អារ៉ាប៊ីសាអូឌីតប្រាប់អាមេរិកថា អ៊ីរ៉ង់អាចនឹងធ្វើការវាយប្រហារមកលើប្រទេសខ្លួន
អារ៉ាប៊ីសាអូឌីត៖មន្ត្រីអាមេរិកបីនាក់បាននិយាយថាប្រទេសអារ៉ាប៊ីសាអូឌីតបានចែករំលែកព័ត៌មានសម្ងាត់ជាមួយក្រុមមន្ត្រីអាមេរិក ដែលបានបង្ហាញថា អ៊ីរ៉ង់អាចនឹងកំពុងរៀបចំខ្លួនក្នុងការវាយប្រហារទៅលើព្រះរាជាណាចក្រមួយនេះ។
ការព្រួយបារម្ភកាន់តែខ្លាំងឡើងអំពីការវាយប្រហារលើប្រទេសអារ៉ាប៊ីសាអូឌីត បានកើតឡើងនៅពេលដែលរដ្ឋបាលលោក ចូ បៃដិន កំពុងរិះគន់ទីក្រុង តេហេរ៉ង់ ចំពោះការបង្រ្កាបលើការបាតុករតវ៉ានៅក្នុងប្រទេស និងថ្កោលទោសចំពោះការបញ្ជូនយន្តហោះគ្មានមនុស្សបើករាប់រយគ្រឿង ក៏ដូចជាជំនួយបច្ចេកទេសទៅកាន់ប្រទេសរុស្ស៊ី សម្រាប់ប្រើប្រាស់ក្នុងសង្គ្រាមនៅអ៊ុយក្រែន។
ក្រុមប្រឹក្សាសន្តិសុខជាតិអាមេរិកបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «យើងមានការព្រួយបារម្ភអំពីរូបភាពគំរាមកំហែង ហើយយើងនៅតែបន្តទាក់ទងគ្នាតាមរយៈបណ្តាញយោធា និងចារកម្មជាមួយអារ៉ាប៊ីសាអូឌីតជានិច្ច។ យើងនឹងមិនស្ទាក់ស្ទើរក្នុងការបញ្ចេញសកម្មភាពការពារផលប្រយោជន៍របស់យើង និងដៃគូរនៅក្នុងតំបន់នោះឡើយ»។
យ៉ាងណាក៏ដោយ អារ៉ាប៊ីសាអូឌីតមិនបានធ្វើការឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយបន្ថែមនោះទេ។ ដោយឡែក ស្ថានបេសកកម្មការទូតអ៊ីរ៉ង់ប្រចាំនៅអង្គការសហប្រជាជាតិបានប្រាប់សារព័ត៌មាន The Associated Press កាលពីថ្ងៃពុធថា ការអះអាងរបស់សហរដ្ឋអាមេរិកគ្មានមូលដ្ឋានច្បាស់លាស់នោះទេ។ ស្ថានបេសកកម្មដដែលនេះបានបន្តថា៖ «របបលោកខាងលិច និងពួកហ្សីយ៉ូននិយម បានផ្សព្វផ្សាយព័ត៌មានលំអៀង ក្នុងគោលបំណងបង្កើតផ្នត់គំនិតអវិជ្ជមានចំពោះសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ និងបំផ្លាញនិន្នាការវិជ្ជមានបច្ចុប្បន្នជាមួយបណ្តាប្រទេសក្នុងតំបន់»។
