ប្រទេសប្រេស៊ីលឈានទៅនាំចេញកសិផលពោតទៅកាន់ទីផ្សារប្រទេសចិន ក្រោយការអនុម័តរបស់រដ្ឋបាលគយចិន

ប្រេស៊ីល៖កាល​ពី​ថ្ងៃ​ពុធ ទី​០២ ខែ​វិច្ឆិកា ឆ្នាំ​២០២២ រដ្ឋបាល​គយ​ចិន​បាន​ធ្វើ​បច្ចុប្បន្នភាព​បញ្ជី​ឈ្មោះ​ក្រុមហ៊ុន​ប្រេស៊ីល ដែល​ទទួល​បាន​ការ​អនុញ្ញាត​ឱ្យ​នាំ​កសិផល​ពោត​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ សម្រាប់​មន្ដ្រី​កសិកម្ម​ប្រេស៊ីល តាម​រយៈ​ការ​អនុម័ត​នេះ ប្រេស៊ីល​សង្ឃឹម​ថា ​នឹង​អាច​ជំរុញ​ការ​នាំ​ចេញ​ពោត​របស់​ខ្លួន ខណៈ​ប្រទេស​ចិន​គឺ​ជា​ប្រទេស​ដែល​ជា​ប្រទេស​ដែល​មាន​កិច្ច​ធំ​ជាង​គេ​លំដាប់​ទី​២​នៅ​លើ​ពិភពលោក​។

​ការ​ជ្រៀត​ចូល​នៃ​កសិផល​ពោត​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន ទំនង​ជា​នឹង​ធ្វើ​ឱ្យ​មាន​ការ​ផ្លាស់​ប្ដូរ​លំហូរ​ពាណិជ្ជកម្ម​សកល ជា​ពិសេស វា​អាច​ទាញ​ទម្លាក់ការ​លក់​ពោត​របស់​អាមេរិក​។ អាមេរិក​ដែល​ជា​អ្នក​ផ្គត់ផ្គង់​កសិផល​ពោត​ធំ​ជាង​គេ​សម្រាប់​ទីផ្សារ​ពិភពលោក​។ កន្លង​មក ប្រទេស​ចិន​ពឹង​ផ្អែក​លើ​សហរដ្ឋ​អាមេរិក​និងអ៊ុយក្រែន​សម្រាប់​ការ​ផ្គត់ផ្គង់​ពោត​ភាគ​ច្រើន​របស់​ខ្លួន ប៉ុន្តែការ​នាំ​ចេញ​ពោត​ពី​អ៊ុយក្រែន​មក​កាន់​ប្រទេស​ចិន​ត្រូវ​បាន​រំខាន ​ចាប់​តាំង​ពី​អ៊ុយក្រែន​រង​ការ​ឈ្លាន​ពាន​ពី​រុស្ស៊ី​មក​។

មន្ដ្រី​កសិកម្ម​ទទួល​បន្ទុក​ផ្នែក​កសិផល​បន្លែ​នៃ​ក្រសួង​កសិកម្ម​​ប្រេស៊ីល លោក Glauco Bertoldo ថ្លែង​ថា វា​គឺ​ជា​រឿង​ដ៏​ល្អ​មួយ​សម្រាប់​ប្រទេស​ប្រេស៊ីល ដែល​មាន​ទីផ្សារ​នាំ​ចេញ​កសិផលកាន់​តែ​ច្រើន​ឡើង​។ លោក​បន្ត​ថា សព្វ​ថ្ងៃ​នេះ រដ្ឋបាល​គយ​ចិន​បាន​អនុញ្ញាត​ឱ្យ​ក្រុមហ៊ុន​ប្រេស៊ីល​ចំនួន​១៣៦​ក្រុមហ៊ុន នាំ​ចេញ​ពោត​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន​។ និង​ថា ចំនួន​នេះ​អាច​នឹង​កើន​ឡើង​បន្ថែម​ទៀត​នា​សប្ដាហ៍​ក្រោយ​ៗ​។

បើ​តាម​គម្រោង ការនាំចេញ​ពោត​របស់​ប្រេស៊ីលទៅ​កាន់ទីផ្សារ​ប្រទេស​ចិនអាចនឹងចាប់ផ្តើមក្នុងពេលឆាប់ៗនេះ ប៉ុន្តែ​ក្នុង​ទ្រង់ទ្រាយ​តូច​ប៉ុណ្ណោះ ខណៈការនាំចេញក្នុង​ទ្រង់ទ្រាយ​ធំនឹង​អាច​ធ្វើ​ឡើង​នៅ​ក្នុង​រដូវកាលប្រមូលផលបន្ទាប់ ដែល ចាប់ផ្តើមនៅដើមឆ្នាំ ២០២៣។ នៅ​ពេល​ដែលប្រេស៊ីល​ចាប់​ផ្ដើម​នាំ​ចេញពោត​ទៅ​កាន់​ទីផ្សារ​ប្រទេស​ចិន ប្រទេស​មួយ​ចំនួន​ដែល​ធ្លាប់ទិញ​ពោត​របស់​ប្រេស៊ីល​នា​ពេល​កន្លង​មក ដូច​ជា អេស្ប៉ាញ និង​អេហ្ស៊ីប ត្រូវ​បាន​អ្នក​ជំនាញ​ផ្នែក​សេដ្ឋកិច្ច​មួយ​ចំនួន​ព្យាករណ៍​ថា អាច​នឹង​ងាក​ទៅ​ទិញ​ពោត​ពី​សហរដ្ឋ​អាមេរិក​ជំនួស​វិញ​។

សូម​រំឭក​ថា ប្រទេស​ចិន​និង​ប្រេស៊ីល បានចុះហត្ថលេខាលើពិធីសារសម្រាប់ការនាំចេញពោតពីប្រទេសប្រេស៊ីលទៅកាន់ប្រទេសចិន តាំង​ពីឆ្នាំ ២០១៤​មក​ម្ល៉េះ ប៉ុន្តែការជួញដូរមាន​បរិមាណ​តិចតួចណាស់ ដោយសារតែលក្ខខណ្ឌភូតគាម​អនាម័យដ៏ស្មុគស្មាញ។

ទិន្នន័យ​ប៉ាន់ស្មាន​បង្ហាញ​ថា ប្រទេសចិនមាន​តម្រូវ​ការ​នាំចូលពោតចំនួន ១៨លានតោន ចាប់​ពី​ខែ​តុលា​ឆ្នាំ​២០២២​ត​ទៅ សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុងឆ្នាំ ២០២២ និង​២០២៣។ ការ​នាំ​ចូល​ពោត​ពី​ប្រទេស​អ៊ុយក្រែន​ទៅ​ក្នុង​ទីផ្សារ​ប្រទេស​ចិន បាន​ធ្លាក់​ចុះ​មក​នៅ​ត្រឹម​តិច​ជាង ២,០០០ តោន ​ក្នុង​ខែ​កញ្ញា​ឆ្នាំ​នេះ ដែល​ជា​ហេតុ​ធ្វើ​ឱ្យ​​ប្រទេសចិន ត្រូវ​​ពឹង​ផ្អែក​លើ​សហរដ្ឋ​អាមេរិក​សម្រាប់​ការ​ផ្គត់​ផ្គង់កសិផល​ពោត​ភាគ​ច្រើន​របស់​ខ្លួន៕

ដោយ៖កែវ កិរិយា

ads banner