ចូបៃដិន ថាការបោះឆ្នោតពាក់កណ្ដាលអាណត្តិជាពេលកំណត់ប្រជាធិបតេយ្យអាមេរិក

អាមេរិក៖ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក​ ចូ បៃដិន​ បាន​ថ្លែង​កាល​ពី​ថ្ងៃ​ពុធ​ទី​២ ខែ​វិច្ឆិកា​ នេះ​ថា​ ការ​បោះ​ឆ្នោត​ពាក់​កណ្តាល​អាណត្តិ​ គឺ​ជា​​ពេល​វេលា​កំណត់​​សម្រាប់​លទ្ធិ​ប្រជាធិបតេយ្យ​របស់​អាមេរិក​ ខណៈ​ដែល​ការ​គំរាម​កំហែង​នៃ​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ និង​ការ​បំភិត​បំភ័យ​អ្នក​បោះឆ្នោត​ បាន​កើត​មាន​ឡើង​ជុំ​វិញ​ការ​បោះឆ្នោត​ដែល​នឹង​ប្រព្រឹត្ត​ទៅនៅ​សប្ដាហ៍​ក្រោយ​។

​ក្នុង​ពេល​ជា​មួយ​គ្នា​នោះ​ លោក​ បៃដិន​ បាន​ហៅ​អ្នក​​ដែល​ប្រឆាំង​នឹង​លទ្ធផល​​បោះ​ឆ្នោតកាល​ពី​ឆ្នាំ​ ២០២០​​ ​​ថា​ជា​ការ​គំរាម​កំហែង​​​​ចំពោះ​លទ្ធិ​ប្រជាធិបតេយ្យ​ ដោយ​ភ្ជាប់​ការ​បះបោរ​នៅ​វិមាន​កូពីតូល​​​​​​ថ្ងៃ​​ទី​ ០៦ ខែ​មករា ​​ទៅ​នឹង​ការ​វាយ​ប្រហារ​កាល​ពី​សប្តាហ៍​មុន​ ទៅ​លើ​លោក​ ប៉ូល ប៉េឡូស៊ី​ ​ដែល​ជា​​ប្ដី​របស់​លោក​ស្រី​ប្រធាន​​សភា​ ណាន់ស៊ី​ ប៉េឡូស៊ី​។ ​

លោក​​ប្រធានាធិបតី​ បៃដិន​ ថ្លែង​​យ៉ាង​ដូច្នេះ​ថា​៖ ​«​​យើង​ត្រូវ​តែ​ឈរ​ជាមួយ​នឹង​សំឡេង​ដ៏​លើស​លប់​ប្រឆាំង​នឹង​អំពើ​ហិង្សា​ផ្នែក​នយោបាយ​ និង​ការ​បំភិត​បំភ័យ​អ្នក​បោះឆ្នោត​។​ ​សូម​ក្រោក​ឈរ​ឡើង​ ហើយ​និយាយ​ប្រឆាំង​នឹង​​បញ្ហា​នេះ​»​។ លោក​បន្ត​ថា​៖ ​«​យើង​មិន​ដោះស្រាយ​ភាព​ខុស​គ្នា​របស់​យើង​នៅ​អាមេរិក​ជាមួយ​នឹងការ​​ប្រមូល​ផ្ដុំ​ហ្វូង​មនុស្ស​ ឬការ​​ប្រើ​គ្រាប់​កាំភ្លើង​ ឬ​ញញួរ​នោះ​ទេ​។​ យើង​​ដោះស្រាយ​​​​ដោយ​​សន្តិវិធី​​នៅ​​ប្រអប់​​ឆ្នោត​។​ យើង​ត្រូវ​តែ​ស្មោះត្រង់​ជាមួយ​ខ្លួន​យើង​។​ យើង​ត្រូវ​ប្រឈម​មុខ​នឹង​បញ្ហា​នេះ​ ហើយ​មិន​អាច​ងាក​ចេញ​ពី​វា​បាន​ទេ​។​ យើង​​មិន​​អាច​​ធ្វើ​​ពុត​​ថា​ ​ថា​វា​នឹង​ដោះ​ស្រាយ​ដោយ​​ឯងៗ​​បាន​នោះ​ទេ​»។

គួរ​បញ្ជាក់​ថា​​សុន្ទរកថា​របស់​លោក ​បៃដិន​ លើក​នេះ​ គឺ​ជា​ការ​បន្ទ​បន្ថែម​ពី​លើ​អ្វី​ដែល​លោក​បាន​ព្រមាន​នា​ពេល​កន្លង​មក​​ អំពី​ការ​គំរាម​កំហែង​ដែល​បង្ក​ឡើង​ដោយ​អ្នក​ដែល​ផ្សព្វផ្សាយ​ព័ត៌មាន​មិន​ពិត​អំពី​សុពលភាព​នៃ​ការ​បោះឆ្នោត​ឆ្នាំ​២០២០​​និង​​អំណះ​អំណាង​របស់​លោក​ដែល​ថា​​​អ្នក​គាំទ្រ​គណបក្ស​សាធារណរដ្ឋ​ជាច្រើន​របស់​អតីត​ប្រធានាធិបតី​ ដូណាក់​ ត្រាំ​ កំពុង​លើកជំរុញ ​ភាព​ជ្រុល​និយម​។  ​

