លោកនាយករដ្ឋមន្ត្រីកាណាដានឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំ G20 និងជំនួប APEC នៅអាស៊ីអាគ្នេយ៍
ភ្នំពេញ៖នាយករដ្ឋមន្ត្រីកាណាដាលោក ចាស្ទីន ត្រាសដូ(Justin Trudeau) បានប្រកាសថាលោកនឹងចូលរួមក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ រួមជាមួយកិច្ចប្រជុំកំពូលក្រុមប្រទេសសេដ្ឋកិច្ចនាំមុខហៅកាត់ថា G20 និងកិច្ចប្រជុំសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC) នៅខែវិច្ឆិកានេះ។ កិច្ចប្រជុំទាំងអស់គឺជាកិច្ចប្រជុំអន្តរជាតិធំៗបី នៅចុងឆ្នាំ២០២២ ដែលត្រូវរៀបចំឡើងក្នុងតំបន់អាស៊ីអាគ្នេយ៍។ នេះបើតាមការប្រកាសឱ្យដឹងពីខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាណាដា។
ដោយឡែក វត្តមានរបស់មេដឹកនាំរួបនេះនិងប្រទេសធំៗផ្សេងទៀត ត្រូវបានអ្នកវិភាគកម្ពុជាយល់ថា អាស៊ានក្លាយជាតួអង្គដ៏សំខាន់ក្នុងសណ្តាប់ធ្នាប់ពិភពលោក។
កាលពីនៅថ្ងៃទី២ខែវិច្ឆិកាខុទ្ទកាល័យនាយករដ្ឋមន្ត្រីកាណាដា បានចេញសេចក្តីប្រកាសបញ្ជាក់ថា លោក Trudeau នឹងចូលរួមកិច្ចប្រជុំសំខាន់ៗចំនូន៣ ក្នុងតំបន់អាស៊ីអាគ្នេយ៍ នៅខែវិច្ឆិកានេះ រួមមាន កិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញ ប្រទេសកម្ពុជា កិច្ចប្រជុំក្រុមប្រទេសសេដ្ឋកិច្ចនាំមុខ G20 នៅទីក្រុងបាលីប្រទេសឥណ្ឌូនេស៊ី និងជំនួបមេដឹកនាំនៃកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក(APEC) នៅទីក្រុងបាងកក ប្រទេសថៃ។
សម្រាប់កិច្ចប្រជុំកំពូលអាស៊ាន ប្រភពដដែលបញ្ជាក់ថា នៅថ្ងៃទី១២ ដល់១៣ ខែវិច្ឆិកា លោកនាយករដ្ឋមន្ត្រីកាណាដានឹងចូលរូមដោះស្រាយបញ្ហាប្រឈមក្នុងតំបន់ និងពិភពលោកជាមួយសមភាគីអាស៊ាន និងបណ្តារដ្ឋក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ជាពិសេសលោកនឹងចូលរួមកិច្ចប្រជុំអនុស្សាវរីយ៍អាស៊ាន-កាណាដា ដើម្បីប្រារព្ធខួបលើកទី៤៥ នៃទំនាក់ទំនងកិច្ចសន្ទនាអាស៊ាន-កាណាដា។
