អភិបាលរងរាជធានីភ្នំពេញ ១រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃនេះ
ភ្នំពេញ៖ អភិបាលរងនៃគណៈអភិបាលរាជធានីភ្នំពេញ១រូបទៀត ត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃទី០៣ វិច្ឆិកាឆ្នាំ២០២២នេះ ។
ពិធីនេះធ្វើឡើង ក្រោមអធិបតីភាព ឯកឧត្តម ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ តំណាងឱ្យសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនិងមានការចូលរួមពីឯឧ ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានីភ្នំពេញ និងឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
ពិធីនេះត្រូវប្រកាសតែងតាំងលោក អុីមរ៉ន ហាស្សាន់ ឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៦ ឱ្យកាន់តំណែងជាអភិបាលរងរាជធានីភ្នំពេញ១រូបទៀត ក្រោយពីបានប្រកាសឱ្យកាន់តំណែងអភិបាលរងរាជធានីភ្នំពេញចំនួន៣រូបរួចមកហើយ កាលពីពាក់កណ្តាលខែសីហា ឆ្នាំ២០២២កន្លងមកនេះ។
ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសនោះ បានធ្វើការណែនាំអោយ ឯកឧត្តម អុីមរ៉ន ហាស្សាន់ ដែលត្រូវបានប្រកាសតែងតាំងជាអភិបាលរងរាជធានីភ្នំពេញថ្មី ត្រូវយកចិត្តទុកដាក់ខ្ពស់ក្នុងការបំពេញការងារ សហការអោយបានល្អជាមួយក្រសួង ស្ថាប័ន មន្ទីរពាក់ព័ន្ធ ខណ្ឌទាំង១៤ និងសង្គមស៊ីវិល ដោយអនុវត្តការងារដោយឈលើស្មារតីទទួលខុសត្រូវខ្ពស់ និងមានសាមគ្គីភាពផ្ទៃក្នុងល្អ។
ឯកឧត្តម ឡេង វី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍លើកឡើងថា តាមច្បាប់ថ្មី រដ្ឋបាលរាជធានីភ្នំពេញ ត្រូវបន្ថែមអភិបាលរង ចំនួន៤រូបទៀត ដើម្បីបំរើសង្គមជាតិនិងប្រជាពលរដ្ឋនៅក្នុងរាជធានីភ្នំពេញ តែអភិបាលរង៣រូបនោះ យើងបានប្រកាសតែងតាំងរួចហើយ នៅសល់មួយរូបទៀត ត្រូវបានប្រកាសតែងតាំងនៅពេលនេះ។ សម្រាប់អភិបាលរង ដែលត្រូវបានតែងតាំងថ្មី ត្រូវបំពេញការងារឱ្យបានល្អជូនរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីទទួលបានការគាំទ្រពីប្រជាពលរដ្ឋ និងដើម្បីធ្វើឱ្យរាជធានីភ្នំពេញ កាន់តែមានការអភិវឌ្ឍរីកចំរើននិងមានសោភណ្ឌភាពស្រស់បំព្រងបន្ថែមទៀត ។
បន្ថែមពីនេះទៀត ឯកឧត្តម ឡេង វី បានធ្វើការណែនាំឱ្យរដ្ឋបាលរាជធានីភ្នំពេញ បន្តថែរក្សាសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ លើកកំពស់ជីវភាពប្រជាពលរដ្ឋនិងបន្តខិតខំដោះស្រាយបញ្ហាដែលនៅសេសសល់នៅក្នុងសង្គម ។
ចំពោះកម្លាំងប្រដាប់អាវុធ ក្នុងជួរគណៈបញ្ជាការឯកភាពរាជធានីភ្នំពេញ ត្រូវបន្តគ្រប់គ្រងសភាពការណ៍ ទប់ស្កាត់បទល្មើសនានាអោយបានល្អ និងបំផុសប្រជាពលរដ្ឋអោយចូលរួមអនុវត្តធ្វើយ៉ាងណាអោយភូមិ សង្កាត់ មានសុវត្ថិភាព។ដើម្បីឱ្យរាជធានីភ្នំពេញ មានសោភណ្ឌភាពកាន់តែល្អប្រសើរនោះ លោកស្នើឱ្យ អាជ្ញាធររាជធានី គ្រប់គ្រងសំណង់ឱ្យបានត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេស បន្តដាំដើមឈើនៅតាមទីសាធារណៈ លើកកំពស់បរិស្ថាន ដោយត្រូវបំផុសប្រជាពលរដ្ឋ ឱ្យវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវនិងជម្រុញឱ្យក្រុមហ៊ុន ប្រមូលសំរាមឱ្យបានទាន់ពេលវេលា ។
គួរបញ្ជាក់ថា គណៈអភិបាលរាជធានីភ្នំពេញ មកដល់នេះមានចំនួន ១១រូបហើយ ដែលមាន ឯកឧត្តម ឃួង ស្រេង ជាអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ និងមានអភិបាលរងចំនួន ១០នាក់ទៀត រួមមាន៖ ឯកឧត្តម កើត ឆែ ,ឯកឧត្តម មាន ចាន់យ៉ាដា ឯកឧត្តម ហួត ហៃ ,លោកជំទាវ កែវ សុខពិសី ,ឯកឧត្តម ស៊ុយ សេរិទ្ធ ឯឧ នួន ផារ័ត្ន , ឯកឧត្តម ឃ្លាំង ហួត , ឯឧ សុខ ពេញវុធ ឯកឧត្តម ហ៊ុន សុរិទ្ធី និងឯកឧត្តម អុីមរ៉ន ហាស្សាន់ ដែលត្រូវបានប្រកាសតែងតាំងជាផ្លូវការ នៅរសៀលថ្ងៃនេះ ៕ ដោយ ថេត វិចិត្រ+ហេង សម្បត្តិ





