អធិការបតីអាល្លឺម៉ង់ ស្នើចិនដាក់សម្ពាធលើរុស្ស៊ីឱ្យបញ្ចប់សង្គ្រាមនៅអ៊ុយក្រែន

អាល្លឺម៉ង់៖អធិការបតីអាល្លឺម៉ង់​ លោក អូឡាហ្វ ស្ហលស៍ បានជំរុញឱ្យចិន​ប្រើឥទ្ធិពលរបស់ខ្លួនលើរុស្ស៊ី ដើម្បីបញ្ឈប់​សង្គ្រាមនៅអ៊ុយក្រែន​។ ការជំរុញនេះធ្វើឡើងក្នុង​អំឡុង​ពេល​ដែលលោក ស្ហលស៍​ ជួប​ពិភាក្សា​ជាមួយ​សមភាគី​ចិន​លោក ស៊ី ជីនពីង​ ក្នុងទីក្រុងប៉េកាំង នាថ្ងៃសុក្រ ទី៤វិច្ឆិកា​ ឆ្នាំ២០២២​។

លោក អូឡាហ្វ ស្ហលស៍​ បាននិយាយថា​ ប្រទេសអាល្លឺម៉ង់និងចិន​បានយល់ស្របគ្នាថា​ការគំរាមកំហែងនុយក្លេអ៊ែរ​របស់រុស្ស៊ី​គឺជាទង្វើគ្មានការទទួលខុសត្រូវ​ និងមានគ្រោះថ្នាក់ខ្លាំង​។

ប៉ុន្តែ​ នៅពេលរាយការណ៍ពីសេចក្តីសន្និដ្ឋាន​របស់មេដឹកនាំទាំងពីរ​ ក្រសួងការបរទេសចិនមិនបានដកស្រង់សម្តីរបស់លោកប្រធានាធិបតីស៊ី​ ជីនពីង​ ថាបានប្រើពាក្យ​ «គ្មានការទទួលខុសត្រូវ» ឬ «គ្រោះថ្នាក់ខ្ពស់​» នោះទេ​។

លោក ស៊ី ​បាន​បដិសេធ​មិន​ថ្កោលទោស​ការ​ឈ្លានពាន​របស់​លោក វ្ល៉ាឌីមៀរ ពូទីន លើអ៊ុយក្រែន​ឡើយ ហើយការ​មិនព្រមថ្កោលទោស​​រុស្ស៊ីនេះ​គឺជាចំណុចដ៏​រស៊ើប​មួយ ដែលបាននិងកំពុងធ្វើឲ្យ​បស្ចិម​លោក​មានទំនាក់​ទំនង​តានតឹង​ជាមួយ​ចិន​ បូកបន្ថែមពីលើសំណុំរឿងតៃវ៉ាន់ និងការរំលោភ​សិទ្ធិមនុស្ស​នៅ​តំបន់​ស៊ីនជាំង​។

យ៉ាងណាក៏ដោយ​ លោកស៊ី បាននិយាយថា​ សហគមន៍អន្តរជាតិគួរតែគាំទ្រចំពោះកិច្ចខិតខំ​ប្រឹង​ប្រែងដើម្បីបញ្ចប់វិបត្តិដោយសន្តិវិធី​ និងប្រឆាំងចំពោះការប្រើប្រាស់ ឬគំរាមកំហែងដោយការប្រើប្រាស់អាវុធនុយក្លេអ៊ែរ​។

គួរជ្រាបថា​ ក្នុងអំឡុងពេលជួបពិភាក្សាគ្នាផ្ទាល់​ លោក​ស៊ី និងលោក ស្ហលស៍​ បានព្រមព្រៀងគ្នា​បន្តកិច្ចពិភាក្សាស្តីអំពីសំណុំរឿងសំខាន់ៗជាច្រើនរួមមានជាអាទិ៍​ សង្រ្គាមនៅអ៊ុយក្រែន សន្តិសុខស្បៀងអាហារនិងថាមពលសកល ការប្រែប្រួលអាកាសធាតុ និងជំងឺរាតត្បាតសកល​។

ជាមួយគ្នានេះ​ មេដឹកនាំអាល្លឺម៉ង់ បានលើកឡើងសាជាថ្មីដែរ​នូវគោលជំហររបស់អាល្លឺម៉ង់​ចំពោះតៃវ៉ាន់​ថា​រាល់ការផ្លាស់ប្តូរស្ថានភាពបច្ចុប្បន្ន​ ត្រូវតែប្រកាន់ខ្ជាប់នូវសន្តិភាព​ និងដោយមានការព្រមព្រៀងគ្នាទៅវិញទៅមក​។ ចំណែកពាក់ព័ន្ធលើបញ្ហាសិទ្ធិមនុស្សវិញ​ លោកថា​ សិទ្ធិមនុស្ស​ត្រូវតែការពារ​ ជាពិសេសសិទ្ធិរបស់ជនជាតិភាគតិច​នៅតំបន់ស៊ីនជាំងរបស់ចិន​។

គួរជម្រាបជូនដែរថា​ ដំណើរ​ទស្សន​កិច្ច​របស់​លោក អូឡាហ្វ ស្ហលស៍ ទៅ​កាន់​ប្រទេស​ចិននៅថ្ងៃសុក្រ ទី៤ វិច្ឆិកា មាន​រយៈពេល​ខ្លី​ត្រឹម​តែ ១១ ម៉ោង​ប៉ុណ្ណោះ និងមានភាពចម្រូងចម្រាស​។

លោក​អធិការបតីអាល្លឺម៉ង់​ គឺជាមេដឹកនាំលោកខាងលិចដំបូងគេដែលធ្វើដំណើរទៅកាន់ទីក្រុងប៉េកាំងចាប់តាំងពីមានការរីករាលដាលជំងឺៗកូវីដ១៩ ហើយលោកក៏ជាថ្នាក់ដឹកនាំកំពូល​លោកខាងលិចដំបូង​គេដែរ​ដែលបានជួបលោកប្រធានាធិបតីចិន ស៊ី​ ដោយផ្ទាល់ ចាប់តាំងពីលោកស៊ី​ពង្រឹងការក្តោបក្តាប់អំណាចរបស់​លោក​នៅក្នុងសមាជជាតិរបស់បក្សកុម្មុយនីស្តកាលពីខែមុន​៕

ដោយ៖លីលីយ៉ា

ads banner