សេចក្តីប្រកាសនោះបានបញ្ជាក់ពីបំណងរបស់នាយករដ្ឋមន្ត្រីកាណាដាក្នុងកិច្ចប្រជុំកំពូលអាស៊ាននៅរាជធានីភ្នំពេញខាងមុខដូច្នេះថា៖នៅក្រោមប្រធានបទរបស់កិច្ចប្រជុំកំពូលអាស៊ានស្តីពី «ការដោះស្រាយបញ្ហាប្រឈមរួមគ្នា» (Addressing Challenges Together) លោកនាយករដ្ឋមន្ត្រីនឹងលើកកម្ពស់សន្តិភាព និងស្ថិរភាពក្នុងតំបន់ ពាណិជ្ជកម្មដែលផ្អែកតាមទិដ្ឋភាពច្បាប់ កំណើនសេដ្ឋកិច្ចដែលផ្តល់ផលប្រយោជន៍រួមដល់មនុស្សគ្រប់គ្នា និងដើម្បីរឹងចំណងទំនាក់ទំនងឲ្យរឹងមាំរវាងប្រជាជននិងប្រជាជន។
ដោយឡែក សម្រាប់កិច្ចប្រជុំកំពូលប្រទេសអ្នកមានទាំង២០(G-20) ចាប់ពីថ្ងៃទី១៥ ដល់ ថ្ងៃទី១៦ ខែវិច្ឆិកា លោក Trudeau នឹងរួមគ្នាជាមួយប្រទេសជាដៃគូដើម្បីជំរុញពីអាទិភាពរួមគ្នាដោះស្រាយបញ្ហាប្រឈមនានា តួយ៉ាង វិបត្តិអតិផរណា អសន្តិសុខស្បៀង និងកង្វះខ្សែច្រវ៉ាក់ផ្គត់ផ្គង់ ក្រោមប្រធានបទឆ្នាំនេះថា៖ «ស្តារឡើងវិញរួមគ្នា ស្តារឡើងវិញប្រសើរឡើងសម្រាប់ទាំងអស់គ្នា» (Recover Together, Recover Stronger) ដើម្បីដោះស្រាយវិបត្តិអសន្តិសុខវិស័យស្បៀងអាហារ និងថាមពល វិបត្តិប្រែប្រួលអាកាសធាតុ និងសុខភាពសាធារណៈ។
ចំណែកសម្រាប់ជំនួបមេដឹកនាំនៃវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅថ្ងៃទី១៨ ខែវិច្ឆិកា ក្រោមប្រធានបទ «បើកទូលាយ ការតភ្ជាប់, តុល្យភាព» លោក Trudeau នឹងបញ្ជាក់ជាថ្មីនៃការប្តេជ្ញាចិត្តរបស់កាណាដាក្នុងការបើកកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងការដករបាំងពាណិជ្ជកម្មនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកដើម្បីផ្តល់អត្ថប្រយោជន៍សម្រាប់ប្រជាជននាជ្រោយតំបន់ប៉ាស៊ីហ្វិក។ លោកនឹងខិតខំធ្វើការជាមួយសមភាគីរបស់លោកដើម្បីពង្រឹងទំនាក់ទំនងរវាងប្រជាជននិងប្រជាជន ជាពិសេសជំរុញសកម្មភាពអាកាសធាតុ និងកំណើនសេដ្ឋកិច្ច។
ជុំវិញសំណុំព្រឹត្តិការណ៍លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជ្យបណ្ឌិត្យសភាកម្ពុជា យល់ថា វត្តមានរបស់មេដឹកនាំកំពូលសំខាន់ៗក្នុងកិច្ចប្រជុំធំៗចំនួន៣ នៅតំបន់អាស៊ីអាគ្នេយ៍នេះជាការផ្តល់សារៈសំខាន់ដល់ពីសំណាក់មហាអំណាចចំពោះតំបន់អាស៊ាន ក្នុងបរិបទប្រកួតប្រជែងភូមិសាស្ត្រអន្តរជាតិដ៏ក្តៅគគុកនេះ។ ដោយឡែក សម្រាប់កិច្ចប្រជុំកំពូលអាស៊ានវិញ លោកថា វាជាការផ្តល់កត្តិយសដល់កម្ពុជាក្នុងនាមជាម្ចាស់ផ្ទះអាស៊ាន ពីសំណាក់ប្រទេសធំៗទាំងនេះ និងមេដឹកនាំកំពូលៗទាំងនោះ។