មន្ត្រីម្នាក់ក្នុងចំណោមមន្ត្រីដែលទទួលបានព័ត៌មានសម្ងាត់បានពណ៌នាថា វាគឺជាការគំរាមកំហែងវាយប្រហារក្នុងពេលឆាប់ៗនេះ ឬក្នុងរយៈពេល ៤៨ ម៉ោងទៀត។ ទោះជាយ៉ាងណា គេមិនទាន់ឃើញមានស្ថានទូត ឬស្ថានកុងស៊ុលអាមេរិក ជូនដំណឹង ឬណែនាំដល់ជនជាតិអាមេរិកក្នុងប្រទេសអារ៉ាប៊ីសាអូឌីត ឬកន្លែងផ្សេងទៀតនៅមជ្ឈិមបូព៌ា ឱ្យចាកចេញពីប្រទេសនេះនៅឡើយទេ។ លើសពីនេះ មន្ត្រីទាំងបីរូបនោះក៏មិនត្រូវបានអនុញ្ញាតឲ្យធ្វើអត្ថាធិប្បាយជាសាធារណៈឡើយ គឺអាចនិយាយបានក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះប៉ុណ្ណោះ។
ឧត្តមសេនីយ៍ Pat Ryder លេខាធិការព័ត៌មានរបស់មន្ទីរបញ្ចកោណ បាននិយាយថា «មន្ត្រីយោធាអាមេរិកមានការព្រួយបារម្ភអំពីស្ថានភាពគំរាមកំហែងនៅក្នុងតំបន់នេះជាខ្លាំង»។ លោកបន្តថា៖ «យើងកំពុងទាក់ទងជាមួយដៃគូអារ៉ាប៊ីសាអូឌីតរបស់យើង ទាក់ទងនឹងព័ត៌មានដែលពួកគេត្រូវផ្តល់ឱ្យអំពីបញ្ហានេះនាពេលខាងមុខទៀត។ ប៉ុន្តែអ្វីដែលយើងបាននិយាយពីមុន ហើយខ្ញុំនឹងនិយាយឡើងវិញនោះគឺថា យើងនឹងរក្សាសិទ្ធិការពារខ្លួន មិនថាកងកម្លាំងរបស់យើងកំពុងបម្រើការនៅទីណា មិនថានៅក្នុងប្រទេសអ៊ីរ៉ាក់ ឬកន្លែងផ្សេងទៀតនោះទេ»។
អ្នកនាំពាក្យក្រសួងការបរទេសអាមេរិក លោក Ned Price ក៏បានលើកឡើងផងដែរថា «អាមេរិកព្រួយបារម្ភអំពីរូបភាពគំរាមកំហែង» ប៉ុន្តែលោកមិនបានបញ្ជាក់លម្អិតឡើយ។ ដោយឡែក កាសែត The Wall Street Journal ក៏បានរាយការណ៍ជាលើកដំបូងអំពីអារ៉ាប៊ីសាអូឌីតដែលបានចែករំលែកព័ត៌មានស៊ើបការណ៍សម្ងាត់កាលពីថ្ងៃអង្គារ។ ហើយអ៊ីរ៉ង់បានចោទប្រកាន់ដោយមិនបានផ្តល់ភស្តុតាងថា អារ៉ាប៊ីសាអូឌីត និងប្រទេសគូប្រជែងមួយចំនួនទៀត បាននឹងកំពុងញុះញង់ប្រជាជនអ៊ីរ៉ង់ឱ្យធ្វើការតវ៉ានៅតាមដងផ្លូវ។
ការតវ៉ាដោយកំហឹងនេះត្រូវបានផ្សព្វផ្សាយដោយសារព័ត៌មាន Iran International ដែលជាបណ្តាញព័ត៌មានផ្កាយរណបភាសា ហ្វាស៊ី ដែលមានមូលដ្ឋាននៅទីក្រុងឡុងដ៍ ហើយក៏ជាបណ្ដាញព័ត៌មានដែលគ្រប់គ្រងភាគច្រើនដោយជនជាតិអារ៉ាប៊ីសាអូឌីត។
គួររម្លឹកផងដែរថា សហរដ្ឋអាមេរិក និងអារ៉ាប៊ីសាអូឌីតធ្លាប់បានស្តីបន្ទោសឱ្យប្រទេសអ៊ីរ៉ង់កាលពីឆ្នាំ២០១៩ ថាជាអ្នកនៅពីក្រោយការវាយប្រហារដ៏ធំមួយនៅភាគខាងកើតប្រទេសអារ៉ាប៊ីសាអូឌីត។ ហើយបានធ្វើឱ្យមានការកាត់បន្ថយផលិតកម្មប្រេងពាក់កណ្តាល និងបណ្តាលឱ្យតម្លៃថាមពលកើនឡើងយ៉ាងខ្លាំង។ យ៉ាងណាក៏ដោយ អ៊ីរ៉ង់បានបដិសេធថា ពួកគេមិនបាននៅពីក្រោយការវាយប្រហារនេះទេ ប៉ុន្តែយន្តហោះគ្មានមនុស្សបើកផ្ទុកគ្រាប់បែករាងត្រីកោណដូចគ្នាដែលប្រើក្នុងការវាយប្រហារនោះ ឥឡូវនេះត្រូវបានដាក់ពង្រាយដោយកងកម្លាំងរុស្ស៊ីក្នុងសង្គ្រាមនៅអ៊ុយក្រែន។
