សម្ដេចក្រឡាហោម បានចាត់ទុកវត្តមានឯកឧត្តមប្រធានាធិបតីអាមេរិក ជាការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាបន្តរីកចំម្រើនឥតឈប់ឈរ
ភ្នំពេញ ៖ នារសៀលថ្ងៃសុក្រ ១១កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស២៥៦៦ ត្រូវនឹងថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២នេះ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានអនុញ្ញាតជូនឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក ប្រចាំនៅកម្ពុជា ចូលជួបពិភាក្សាការងារ នៅវិមានរដ្ឋសភា។
សម្ដេចក្រឡាហោម ស ខេង បានសម្តែងនូវការស្វាគមន៍ឯកឧត្តមឯកអគ្គរដ្ឋទូត និងថ្លែងអំណរគុណចំពោះកិច្ចសហការដែលសហរដ្ឋអាមេរិកមួយកម្ពុជាលើវិស័យជាច្រើន ជាពិសេសនៅក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលជាការរួមចំណែកមួយធ្វើឱ្យកម្ពុជាទទួលបានជោគជ័យលើការប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាត អាចឈានទៅដល់ការបើកដំណើរការប្រទេសឡើងវិញ។
សម្ដេចក្រឡាហោម ក៏សម្ដែងនូវសេចក្ដីរីករាយចំពោះកិច្ចសហប្រតិបត្តិការរវាងកម្លាំងអនុវត្តច្បាប់នៃប្រទេសទាំងពីរ និងបានជម្រាបជូនឯកឧត្តមដែរថា នាពេលឆាប់ៗដ៏ខ្លីខាងមុខនេះ ថ្នាក់ដឹកនាំ ក៏ដូចជាមន្ត្រីរាជការ និងប្រជាជនកម្ពុជានឹងទទួលស្វាគមន៍បណ្ដាថ្នាក់ដឹកនាំក្នុងតំបន់ និងអន្តរជាតិអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ាននៅកម្ពុជា ក្នុងនោះកម្ពុជាក៏មានសេចក្ដីរីករាយ និងស្វាគមន៍វត្តមានឯកឧត្តមប្រធានាធិបតីសហរដ្ឋអាមេរិក មកកាន់កម្ពុជាផងដែរ។
សម្ដេចបានចាត់ទុកវត្តមានឯកឧត្តមប្រធានាធិបតីថា មិនត្រឹមតែជាការផ្តល់តម្លៃលើទំនាក់ទំនងរវាងកម្ពុជា និងអាស៊ាន រវាងសហរដ្ឋអាមេរិក និងអាស៊ានប៉ុណ្ណោះទេ ក៏ប៉ុន្តែក៏ជាការផ្តល់តម្លៃ និងជាការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្របត្តិការរវាងសហរដ្ឋអាមេរិក និងកម្ពុជាផងដែរ។ សម្ដេចសង្ឃឹមជឿជាក់ថា កិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនឥតឈប់ឈរ។
សម្ដេចក៏បានបង្ហាញការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះកិច្ចខិតខំប្រឹងប្រែងក៏ដូចជា តួនាទីដ៏មានសារៈសំខាន់របស់ឯកឧត្ដមអគ្គរដ្ឋទូត ដែលតែងតែខិតខំជំរុញដល់ការលើកកម្ពស់នូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរផងដែរ។
ជាការឆ្លើយតប ឯកឧត្តម W. Patrick Murphy ឯកអគ្គរដ្ឋទូតអាមេរិក បានចូលរួមអបអរសាទរចំពោះកម្ពុជាក្នុងតួនាទីជាប្រធានអាស៊ាន។ ឯកឧត្តមក៏រំពឹងថា នឹងចូលរួមនៅក្នុងព្រឹត្តិការណ៍ដ៏មានសារៈសំខាន់នៅពេលខាងមុខនេះផងដែរ។
ឯកឧត្តមអគ្គរដ្ឋទូតក៏បានលើកឡើងអំពីការកត់សម្គាល់ទៅលើយុទ្ធនាការក៏ដូចជាលទ្ធផល នៃការប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស ដែលកម្ពុជាបានអនុវត្តក្នុងរយៈពេលកន្លងមកនេះ។ ឯកឧត្ដមកត់សម្គាល់ឃើញថា មួយរយៈនេះ មានបទល្មើសមួយចំនួនបានកើតឡើង ជាពិសេសពាក់ព័ន្ធទៅនឹងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលបានធ្វើឱ្យប្រជាពលរដ្ឋនៃប្រទេសមួយចំនួនត្រូវចាញ់បោកឧក្រិដ្ឋជននាំមកឆ្លងដែនចូលមកកម្ពុជាដោយខុសច្បាប់។
ឯកឧត្តមក៏បានជម្រាបដែរថា សហរដ្ឋអាមេរិកត្រៀមផ្ដល់កិច្ចសហការលើការងារនេះ ក្នុងខណៈដែលសហរដ្ឋអាមេរិក ក៏កំពុងតែធ្វើការនេះជាមួយអន្តរក្រសួងផ្សេងទៀតក្នុងរាជរដ្ឋាភិបាលកម្ពុជា ដូចជាក្រសួងកិច្ចការនារីជាដើម។
ជាការឆ្លើយតប សម្ដេចក្រឡាហោម បានថ្លែងអំណរគុណចំពោះការបង្ហាញនូវឆន្ទៈរបស់សហរដ្ឋអាមេរិកក្នុងកិច្ចសហការលើការងារប្រយុទ្ធប្រឆាំងនឹងអំពើជួញដូរមនុស្ស។ សម្ដេចក៏បានជម្រាបជូនថា នៅក្នុងក្របខ័ណ្ឌនៃឆន្ទៈនយោបាយ គឺរដ្ឋាភិបាលកម្ពុជាពុំមានអ្វីប្រែប្រួលនោះទេចំពោះការប្ដេជ្ញាចិត្តក្នុងការប្រយុទ្ធប្រឆាំងនឹងបទល្មើសនេះ។ សម្តេចក៏បានជម្រាបជូនដែរថា ដូចដែលអ្វីដែលឯកឧត្តមបានលើកឡើង គឺបច្ចុប្បន្ននេះទម្រង់នៃអំពើជួញដូរមនុស្សមានការវិវឌ្ឍប្រែប្រួលដោយសារតែមានការផ្សារភ្ជាប់ទៅនឹងការប្រើប្រាស់បច្ចេកវិទ្យាគមនាគមន៍ ក៏ដូចជាបច្ចេកវិទ្យាព័ត៌មានក្នុងការប្រព្រឹត្តបទល្មើស ៕ ដោយ-រ៉ាវុធ




