បាល់បោះជិះរទេះជនពិការកម្ពុជា៖ រំពឹងខ្ពស់ថា នឹងទទួលបានលទ្ធផលល្អ ពីការប្រកួតលក្ខណៈអន្តរជាតិ នៅប្រទេសឥណ្ឌា

ភ្នំពេញ៖ ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា បានចេញដំណើរពីអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ ទៅចូលរួមប្រកួតលក្ខណៈអន្តរជាតិ 3rd Edition of ICRC International Wheelchair Basketball Tournament នៅប្រទេសឥណ្ឌា រយៈពេល៨ថ្ងៃ ពីថ្ងៃទី៥ ដល់ទី១២ ខែវិច្ឆិកា ឆ្នាំ២០២២ ដើម្បីផ្លាស់ប្តូរបទពិសោធន៍ និងបច្ចេកទេស មុនអាស៊ានប៉ារ៉ាហ្គេម នៅកម្ពុជា។

លោក ម៉ៅ សុខជា គ្រូបង្វឹកកីឡាបាល់បោះជិះរទេះជនពិការ បានថ្លែងអោយដឹងថា ការចូលរួមប្រកួតខាងលើ សហព័ន្ធកីឡាបាល់បោះជិះរទេះជនពិការ បានបញ្ជូនតែក្រុមនារីចូលរួមប៉ុណ្ណោះ តបតាមការអញ្ជើញរបស់ប្រទេសឥណ្ឌាជាម្ចាស់ផ្ទះ ជាមួយបណ្តាប្រទេសជាច្រើនទៀត ចូលរួមសរុប៨ប្រទេស ដូចជា ប្រទេសនេប៉ាល់ បង់ក្លាដេស កម្ពុជា លីប៊ីយ៉ា អាហ្គានីស្ថាន ស៊ីរី ហ្គាណា និងឥណ្ឌា ។

លោក ម៉ៅ សុខជា បន្តថា ការប្រកួតនេះ ក្រុមបុរសមាន៨ប្រទេស តែសម្រាប់កម្ពុជាបញ្ជូនតែក្រុមនារី និងមានតែ៣ប្រទេសចូលរួម គឺកម្ពុជា នេប៉ាល់ និងម្ចាស់ផ្ទះឥណ្ឌា រីឯប្រកួតដំបូងរបស់ក្រុមកីឡាការិនីបាល់បោះជិះរទេះជនពិការកម្ពុជា ត្រូវប៉ះ ម្ចាស់ផ្ទះឥណ្ឌា ម៉ោង០៩:០០ព្រឹក និងម៉ោង១៥:00 រសៀលប៉ះ នេប៉ាល់ នៅថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ និងថ្ងៃទី០៩ ត្រូវបន្តប៉ះគ្នាប្រកួតទី២ ដើម្បីស្វែងរកក្រុមឡើងប្រកួតផ្តាច់ព្រ័ត្រ ដណ្តើមពាន។

លោកគ្រូបង្វឹករូបនេះ បន្តថា ការប្រកួតកម្រិតអន្តរជាតិច្រើន មានសារសំខាន់សម្រាប់អត្តពលិកបាល់បោះជនពិការកម្ពុជា ត្រៀមធ្វើជាម្ចាស់ផ្ទះ ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ប្រកបដោយភាពជឿជាក់ និងជាម៉ែត្រវាស់វែងមួយ ក្នុងការដុសខាត់សមត្ថភាព បង្កើនសិទ្ធផលអោយបានល្អប្រសើរ។ លោក បន្ថែមថា ក្រៅពីការប្រកួតកម្រិតអន្តរជាតិ នៅឥណ្ឌា កីឡាករ កីឡាការិនីបាល់បោះជនពិការ នឹងត្រៀមចូលរួមការប្រកួតជម្រុះជាមួយប្រទេសហ្វីលីពីន និងឡាវ ដើម្បីយកសិទ្ធិចូលរួមការប្រកួតអាស៊ានប៉ារ៉ាហ្គេម នៅប្រទេសចិន ឆ្នាំ២០២៣ខាងមុខនេះ។

គួររម្លឹកថា កីឡាបាល់បោះជិះរទេះជនពិការ ផ្នែកនារី គឺជាកីឡាសក្តានុពលរបស់កម្ពុជា ដែលធ្លាប់ឈ្នះមេដាយមាស១គ្រឿង ប្រាក់១គ្រឿង ពីអាស៊ានប៉ារ៉ាហ្គេម លើកទី១១ នាទីក្រុងសូឡូ ប្រទេសឥណ្ឌូនេស៊ី ឆ្នាំ២០២២កន្លងទៅថ្មីនេះ ក្នុងចំណោម១១ប្រភេទកីឡាចូលរួម ។

សូមបញ្ជាក់ថា សម្រាប់ព្រឹត្តិការណ៍អាស៊ានប៉ារ៉ាហ្គេម លើកទី១២ នាឆ្នាំ២០២៣ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា (CAMAPGOC ) បានត្រៀម១២ប្រភេទកីឡា ដាក់អោយប្រកួតប្រជែង រួមមាន អត្តពលកម្ម, ប៊ូស្យ៉ា, វាយសី, អុក, បាល់ទាត់ (៥ម្ខាង), បាល់ទាត់ (៧ម្ខាង), បាល់ទះ, លើកទម្ងន់, បាល់ទះអង្គុយ, ហែលទឹក, វាយកូនឃ្លីលើតុ និងបាល់បោះជិះរទេះ ដែលការប្រកួតនេះ នឹងធ្វើឡើងនៅពហុកីឡដ្ឋានជាតិមរតកតេជោ ក្នុងទឹកដីខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ៕ ចាន់ វិចិត្រ

ចាន់ វិចិត្រ
ចាន់ វិចិត្រ
បន្ថែមពីលើជំនាញផ្នែកកាត់ត ក៏អាចថត សរសេរអត្ថបទ បញ្ចូលសម្លេង និងជាពិធីករបានយ៉ាងស្ទាត់ជំនាញ។ បច្ចុប្បន្ន លោកក៏បានបង្កើតកម្មវិធីកីឡាថ្មី២បន្ថែម សម្រាប់ទូរទស្សន៍អប្សរា និងបណ្តាញផ្សព្វផ្សាយសង្គមផងដេរ។
ads banner
ads banner
ads banner