លោកបណ្ឌិត គិន ភា សង្កត់ធ្ងន់ចំពោះ ករណីលទ្ធភាពរបស់កម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ដូច្នេះថា៖ «វាជាការរំលេចពីសមត្ថភាពរបស់កម្ពុជា ក្នុងការសម្របសម្រួល រៀបចំទាំងក្របខណ្ឌឯកសារ ទាំងក្របខណ្ឌធនធានមនុស្ស ទាំងក្របខណ្ឌសេវាកម្ម អ្វីដែលសំខាន់នោះគឺសមត្ថភាពផ្នែកសន្តិសុខដែលគេអាចជឿទុកចិត្តបាន ទើបមេដឹកនាំពិភពលោកទាំងអស់នោះហ៊ានមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននេះ។
អ្នកជំនាញផ្នែកទំនាក់ទំនងអន្តរជាតិរូបនេះ បញ្ជាក់ថា កាណាដាគឺជាដៃអភិវឌ្ឍន៍ដ៏សំខាន់របស់អាស៊ានទៅលើវិស័យកសាងធនធានមនុស្ស ធនធានធម្មជាតិ ជាដើម។ លើសពីនេះ កាណាដាគឺជាសម្ព័ន្ធមិត្តរបស់លោកខាងលិចមានសហរដ្ឋអាមេរិកជាបងធំ ដែលកំពុងរួមដៃគ្នាអនុវត្តយុទ្ធសាស្ត្រនយោបាយចាក់មកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក ក្នុងនោះតំបន់អាស៊ីអាគ្នេយ៍ជាស្នូល ក្នុងគោលដៅខ្ទប់នឹងឥទ្ធិពលចិនដែលកំពុងរីកសាយភាយ។
លោកបណ្ឌិតគិន ភា បន្ថែមពីសារៈរបស់កិច្ចប្រជុំកំពូលទាំង៣ រួមមាន កិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំ G20 និង APEC នេះថា៖ កិច្ចប្រជុំធំៗទាំងបីនៅអាស៊ីអាគ្នេយ៍នាខែវិច្ឆិកា នេះ មានសារៈសំខាន់ខ្លាំងណាស់ទាំងក្របខណ្ឌនយោបាយ សេដ្ឋកិច្ច សន្តិសុខ និងសង្គម-វប្បធម៌ ដែលប្រទេសជាសមាជិកនិងម្ចាស់ផ្ទះអាចទាញផលប្រយោជន៍ ហើយវាជាច្រកការទូតដ៏សំខាន់ក្នុងការជជែកបញ្ហាក្តៅគគុក ក្នុងនោះរួមមាន វិបត្តិរុស្ស៊ី-អ៊ុយក្រែន បញ្ហាឧបទ្វីបកូរ៉េ បញ្ហាវិបត្តិថាមពល វិបត្តិស្បៀង បញ្ហាសមុទ្រចិនខាងត្បូង ជម្លោះចិន-តៃវ៉ាន់ អតិផរណាជាសកល វិបត្តិភូមា និងបញ្ហាសន្តិសុខមិនមែនប្រពៃណី(non-traditional security issues) តួយ៉ាង វិបត្តិការប្រែប្រួលអាកាសធាតុ ការកើនឡើងកម្តៅផែនដី បញ្ហាបំពុលបរិស្ថាន ជាដើមក៏ត្រូវបានយកមកពិភាក្សានោះដែរ។
ជាមួយគ្នានេះ លោកបណ្ឌិតយង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជានិងជាអ្នកជំនាញភូមិសាស្ត្រនយោបាយ មើលឃើញថា ការរីកចម្រើននៃអង្គការតំបន់អាស៊ាន ជាហេតុផលបានឆាបយកចំណាប់អារម្មណ៍របស់ប្រទេសមហាអំណាច ដែលមិនអាចមើលរំលងពីតួនាទីដ៏សំខាន់របស់អាស៊ានក្នុងដំណើរសាកលភាវូបនីយកម្មនេះបានឡើយ ដែលតំបន់អាស៊ានបានក្លាយអង្គវេទិកាដ៏សំខាន់សម្រាប់មហាអំណាចមកជជែកពិភាក្សាគ្នាទាំងបញ្ហាក្នុងតំបន់ និងពិភពលោក។