មិនត្រឹមតែប៉ុណ្ណោះ ប៉ុន្មានឆ្នាំមកនេះ អារ៉ាប៊ីសាអូឌីតក៏រងការវាយប្រហារម្តងហើយម្តងទៀត ដោយយន្តហោះគ្មានមនុស្សបើក គ្រាប់មីស៊ីល និងកាំភ្លើងត្បាល់បាញ់ដោយក្រុមឧទ្ទាម Houthi ដែលគាំទ្រដោយអ៊ីរ៉ង់នៅប្រទេសយេម៉ែន។ ជាការឆ្លើយតប អារ៉ាប៊ីសាអូឌីត បានបង្កើតក្រុមចម្រុះដើម្បីប្រយុទ្ធជាមួយពួក Houthis ក្នុងឆ្នាំ២០១៥ ប៉ុន្តែត្រូវបានសហគមន៍អន្តរជាតិរិះគន់ចំពោះការវាយប្រហារតាមអាកាសនៅក្នុងសង្គ្រាម ដែលបានសម្លាប់ជនស៊ីវិលជាច្រើននាក់។
ប៉ុន្មានសប្តាហ៍ថ្មីៗនេះ រដ្ឋបាលលោក បៃដិន បានដាក់ទណ្ឌកម្មលើមន្ត្រីអ៊ីរ៉ង់ចំពោះការបង្រ្កាបយ៉ាងឃោរឃៅលើបាតុករ ក្រោយពីការស្លាប់របស់កញ្ញា Mahsa Amini អាយុ ២២ ឆ្នាំកាលពីខែកញ្ញា បន្ទាប់ពីការចាប់ខ្លួនរបស់នាងដោយក្រុមប៉ូលីសអ៊ីរ៉ង់។ លើសពីនេះ អាមេរិកក៏បានដាក់ទណ្ឌកម្មអ៊ីរ៉ង់ ចំពោះការផ្គត់ផ្គង់យន្តហោះគ្មានមនុស្សបើកទៅឲ្យរុស្ស៊ីសម្រាប់ប្រើក្នុងសង្រ្គាមនៅអ៊ុយក្រែន។
គួរដឹងផងដែរថា យ៉ាងហោចណាស់មនុស្ស ២៨៨ នាក់ត្រូវបានសម្លាប់ និង ១៤.១៦០ នាក់ត្រូវបានចាប់ខ្លួនក្នុងអំឡុងពេលចេញតវ៉ា នេះបើយោងតាមក្រុមសកម្មជនសិទ្ធិមនុស្សនៅក្នុងប្រទេសអ៊ីរ៉ង់។ បាតុកម្មនៅតែបន្តអូសបន្លាយ ហើយសូម្បីតែឆ្មាំបដិវត្តន៍យោធា ក៏មានការភ័យខ្លាច ហើយបានព្រមានប្រជាជនអ៊ីរ៉ង់ឱ្យបញ្ឈប់ការធ្វើបាតុកម្មទៀតផង។
អ៊ីរ៉ង់បានបើកការវាយប្រហារជាបន្តបន្ទាប់លើទីតាំងនៃតំបន់បំបែកខ្លួនឃើដ (Kurdish) នៅភាគខាងជើងអ៊ីរ៉ាក់ ដោយបានសម្លាប់មនុស្សយ៉ាងហោចណាស់ ១៦ នាក់ក្នុងនោះក៏មានពលរដ្ឋអាមេរិកម្នាក់ទៀតផង។
ទំនាក់ទំនងរបស់សហរដ្ឋអាមេរិកជាមួយអារ៉ាប៊ីសាអូឌីតក៏មានភាពតានតឹងផងដែរ បន្ទាប់ពីសម្ព័ន្ធមិត្តដែលជាប្រទេសផលិតប្រេង (OPEC+) បានប្រកាសកាលពីខែតុលាថា ខ្លួននឹងកាត់បន្ថយការផលិតចំនួន ២ លានបារ៉ែលក្នុងមួយថ្ងៃ ដោយចាប់ផ្តើមនៅក្នុងខែវិច្ឆិកា។
