សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ជូនដល់ទូតគុយវ៉ែតថ្មីថា គួរពិនិត្យមើលលើរាល់វិស័យដទៃទៀត ដែលប្រទេសទាំងពីរ អាចសហការគ្នាបាន ដើម្បីធ្វើយ៉ាងណា ឱ្យមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក
ភ្នំពេញ៖ សម្ដេចតេជោ ហ៊ុន សែន ផ្ដល់អនុសាសន៍ជូនដល់ទូតគុយវ៉ែតថ្មីថា គួរពិនិត្យមើលលើរាល់វិស័យដទៃទៀត ដែលប្រទេសទាំងពីរ អាចសហការគ្នាបាន ដើម្បីធ្វើយ៉ាងណា ឱ្យមានលក្ខណៈបំពេញឱ្យគ្នាទៅវិញទៅមក ។ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានមានប្រសាសន៍ដូចនេះ ក្នុងឱកាសអនុញាតិឱ្យឯកឧត្តម មហាំម៉ាត់ សាអ៊ីត អាល់ហាជរី ឯកអគ្គរដ្ឋទូតគុយវ៉ែតថ្មី ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ចូលជួបសម្ដែងការគួរសម និងពិភាក្សាការងារ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានសន្តិភាព ។
ឯកឧត្តម អ៊ាង សុផល្លែត ជំនួយការសម្ដេចតេជោ បានឲ្យដឹងថា ឯកឧត្តម មហាំម៉ាត់ សាអ៊ីត អាល់ហាជរី បានគោរពជម្រាបជូនសម្ដេចតេជោថា ក្នុងបេសកកម្មការទូត របស់ឯកឧត្តមមកកាន់ព្រះរាជាណាចក្រកម្ពុជា ឯកឧត្តម និងប្រឹងប្រែងឲ្យអស់ពីកម្លាំងកាយចិត្ត ធ្វើយ៉ាងណា ឱ្យចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ កាន់តែរឹងមាំឡើង ក្នុងនោះ ឯកឧត្តម បានមានប្រសាសន៍ថា ឯកឧត្តម និងជំរុញការអនុវត្តលើរាល់កិច្ចព្រមព្រៀង ដែលប្រទេសទាំងពីរ មានកន្លងមក ក្នុងនោះ មានទាំងកិច្ចព្រមព្រៀងលើការហោះហើរត្រង់រវាងប្រទេសទាំងពីរ ការផ្ដល់ការងារដល់ពលករកម្ពុជា ដែលមានបំណងចង់ទៅធ្វើការនៅប្រទេសគុយវ៉ែត ពាណិជ្ជកម្មស្បៀងអាហាររវាងប្រទេសទាំងពីរ ។ល។
ជាមួយគ្នានោះដែរ ឯកឧត្តម មហាំម៉ាត់ សាអ៊ីត អាល់ហាជរី ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជាទីបំផុត ជូនចំពោះសម្ដេចតេជោ ដែលបានចំណាយពេលដល់មមាញឹក ទទួលជួបឯកឧត្តម ។ ឯកឧត្តមក៏បានជូនពរដល់សម្ដេចតេជោ ឲ្យទទួលបានជោគជ័យ ក្នុងការដឹកនាំកិច្ចប្រជុំ កំពូលអាស៊ាន នាពេលខាងមុខ ។
ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន បានសំដែងនូវការស្វាគមន៍ និងសម្ដែងនូវការអបអរសាទរជូនចំពោះ ឯកឧត្តម មហាំម៉ាត់ សាអ៊ីត អាល់ហាជរី ដែលត្រូវបានតែងតាំងជាឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៅព្រះរាជាណាចក្រកម្ពុជា។
សម្ដេចតេជោ ក៏បានស្វាគមន៍ផងដែរចំពោះការប្ដេជ្ញាចិត្តក្នុងការពង្រីក និងពង្រឹងមិត្តភាព និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ជាមួយនឹងការប្ដេជ្ញាចិត្តជំរុញការអនុវត្ត លើរាល់កិច្ចព្រមព្រៀងដែលបានចុះហត្ថលេខាហើយ។
ក្នុងឱកាសនេះដែរ សម្ដេចតេជោ ក៏បានផ្ដល់អនុសាសន៍ជូនដល់ ឯកឧត្តមឯកអគ្គរដ្ឋទូតថា គប្បីណា ពិនិត្យមើលលើរាល់វិស័យដទៃទៀត ដែលប្រទេសទាំងពីរ អាចសហការគ្នាបាន ។ ប្រទេសគុយវ៉ែតមានថាមពល ដោយឡែកព្រះរាជាណាចក្រកម្ពុជា មានស្បៀងអាហារ វិស័យទាំងពីរនេះ អាចជំរុញពាណិជ្ជកម្ម ដើម្បីធ្វើយ៉ាងណា ឱ្យមានលក្ខណៈបំពេញឲ្យគ្នាទៅវិញទៅមក ៕ ដោយ វណ្ណលុក

