ជប៉ុនចំណាយថវិកា​៤៣ពាន់លានដុល្លារ​ក្នុងខែតុលា ទប់កុំឱ្យតម្លៃប្រាក់យ៉េន​ធ្លាក់ចុះទៀត

ជប៉ុន៖ កាលពីខែតុលាកន្លងទៅ​ ជប៉ុន​បានចំណាយថវិកា​ដ៏ច្រើន​ក្នុងចំនួន​រហូតដល់​ ៦,៣៥ ទ្រីលានយ៉េន(៤៣ពាន់លានដុល្លារ) ដើម្បីទប់កុំឱ្យតម្លៃប្រាក់យ៉េន​បន្តធ្លាក់ថ្លៃទៀត​។ រដ្ឋាភិបាលជប៉ុន បានសម្រេច​ចេញ​ធ្វើ​អន្តរាគមន៍បន្ទាប់ពីរូបិយប័ណ្ណរបស់ខ្លួនបានធ្លាក់ចុះដល់កម្រិតទាបខ្លាំងបំផុតមិនធ្លាប់មានធៀប​នឹងប្រាក់ដុល្លារអាមេរិក​ ក្នុងរយៈពេល៣២ ឆ្នាំកន្លងមកនេះ​។

រដ្ឋាភិបាលក្រុងតូក្យូ​ បានចំណាយប្រាក់ចំនួន​ ២០ពាន់លានដុល្លាររួចហើយកាលពីខែកញ្ញា​ ដើម្បីធ្វើប្រតិបត្តិការទិញប្រាក់យ៉េនជាលើកដំបូង​របស់ប្រទេសជប៉ុន​ រាប់ចាប់តាំងពីឆ្នាំ ១៩៩៨មក​។

ក្រុមពាណិជ្ជករបានវាយតម្លៃថា រដ្ឋាភិបាលជប៉ុន​បានចូលធ្វើអន្តរាគមន៍ជួយ​ការពារតម្លៃ​ប្រាក់​យ៉េន​កុំ​ឲ្យ​ធ្លាក់​ចុះ​ចំនួនពីរដងទៀតក្នុងខែតុលា ឆ្នាំ២០២២នេះ​។ លើកមួយធ្វើឡើងនៅថ្ងៃទី២១ ខែតុលា​ ដែលអ្នកវិភាគបានប៉ាន់ប្រមាណថា​ រដ្ឋាភិបាលជប៉ុនបានបញ្ចេញថវិកា ៥,៥ ទ្រីលានយ៉េន និងលើកទី២នៅថ្ងៃទី២៤ ខែតុលា ក្នុងចំនួនតិចជាងលើកមុន​។

តួលេខថវិកាអន្តរាគមន៍សម្រាប់ថ្ងៃទី ២៩ ខែកញ្ញា ដល់ថ្ងៃទី ២៧ ខែតុលា​ដែលចេញផ្សាយដោយក្រសួង​ហិរញ្ញវត្ថុកាលពីដើមសប្តាហ៍​នេះ​ មិនបានបង្ហាញទេថាតើអាជ្ញាធរជប៉ុន​បានចូលអន្តរាគមន៍​ជួយ​ទប់​ស្កាត់ការធ្លាក់ថ្លៃប្រាក់យ៉េនប៉ុន្មានលើកនោះ។

ក្រុមអ្នកវិភាគនៅក្រុមហ៊ុនធនាគារវិនិយោគពហុជាតិអាមេរិក​ Goldman Sachs បាននិយាយថា អន្តរាគមន៍លើកទី៣​ ទំនងជាត្រូវបានអនុវត្តនៅថ្ងៃទី១៣ ខែតុលា​។ « យើងនឹងមិនច្រានចោលនោះទេ​ នូវលទ្ធភាពនៃអន្តរាគមន៍បន្ថែមទៀត​ដែលមិនត្រូវបានប្រកាស​ និងដែលត្រូវបានធ្វើឡើងបន្ទាប់ពីថ្ងៃទី ២៨តុលា»​។

គួរជ្រាបថា​ ចំនួនទឹកប្រាក់អន្តរាគមន៍របស់រដ្ឋាភិបាលក្រុងតូក្យូ​ រួមបញ្ចូលគ្នាក្នុង​រយៈពេលពីរខែចុងក្រោយនេះ​ បានឈានដល់ ៩,២ទ្រីលានយ៉េន​ ឬស្មើនឹងប្រមាណ ៦២,៣ ពាន់លានដុល្លារ​។

តែទោះបីជាមានការចូលអន្តរាគមន៍ម្តងហើយម្តងទៀត​ និងមានការទាញសញ្ញាអាសន្នពីមន្ត្រី​ជប៉ុន​ក្តី​ ក៏ប្រាក់យ៉េនបានបន្តធ្លាក់ចុះ​ជិតដល់កម្រិត​ ១៥០យ៉េន ស្មើនឹង ១​ដុល្លារ​អាមេរិក​ ដោយសារតែ​គន្លាត​គ្នា​រវាងគោលនយោបាយរូបិយវត្ថុរបស់ធនាគារកណ្តាលជប៉ុនដែល​មិន​ដំឡើងការប្រាក់​ និងការរឹតបន្តឹងដោយ​ធនាគារកណ្តាលធំៗដទៃទៀត​។

ធនារគារកណ្តាលធំៗដូចជានៅអាមេរិក​ និងអឺរ៉ុបជាដើម​ បានដំឡើង​ការប្រាក់ដើម្បី​ទប់ស្កាត់​អតិផរណា រហូតធ្វើឲ្យ​រូបិយវត្ថុរបស់ពួកគេឡើងថ្លៃ​។ កាលពីថ្ងៃចន្ទដើម​សប្តាហ៍​នេះ ​ប្រាក់​យ៉េន​ជប៉ុននៅតែ​ដាំក្បាលចុះ​ដោយហាងឆេងប្រាក់យ៉េន​ ១៤៨,៧១ យ៉េន ស្មើនឹង ១ដុល្លារអាមេរិក​៕

ដោយ៖ លី លីយ៉ា

ប្រភពព័ត៌មាន៖ Japan spent $43bn in October to defend the yen

ads banner