សម្តេចក្រឡាហោម ស ខេង៖ ទៅថ្ងៃមុខ មុននឹងឱ្យចូលធ្វើការត្រូវធ្វើតេស្តរកសារធាតុញៀនសិន
ភ្នំពេញ៖ឧបនាយករដ្ឋមន្ត្រីនិងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ សម្តេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថាទៅថ្ងៃមុខទាំងស្ថាប័នរដ្ឋនិងឯកជននឹងត្រូវធ្វើតេស្តរកសារធាតុញៀនជាមុនសិនមុនឱ្យចូលធ្វើការ។សម្តេចក្រឡាហោម ស ខេង បានលើកឡើងបែបនេះក្នុងឱកាស អញ្ជើញជាអធិបតីក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារសិក្សា នៃវិទ្យាល័យសម្ដេចតេជោ ហ៊ុន សែន ភ្នំសំពៅ ខេត្តបាត់ដំបង កាលពីព្រឹកថ្ងៃទី២ ខែវិច្ឆិកាឆ្នាំ២០២២។
សម្តេចក្រឡាហោម ស ខេង គូសបញ្ជាក់ថា៖« ទៅថ្ងៃអនាគតសម្រាប់បុគ្គលិកធ្វើការ មិនថាអ្នកធ្វើការឱ្យស្ថាប័នរដ្ឋស្ថាប័នឯកជនពោលគឺមិនថាអ្នកបើកឡានឱ្យក្រុមហ៊ុនឯកជន បុគ្គលិកម្រើការឱ្យភោជនីយដ្ឋាន តាមរង្គសាល សណ្ឋាគារ អ្នកបម្រើការជាមន្រ្តីរាជការ មន្រ្តីនគរបាល ធ្វើប៉ូលីស គ្រូបង្រៀន និងបុគ្គលិកធ្វើការគ្រប់វិស័យទាំងអស់ គឺត្រូវតែទាមទារឱ្យធ្វើតេស្តរកសារធាតុញៀនទាំងអស់ ហើយបើតេស្តឃើញ គឺដាច់ខាត់មិនត្រូវឱ្យចូលធ្វើការទេ»។
រដ្ឋមន្ត្រីរូបនេះក៏បង្ហាញចេតនាក្នុងការធ្វើវិសោធនកម្មច្បាប់ចរាចរណ៍ដោយបញ្ចូលខនិយាយពីគ្រឿងញៀង ព្រមទាំង ក៏គ្រោងស្នើទៅឯកឧត្តម កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ធ្វើការពិនិត្យ ដើម្បីបញ្ចូលក្នុងច្បាប់វិសោធនកម្មគ្រឿងញៀនផងដែរ ខណៈការអនុវត្តច្បាប់នេះ អាចនឹងតម្រូវឱ្យធ្វើតេស្តរយៈពេលបីខែ ឬក៏ប្រាំមួយខែម្ដង ។
ទាក់ទិននឹងការតម្រូវធ្វើតេស្តរកសារធាតុញៀនមុនឱ្យចូលធ្វើការនេះដែរលោក អំ សំអាត នាយកទទួលបន្ទុកកិច្ចការទូទៅនៃអង្គការលីកាដូយល់ឃើញថា៖«ការលើកឡើងនេះ គឺជារឿងល្អម្យ៉ាងដែរ ប៉ុន្តែចំណុចនេះក៏អាចប៉ះពាល់និងសិទ្ធិបុគ្គលដែរ ។ ប៉ុន្តែសម្រាប់បុគ្គលដែលមិនបានប្រើប្រាស់សារធាតុញៀន ហើយត្រូវធ្វើតេស្តមុនចូលធ្វើការ គឺប្រាកដជាអាចប៉ះពាល់ដល់សិទ្ធិបុគ្គលនោះ ចឹងចំណុចនេះវាមានទាំងវិជ្ជមាន និងអវិជ្ជមាន»។
លោកថា មុននឹងសម្រេចបញ្ចូលចំណុចនេះទៅក្នុងច្បាប់ គឺចាំបាច់ត្រូវមានវិធានការឱ្យបានច្បាស់លាស់សិន ព្រមទាំងប្រមូលធាតុចូលពីភាគីពាក់ព័ន្ធផង។លោកបញ្ជាក់ថា ដើម្បីកំចាត់គ្រឿងញៀននៅកម្ពុជាឱ្យមានប្រសិទ្ធភាពទៅបាន លុះត្រាតែបញ្ឈប់ការផ្សព្វផ្សាយទាំងស្រុងនូវផលិតផលគ្រឿងស្រវឹងនានាជាមុនសិន។
គួរបញ្ជាក់ថា កាលពីឆ្នាំ២០២១កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍ចំនួន ២ ៦៧០លើក បើប្រៀបធៀបនឹងឆ្នាំ ២០២០ មានចំនួន ៣ ១៧៦លើក ថយចុះ១៦ភាគរយ ។ រីឯចំនួនអ្នកស្លាប់បាត់បង់ជីវិតមានចំនួន ១ ៤៩៧នាក់ បើប្រៀបធៀបនឹងឆ្នាំ ២០២០ បានថយចំនួន ១៤៩នាក់ ស្មើនឹង ៩ភាគរយ។ ក្នុងនោះ ការបើកបរក្នុងឥទ្ធិពលស្រវឹង ឬសារធាតុញៀនក៏ជាមូលហេតុចំបង់មួយ ដែលបណ្តាលឱ្យកើតមានគ្រោះថ្នាក់ចររាចរណ៍នៅកម្ពុជាផងដែរ៕
ដោយ៖ បូរ ពេជ្រហ្សាលីន