សម្ដេចក្រឡាហោម ស ខេង អញ្ជើញចុះពិនិត្យវឌ្ឍនភាព ដំណើរការសាងសង់អគារថ្មី នៃទីស្ដីការក្រសួងមហាផ្ទៃ
ភ្នំពេញ ៖ នារសៀលថ្ងៃទី៣ ខែវិច្ឆិកាឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអញ្ជើញចុះពិនិត្យវឌ្ឍនភាព នៃដំណើរការសាងសង់អគារថ្មីនៃទីស្ដីការក្រសួងមហាផ្ទៃ ដោយមានការចូលរួមពី ឯកឧត្តម សក់ សេដ្ឋា រដ្ឋលេខាធិការប្រចាំការក្រសួងមហាផ្ទៃ, ឯកឧត្តម នាយឧត្តមសេនីយ៍ សេង យូអ៊ាន់ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ និងមន្ត្រីជាន់ខ្ពស់ក្រសួងមហាផ្ទៃ ព្រមទាំងតំណាងក្រុមហ៊ុនសាងសង់ ជាច្រើនរូបទៀត។
សូមជម្រាបជូនដែរថា អគារទីស្តីការថ្មីនេះ សាងសង់ឡើងលើទីតាំងចាស់ ស្ថិតក្នុងក្រសួងមហាផ្ទៃ តាមបណ្ដោយវិថីព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន និងគ្រោងចំណាយប្រមាណ ៦០លានដុល្លារអាមេរិក។ បន្ទាប់ពីដំណើរការសាងសង់បានប្រមាណ ១ឆ្នាំ ពេលនេះសម្រេចបាន ៦០ភាគរយហើយ។
លើសពីនេះ អគារនេះមានទំហំ ១៥៣ម៉ែត្រ គុណ៨៣ម៉ែត្រ មានកម្ពស់ ៩ជាន់ មិនរាប់បញ្ចូលជាន់ផ្ទាល់ដី និងជាន់សម្រាប់ចំណតរថយន្តចំនួន ៣៣០គ្រឿង ជាសំណង់ស្ថាបត្យកម្មក្លាសិក រចនាបទខ្មែរ ដំបូលប្រក់ក្បឿងស្រកាលិញមានបុស្បបុកចំនួនប្រាំ តាមលំនាំតាមប្រាសាទអង្គវត្តកំពូលប្រាំ និងជាអគាររដ្ឋបាលធំជាងគេនៅកម្ពុជា៕ដោយ-រ៉ាវុធ