លោក​ បៃដិន​ ថ្លែង​យ៉ាង​ដូច្នេះទៀត​​ថា​៖ «​​យើង​កំពុង​ប្រឈម​មុខ​នឹង​ពេល​វេលា​កំណត់​ ​​យើង​ត្រូវ​តែ​​ប្រើ​សំឡេង​បង្រួប​បង្រួម​ដ៏​លើស​លប់​មួយ​ ​ក្នុង​នាម​ជា​ប្រទេស​មួយ​ ហើយ​​និយាយ​ប្រ​ឆាំង​នឹង​ការ​​បំភិត​បំភ័យ​អ្នក​បោះឆ្នោត ​ឬ​អំពើ​ហិង្សា​នយោបាយ​នៅ​អាមេរិក​ មិន​ថា​វា​សំដៅ​ទៅ​លើ​គណបក្ស​ប្រជាធិបតេយ្យ​ ឬ​គណបក្ស​សាធារណ​រដ្ឋ​នោះ​ទេ​»​។

ទោះ​​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ស្រី​ ​Taylor Budowich ​អ្នក​នាំ​ពាក្យ​របស់​​លោក​ ត្រាំ​ ​បាន​​ប្រតិកម្ម​នឹង​ការ​លើក​ឡើង​បែប​នេះ​ ដោយ​​​អះ​អាង​ថា​៖ «​គោល​នយោបាយ​របស់​ លោក​ បៃដិន​ កំពុង​​បំផ្លាញ​អាមេរិក​ ហើយ​សកម្មភាព​របស់​​លោក​ កំពុង​ធ្វើ​ឱ្យ​ប្រទេស​របស់​យើង​បែក​បាក់​គ្នា​ជាង​អ្វី​ដែល​យើង​ធ្លាប់​មាន​»​។

យ៉ាង​ណា​មិញ​ លោក បៃដិន​ ដែល​ថា​ការ​​បោះ​ឆ្នោត​ពាក់​កណ្ដាល​អាណត្តិ​មាន​​​​សារៈ​​សំខាន់​ ​ក្នុង​​ការ​​រក្សា​​តម្លៃ​​លទ្ធិ​ប្រជាធិបតេយ្យ​​របស់​​ប្រទេស​​ក្នុង​​រយៈ​​ពេល​​វែង​ នោះ​ បាន​ថ្លែង​ថា​​៖ «​​​លទ្ធិ​ប្រជាធិបតេយ្យ​​អាមេរិក​ ​​កំពុង​រង​ការ​វាយ​ប្រហារ​ ដោយ​សារ​តែ​អតីត​ប្រធានាធិបតី​អាមេរិក​ ដែល​ចាញ់​ឆ្នោត​ បាន​បដិសេធ​មិន​ទទួល​យក​លទ្ធផល​នៃ​ការ​បោះឆ្នោត​ឆ្នាំ​ ២០២០​ ​ដែល​ស្មើ​នឹង​ការ​បដិសេធ​មិន​ទទួល​យក​ឆន្ទៈ​របស់​ប្រជាជន។ លោក​​(ត្រាំ​)​បដិសេធ​មិន​ទទួល​យក​ការ​ពិត​ដែល​លោក​​ចាញ់​ ​ដោយ​​ដាក់​​ភក្ដីភាព​​ចំពោះ​​ខ្លួន​​​ឯង​​​មុន​​​​រដ្ឋធម្មនុញ្ញ​»។​

ឆ្លើយ​​តប​នឹង​ការ​លើក​ឡើង​បែប​នេះ​ មន្រ្តី​បក្ស​សារធារណរដ្ឋ​បាន​លើក​​ឡើង​ថា​ លោក​ បៃដិន​ កំពុង​ត្រដាប​ដ្រដួល​ក្នុង​ការ​ផ្លាស់​ប្ដូរ​ការ​ចាប់​​អារម្មណ៍​ពី​​អតិផរណា​ ឧក្រិដ្ឋកម្ម​ និង​ព្រំដែន​បើក​ចំហ​ ហើយ​​ឥឡូវ​នេះ ​​អះ​អាង​ថា​ លទ្ធិ​ប្រជាធិបតេយ្យ​ដំណើរការ​បាន​ លុះ​ត្រា​តែ​គណបក្ស​របស់​ខ្លួន​ឯង​​ឈ្នះ៕

ដោយ៖ហួន ឌីណា

ads banner