សេតវិមានបានលើកឡើងថា អាមេរិកកំពុងពិនិត្យមើលទំនាក់ទំនងរបស់ខ្លួនជាមួយអារ៉ាប៊ីសាអូឌីត ជុំវិញការផ្លាស់ប្តូរនេះ។ ហើយបានបន្តថា ការកាត់បន្ថយផលិតកម្មប្រេងកំពុងជួយដល់សមាជិក OPEC+ ជាពិសេសគឺប្រទេសរុស្ស៊ី ក្នុងការសន្សំប្រាក់របស់ខ្លួន ខណៈដែលសង្គ្រាមនៅក្នុងប្រទេសអ៊ុយក្រែនកំពុងបន្ត ហើយរហូតមកទល់ពេលនេះ វាបានចូលក្នុងខែទី៩ ហើយចាប់តាំងពីថ្ងៃឈ្លានពានអ៊ុយក្រែន។
អ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិសេតវិមាន លោក John Kirby កាលពីថ្ងៃអង្គារបានរំលឹកឡើងវិញថា «អាមេរិកនៅតែមានការព្រួយបារម្ភថា អ៊ីរ៉ង់អាចផ្តល់ឱ្យរុស្ស៊ីនូវមីស៊ីលបាញ់នៅលើអាកាសផងដែរ»។ លោកបន្តថា៖ «យើងមិនទាន់ឃើញការព្រួយបារម្ភរបស់យើងក្លាយជាការពិតនៅឡើយទេ ប៉ុន្តែវាជាការព្រួយបារម្ភដែលយើងមាន»។
ទោះបីជាសហរដ្ឋអាមេរិក និងប្រទេសផ្សេងទៀតបានលើកឡើងពីការព្រួយបារម្ភអំពីទង្វើរបស់អ៊ីរ៉ង់ក៏ដោយ អាមេរិកក៏មិនបានច្រានចោលនូវលទ្ធភាពនៃការស្តារឡើងវិញនូវកិច្ចព្រមព្រៀងនុយក្លេអ៊ែរអ៊ីរ៉ង់ឆ្នាំ២០១៥ ដែលត្រូវបានសម្របសម្រួលក្រោមរដ្ឋបាលលោក បារ៉ាក់ អូបាម៉ា និងបានលុបចោលនៅឆ្នាំ២០១៨ ក្រោមរដ្ឋបាលលោក ដូណាល់ ត្រាំ ។
បេសកជនពិសេសរបស់សហរដ្ឋអាមេរិកប្រចាំនៅអ៊ីរ៉ង់ លោក Robert Malley បាននិយាយកាលពីថ្ងៃចន្ទថា «រដ្ឋបាលបច្ចុប្បន្នមិនបានផ្តោតលើកិច្ចព្រមព្រៀងនោះទេ ដែលវាបានជាប់គាំងតាំងពីខែសីហា មកម្លេះ»។ យ៉ាងណាក៏ដោយ បេសកជនពិសេសរូបនេះ បានបដិសេធក្នុងការប្រកាសថាកិច្ចព្រមព្រៀងនេះបានរលត់បាត់ហើយ ដោយបានលើកឡើងថា «អាមេរិកនឹងមិនសុំទោសដាច់ខាត ក៏ព្រោះតែខ្លួនបានព្យាយាមធ្វើអ្វីគ្រប់យ៉ាងដែលអាចធ្វើបាន ដើម្បីការពារអ៊ីរ៉ង់ពីការទទួលបាននូវអាវុធនុយក្លេអ៊ែរ»។
គួរដឹងដែរថា កិច្ចព្រមព្រៀងនេះបានផ្តល់ឱ្យទីក្រុង តេហេរ៉ង់ នូវទឹកប្រាក់រាប់ពាន់លានដុល្លារក្នុងការបន្ធូរបន្ថយទណ្ឌកម្ម ជាថ្នូរនឹងការយល់ព្រមលុបចោលកម្មវិធីនុយក្លេអ៊ែររបស់ខ្លួ ក្នុងនោះរួមមានការកំណត់ចំនួនសម្ភារៈដែលអ៊ីរ៉ង់អាចស្តុកទុក និងកំណត់បរិមាណប្រតិបត្តិការនៃម៉ាស៊ីនកម្រិតខ្ពស់ជាដើម៕
ដោយ៖ធា សុខណា