ថៃប្រកាសឈប់ទិញវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩
បាងកក៖ កាសែត Royal Gazette កាលពីថ្ងៃព្រហស្បតិ៍ បានចេញសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលសាធារណៈ ដោយលុបចោលក្រឹត្យចុះថ្ងៃទី០៩ ខែតុលា ឆ្នាំ ២០២០ ដែលបានអនុញ្ញាតឱ្យក្រសួង ទិញវ៉ាក់សាំង Covid-19 ដើម្បីការពារផលប្រយោជន៍សាធារណៈ គ្រប់គ្រងការផ្ទុះឡើង ឬរក្សាសន្តិសុខជាតិ ។
សេចក្តីប្រកាសចុងក្រោយបំផុត ចុះថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២២ និងចុះហត្ថលេខាដោយរដ្ឋមន្ត្រីក្រសួងសុខាភិបាលសាធារណៈលោក Anutin Charnvirakul បាននិយាយថា ស្ថានភាព Covid-19 កំពុងមានភាពប្រសើរឡើងជាសកល យោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោកដែលបង្ហាញពីអត្រាមរណភាពឥឡូវនេះគឺទាបបំផុតចាប់តាំងពីខែមីនា ឆ្នាំ២០២០ ។
សេចក្តីប្រកាសនោះបាននិយាយថា រដ្ឋាភិបាលបានលុបចោលក្រឹត្យស្តីពីភាពអាសន្ននៃជំងឺរាតត្បាតកាលពីថ្ងៃទី ១ ខែតុលា ខណៈដែលក្រសួងក៏បានទម្លាក់ចំណាត់ថ្នាក់ Covid-19 ពីជំងឺឆ្លងដ៏គ្រោះថ្នាក់ទៅជាជំងឺឆ្លងដែលស្ថិតនៅក្រោមការឃ្លាំមើល។
សេចក្តីប្រកាសបានបន្ថែមថាស្តុកវ៉ាក់សាំង Covid-19 របស់ប្រទេសថៃឥឡូវនេះគឺគ្រប់គ្រាន់ដើម្បីបំពេញតម្រូវការ ហើយមិនចាំបាច់ទិញវ៉ាក់សាំងបន្ថែមទេ។
ប្រទេសថៃបានកត់ត្រាការឆ្លង Covid-19 ថ្មីចំនួន ២៥៥១ និងការស្លាប់ដែលពាក់ព័ន្ធចំនួន៣៣នាក់ ក្នុងសប្តាហ៍ ចាប់ពីថ្ងៃទី ២៣-២៩ ខែតុលា។ ការឆ្លងចាប់តាំងពីថ្ងៃទី ១ ខែមករា ឆ្នាំនេះ ត្រូវបានកត់ត្រា មានសរុប ជិត ២.៥លាននាក់ ជាមួយនឹងការស្លាប់ ១១២៥៧នាក់៕ ប្រភពពី The Nation , ដោយ៖ សារ៉ាត