លោកបណ្ឌិត យង់ ពៅ បន្ថែមថា បើទោះបីជា ប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍មានមាឌតូចក្តី ប៉ុន្តែតាមរយៈអង្គការអាស៊ាននេះ អាស៊ីអាគ្នេយ៏អាចមានទឹកមាត់ប្រៃក្នុងវេទិការសម្របសម្រួលវិបត្តិពិភពលោក ស្មើមុខស្មើមាត់ជាមួយប្រទេសមហាអំណាច ដែលក្នុងនោះ អាស៊ានក៏មានដែរនូវ កិច្ចប្រជុំទ្វេភាគីជាមួយប្រទេសមហាអំណាច តួយ៉ាង កិច្ចប្រជុំអាស៊ាន-ចិន កិច្ចប្រជុំអាស៊ាន-កាណាដា កិច្ចប្រជុំអាស៊ាន-សហរដ្ឋអាមេរិក ជាដើម ដែលធ្វើឱ្យទម្ងន់នៃសំឡេងរបស់បណ្តារដ្ឋនៅអាស៊ីអាគ្នេយ៍មានលទ្ធភាពចូលរួមចំណែកដល់ការសម្រេចចិត្តជាសាកល។
អ្នកជំនាញផ្នែកភូមិសាស្ត្រនយោបាយរូបនេះ សង្កត់ធ្ងន់ដូច្នេះថា៖ក្នុងន័យនេះ យើងអាចនិយាយដោយខ្លីថា អាស៊ានបានក្លាយជាចំណែកដ៏សំខាន់នៃសណ្តាប់ធ្នាប់ពិភពលោក ចាប់ពីអំណឹះតទៅ ការប្រែប្រួលសណ្តាប់ធ្នាប់ពិភពលោក ឬការប្រែប្រួលភូមិសាស្ត្រនយោបាយពិភពលោកគឺនឹងមានចំណែកពីតំបន់អាស៊ាន។
គួររំឭកថា នៅក្នុងខែវិច្ឆិកា នេះ តំបន់អាស៊ានទទួលធ្វើជាម្ចាស់ផ្ទះនូវកិច្ចប្រជុំកំពូលសំខាន់ៗ៣ ក្នុងនោះ រួមមានកិច្ចប្រជុំអាស៊ាន និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ា ដែលគ្រោងនឹងធ្វើនៅថ្ងៃទី ៨-១៣ ខែវិច្ឆិកានៅទីក្រុងភ្នំពេញ កិច្ចប្រជុំ G-20 នៅកោះបាលីនៃប្រទេសឥណ្ឌូណេស៊ីនៅថ្ងៃទី ១៥-១៦ ខែវិច្ឆិកា និងវេទិកាកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) នៅទីក្រុងបាងកក នាថ្ងៃទី ១៨-១៩ ខែវិច្ឆិកា។
បើទោះបីជាអ្នកចូលរួមនិងរបៀបវារៈជាក់ស្តែងនៃកិច្ចប្រជុំកំពូលអាស៊ាន កិច្ចប្រជុំ G-20 និង APEC អាចមានភាពខុសប្លែកពីគ្នាក៏ដោយក្តី ក៏កិច្ចពិភាក្សាត្រូវបានគេរំពឹងថានឹងផ្តោតលើវិធីសាស្ត្រ ពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចឱ្យបានកាន់តែស៊ីជម្រៅ។ កិច្ចប្រជុំទាំងអស់នឹងមានការចូលរួមពីសំណាក់សហរដ្ឋអាមេរិក ចិន និង រុស្ស៊ីដែលកំពុងស្ថិតនៅក្នុងទំនាក់ទំនងដ៏តានតឹងរៀងៗខ្លួន៕
ដោយ៖ សំបាន ច័ន្ទដារ៉ា