សម្ដេចក្រឡាហោម ផ្តាំផ្ញើប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន ឲ្យចេះទាញយកផលប្រយោជន៍ចំណេះដឹង ពីការទំនាក់ទំនងជាមួយយុវជនប្រទេសដ៏ទៃ
ការថ្លែងដូចនេះក្នុងឱកាសដែលសម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតឲ្យតំណាងសមាគមនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន និងប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន (SSEAYP) លើកទី៤៦ ចូលជួបសម្ដែងការគួរសម នារសៀលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ នៅទីស្តីការ ក្រសួងមហាផ្ទៃ។ ក្នុងនោះសម្តេចក្រឡាហោម បានផ្តាំផ្ញើឲ្យប្រតិភូនាវាយុវជនអាស៊ីអាគ្នេយ៍កម្ពុជា-ជប៉ុន ទាំងអស់ ត្រូវថែរក្សាសុខភាពរបស់ខ្លួន និងសាមគ្គីភាពភាពផ្ទៃក្នុងឲ្យបានល្អ នៅពេលចេញទៅបំពេញបេសកម្ម ក្នុងកម្មវិធីនាវាយុវជនអាស៊ីអាគ្នេយ៍ និងជប៉ុននេះ និងត្រូវចេះទាញយកផលប្រយោជន៍ចំណេះដឹង ពីការទំនាក់ទំនងជាមួយយុវជនប្រទេសដ៏ទៃ ដើម្បីអភិវឌ្ឍន៍ខ្លួន និងជួយអភិវឌ្ឍន៍សង្គមជាតិ។ ជាមួយនេះក៏ត្រូវជួយផ្សព្វផ្សាយ លើកតម្កើងពីអរិយៈធម៌វប្បធម៌ជាតិ លើឆាកអន្តរជាតិ ។
សម្ដេចក្រឡាហោម ស ខេង បានបញ្ជាក់ថា នេះជាបេសកកម្មមួយយ៉ាងល្អបំផុត ដែលយុវជនកម្ពុជា មានឱកាសបានចូលរួមកម្មវិធីថ្នាក់តំបន់ បូករួមជាមួយនឹងជប៉ុន ដែលផ្តល់ឱកាស ចែករំលែកចំណេះដឹង ទំនៀមទម្លាប់វប្បធម៌ ប្រណៃណីខ្មែរ ជាមួយយុវជនមកពីបណ្ដាប្រទេសអាស៊ាន និងជប៉ុន។
សម្ដេចក្រឡាហោម ក៏បានរំលឹក ពីប្រវត្តសាស្ត្រដ៏ជូរចត់ នៃសង្គ្រាមដែលកម្ពុជាឆ្លងកាត់ និងបានរំលឹកដល់ប្រតិភូយុវជន អោយចូលរួមជួយថែរក្សាសុខសន្តិភាព និងចូលរួមទប់ស្កាត់ទស្សនៈណាដែលបំផ្លាញដល់សន្តិភាព ៕