shan ​ភាគ​ខាង​កើត​ប្រទេស​នៅ​ខែ​​វិច្ឆិកា​​ ២០២១​។ 

បញ្ហា​នយោបាយ​ និង​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​មីយ៉ាន់ម៉ា​ កាន់​តែ​ធ្លាក់​ចុះ​ទៅ​ៗ​បន្ទាប់​ពី​ក្រុម​យោធា​ធ្វើ​រដ្ឋ​ប្រហារ​​​ទម្លាក់​​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​របស់​លោក​ស្រី​ អ៊ុងសាន ស៊ូជី​ ដែល​ត្រូវ​តុលាការ​កាត់​ទោស​ឱ្យ​ជាប់​គុក​ ២៦ ឆ្នាំ​។

កាល​ពី​ខែ​កក្កដា​ មេ​ដឹក​នាំ​​យោធា​​មីយ៉ាន់ម៉ា​ ​បាន​​ប្រហារ​ជីវិត​​សកម្មជន​​នយោបាយ​​​គាំ​ទ្រ​លទ្ធិ​ប្រជាធិបតេយ្យ​​ ៤ ​នាក់​ ដោយ​​កាត់​ទោស​ក្រោម​បទ​​ចោទ​​ប្រកាន់​​អំពើ​​ភេរវកម្ម​ ​និង​ធ្វើ​​សកម្មភាព​​ប្រឆាំង​​នឹង​​រដ្ឋ​ប្រហារ​របស់​ខ្លួន​។ ការ​ប្រហារ​ជីវីតនេះ​ រួម​ទាំង​ការ​ចាប់​ខ្លួន ក៏​ដូច​ជា​ការ​វាយ​ប្រហារ​យោធា​លើ​​ក្រុម​ប្រឆាំង​ ដែលបន្ត​​សម្លាប់​ជនស៊ីវិល​រាប់​ពាន់​​នាក់​ បាន​រង​នូវ​ការ​ថ្កោល​ទោស​យ៉ាង​ខ្លាំង​ពី​សហគមន៍​អន្តរជាតិ​ ក៏​ដូច​ជាក្រុម​​អង្គការ​សិទ្ធិ​មនុស្ស៕

ដោយ៖ហួន ឌីណា

ads banner