ក្រុមការងារចុះជួយឃុំវាលម្លូរ នាំយកសៀវភៅអប់រំបង្កើនចំណេះដឹងចំនួន ១០០០ក្បាល ទៅប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង

ត្បូងឃ្មំ៖ នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក ទីប្រឹក្សាសម្ដេចអគ្គពញាចក្រក្រី ហេង សំរិន ប្រធានរដ្ឋសភា និងជាប្រធានក្រុមការងារចុះជួយឃុំវាលម្លូរ ស្រុកពញាក្រែក បានអញ្ជើញនាំយកសៀវភៅអប់រំ បង្កើនចំណេះដឹងចំនួន១០០០ក្បាល ទៅប្រគល់ជូនសាលាបឋមសិក្សាក្រញ៉ូង ស្ថិតនៅឃុំវាលម្លូរ ស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ដើម្បីលើកកម្ពស់វិស័យអប់រំនៅឃុំវាលម្លូរ ឲ្យកាន់តែរីកចម្រើនឡើង ។

ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក បានលើកឡើងថា ៖ ប្រទេសជាតិមួយអភិវឌ្ឍទៅបាន គឺអាស្រ័យលើធនធានមនុស្សនៃប្រទេសនោះ បានន័យថា ប្រជាពលរដ្ឋត្រូវមានការអប់រំកូនៗតូចៗឱ្យរៀនចេះអាន ចេះសរសេរ ដើម្បីមានចំណេះដឹងជ្រៅជ្រះ មានសីលធម៌ក្នុងការរស់នៅដែលទាំងអស់នេះ បានមកពីការអប់រំបណ្ដុះបណ្ដាលនៅសាលា នៅក្នុងគ្រួសារ។

ឯកឧត្តមបណ្ឌិត បន្តថា មានតែការសិក្សារៀនសូត្រប៉ុណ្ណោះដែលជួយខ្លួនយើង ឲ្យចេញផុតពីភាពល្ងង់ខ្លៅ និងទទួលបាននូវភាពថ្កុំថ្កើងរុងរឿង។ ចំណេះវិជ្ជា គឺជាវត្ថុដ៏មានតម្លៃមិនអាចកាត់ថ្លៃបាន វាមិនត្រឹមតែធ្វើឲ្យមានការផ្លាស់ប្ដូរជីវិតរបស់ក្មួយៗ ជីវភាពក្រុមគ្រួសារ និង សហគមន៍ប៉ុណ្ណោះទេ ប៉ុន្ដែថែមទាំង រួមចំណែកផ្លាស់ប្ដូរ មុខមាត់ប្រទេសជាតិផងដែរ។

ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក បានផ្ដាំផ្ញើដល់លោកគ្រូ អ្នកគ្រូ ក្មួយៗសិស្សានុសិស្សទាំងអស់ នៅសាលាបឋមសិក្សាវាលម្លូរឆ្លៀតពីពេលទំនេរពីការសិក្សា ត្រូវនាំគ្នាចូលបណ្ណាល័យអានសៀវភៅឱ្យបានច្រើន ដើម្បីបង្កើតចំណេះដឹងជាច្រើនទៀត ត្រូវខំរៀនអោយពូកែ ធ្វើជាសិស្សល្អ កូនល្អ ពលរដ្ឋល្អ នៅក្នុងសង្គម និងត្រូវជៀសអោយឆ្ងាយពីឧបាយមុខផ្សេងៗទៀត ។

ឯកឧត្តមបណ្ឌិត ប៉ា ម៉េងហុក បានដឹកនាំក្រុមការងារចុះជួយឃុំ និងលោកគ្រូ អ្នកគ្រូ ចុះពិនិត្យទីតាំងដែលត្រៀមធ្វើសាលាបុណ្យតាមសំណើររបស់អាជ្ញាធរឃុំវាលម្លូរ ស្នើសុំមកកាន់ក្រុងការងារផងដែរ៕ ហេង សម្បត្តិ

ហេង សម្បត្តិ
ហេង សម្បត្តិ
ជាការីថត ជាអ្នកយកព័ត៌មាន ក៏ជាអ្នកជំនាញកាត់តវីដេអូ ប្រចាំស្ថានីយវិទ្យុ និងទូរទស្សន៍អប្សរាផងដែរ។ តាមរយៈបទពិសោធន៍ជាច្រើនឆ្នាំលើវិស័យព័ត៌មាន នឹងនាំមកជូនទស្សនិកជននូវព័ត៌មានសម្បូរបែប ប្រកបដោយវិជ្ជាជីវៈ។
ads banner
ads banner
ads banner