រយៈពេល១៤ថ្ងៃការពិនិត្យបញ្ជីឈ្មោះ និងចុះឈ្មោះបោះឆ្នោត ឆ្នាំ២០២២ ទូទាំងខេត្តស្ទឹងត្រែង ទទួលបានលទ្ធផល៨០ភាគរយ

ស្ទឹងត្រែង៖ក្រោយពីការជូនដំណឹងដល់សាធារណៈជនគឺ ចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២២ គឺជាពេលវេលាដែលគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដំណើរការឱ្យប្រជាពលរដ្ឋទូទាំងប្រទេសទៅពិនិត្យបញ្ជីរឈ្មោះ និងចុះបោះឆ្នោត សម្រាប់ត្រៀមចូលរួមក្នុងការបោះឆ្នោតជ្រើស តាំងតំណាងរាស្ត្រនីតិកាលអាណត្តិទី៧ នៅឆ្នាំ២០២៣ខាងមុខ ។

សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះបោះឆ្នោត ឆ្នាំ២០២២នេះ គិតត្រឹមរយៈពេល១៤ថ្ងៃ នៃការចាប់ផ្តើមអនុវត្តការងាររបស់ លេខាធិកា រដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែងបានបង្ហាញ លទ្ធផលការងារ ពិនិត្យបញ្ជីឈ្មោះ និងការចុះបោះឆ្នោតឆ្នាំ ២០២២ ក្នុងខេត្តស្ទឹងត្រែងសម្រេចបាន៨០ភាគរយ ។ នេះបើ តាមការបញ្ជាក់ពីលោក ហង់ កុង ប្រធានលេខាធិការរដ្ឋានរៀបចំ ការបោះឆ្នោត ខេត្តស្ទឹងត្រែង ។

លោកប្រធានលេខាធិការរដ្ឋានរៀបចំការបោះឆ្នោតខេត្តបានមានប្រសាសន៍ថា នៅក្នុងដំណាក់់កាលទី១ ដំណើរការនៃការពិនិត្យ បញ្ជីឈ្មោះ និងការចុះបោះឆ្នោត ឆ្នាំ២០២២ នៅតាមសាលា ឃុំ សង្កាត់ ទូទាំងខេត្តស្ទឹងត្រែង ដែលដំណើរការចាប់ពីថ្ងៃទី២០ ខែតុលា រហូតដល់ដើមខែវិច្ឆិការនេះ ទទួលបានលទ្ធផលកម្រិត ខ្ពស់ រហូតដល់៨០% ។

លោកបានលើកឡើង បញ្ហានេះ នៅក្នុងកិច្ចប្រជុំស្តីពីកិច្ចសហ ប្រតិបត្តិការ និងវិធានការការពារសន្តិសុខ សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ សម្រាប់ការពិនិត្យបញ្ជីឈ្មោះ និងការចុះឈ្មោះបោះឆ្នោត២០២២ កាលពីព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលេខាធិការដ្ឋានរៀបចំការបោះឆ្នោតខេត្តស្ទឹងត្រែង ។
លោកបន្តថា៖ លទ្ធផលដែលទទួលបាននេះជាលទ្ធផល ក្នុងរយៈ ពេល១៤ថ្ងៃប៉ុណ្ណោះ ដែលក្រុមការងារចាប់ផ្តើមអនុវត្តដំណាក់ កាលទី១ និងមិនទាន់បានចល័តចេញនៅឡើយទេ ហើយនៅ សេស សល់ពេលវេលារយៈពេលជាង៣០ថ្ងៃទៀត ការពិនិត្យ បញ្ជីឈ្មោះ និងការចុះបោះឆ្នោតឆ្នាំ២០២២ និងត្រូវបានបញ្ចប់ ។
លោក ហង់ កុង បានកត់សម្គាល់ថាមានបញ្ហាប្រឈមមួយ ចំនួនក្នុងការពិនិត្យបញ្ជីឈ្មោះ និងការចុះបោះឆ្នោតដែល ធ្វើឱ្យរាំងស្ទះ ក្នុងនោះរួមមានបញ្ហាសម្ភារ បច្ចេកទេស និង ប្រជាពលរដ្ឋអត់មានអត្តសញ្ញាណប័ណ្ណ ហើយប្រជាពលរដ្ឋ ខ្លះមាន អត្តសញ្ញាណប័ណ្ណ ប៉ុន្តែអស់សុពលភាព ។ ទោះជាយ៉ាងណាលោកអំពាវនាវដល់ប្រជាពលរដ្ឋដែលមានអាយុចាប់ពី១៨ ឡើងទៅនិងមានសញ្ជាតិខ្មែរ សូមឱ្យទៅចុះឈ្មោះ បោះឆ្នោតទាំងអស់គ្នា ហើយប្រសិនបើគ្មានឯកសារពាក់ព័ន្ធ ត្រូវទៅស្នើសុំឯកសារបញ្ជាក់អត្តសញ្ញាណពីក្រុមប្រឹក្សាឃុំសង្កាត់ ៕
ដោយ៖ដេង ម៉ាវិន

ads banner