អ្នកវិភាគ៖ បន្ទាប់ពីក្លាយជាសមាជិក និងធ្វើជាប្រធានអាស៊ានពីរដងរួចមកហើយ កម្ពុជាទទួលបានបទពិសោធន៍ជាច្រើននិងមានសមត្ថភាពដឹកនាំកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ

ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ រហូតដល់ទី១៣ ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ ឆ្នាំ២០២២ គឺជាលើកទី៣ ដែលរាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជាបានធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ឬដែលហៅកាត់ថា អាស៊ាន( ASEAN)។ កម្ពុជាបានធ្វើប្រធានលើកទី១ នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២។

តើកម្ពុជាបានរៀនសូត្របទពិសោធន៍អ្វីខ្លះក្នុងការធ្វើជាម្ចាស់ផ្ទះដឹកនាំកិច្ចប្រជុំកំពូលអាស៊ានកន្លងទៅ?

លោក សួន សេរីរដ្ឋា បានបញ្ជាក់ប្រាប់ AMS ថា ក្នុងរយៈពេលដែលកម្ពុជាចូលជាសមាជិកនៃសមាគមអាស៊ាន(ខែមេសា១៩៩៩)កម្ពុជាបានដើរតួនាទីជាប្រធានអាស៊ានប្តូរវេនរយៈពេលបីដងគិត ទាំងលើកនេះ។ ឆ្លងកាត់សកម្មភាពចូលរួមរបស់ព្រះរាជាណាចក្រកម្ពុជា កម្ពុជាបានរៀនសូត្រផ្លាស់ប្តូរ បទពិសោធន៍ច្រើនណាស់ ក្នុងភាពជាអ្នកដឹកនាំអង្គការអន្តររដ្ឋាភិបាលដែលជាអង្គការតំបន់មួយដើម្បីនឹងធ្វើកិច្ចជាមួយនឹងបណ្តាប្រទេសដែលជាដៃគូររបស់អាស៊ាន គឺមានប្រទេសជប៉ុន អាមេរិក ចិន កូរ៉េខាងត្បូង និងបណ្តាប្រទេស អឺរ៉ុប មួយចំនួនទៀត ដែលជាដៃគូរអាស៊ាន ដៃគូរសេដ្ឋកិច្ច និងវប្បធម៌។ នេះគឺជាបទពិសោធន៍មួយដែលថ្នាក់ដឹកនាំ ក៏ដូចជាក្រុមឧត្តមមន្ត្រីអាស៊ាន។ យើងបានរៀនសូត្រសិក្សាផ្លាស់ប្តូរនៅបទពិសោធន៍នេះ ជាមួយបណ្តាប្រទេសធំៗលើពិភពលោក ក៏ដូចជាបណ្តាប្រទេសដែលរីកចម្រើនលើពិភពលោកលើវិស័យសេដ្ឋកិច្ច សិក្សាធិការ ការស្រាវ ជ្រាវ វប្បធម៌ និងទេសចរណ៍នេះផងដែរ។

យោងតាមការបញ្ជាក់របស់ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិការអន្តរជាតិកាលពីថ្ងៃទី៤ ខែវិច្ឆិកា ក្នុងវេទិកាជាមួយអ្នកសារព័ត៌មានដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជាបានឱ្យដឹងថា ក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងលើកទី៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនាពេលដ៏ខ្លីខាងមុខ នឹងមានវត្តមានប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃប្រទេសក្នុងអាស៊ាន និងលើពិភពលោក ប្រមុខសា្ថប័នអន្តរជាតិធំ ចំនួន៣៤ អញ្ជើញមកចូលរួម ក្នុងនេះមានលោក ចូ បៃដិន ប្រធានាធិបតីសហរដ្ឋអាមេរិកផងដែរ។ សម្រាប់កិច្ចប្រជុំទាំងនេះមានឯកសារជាង៩០ត្រូវបានដាក់បញ្ចូល។ មានអនុគណៈកម្មការចំនួនប្រាំពីរបំពេញការងារបម្រើឱ្យកិច្ចប្រជុំ។

បន្ថែមលើបញ្ហានេះ ឯកឧត្តម ផុស សុវណ្ណ ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយកដ្ឋានរដ្ឋបាលនិងសោតទស្សន៍នៃក្រសួងព័ត៌មាន បានបញ្ជាក់ថា អ្នកកាសែតជាតិ និងអន្តរជាតិ១៧០០នាក់ បានចុះឈ្មោះរួចមកហើយសម្រាប់ការចូលរួមយកព័ត៌មានពីព្រឹត្តិការណ៍ដ៏ធំនិងសំខាន់នេះ។ លោកបានបន្តថា ក្រសួងព័ត៌មានបានត្រៀមលក្ខណៈរួចជាស្រេចដូចជារថយន្តប៊ឺសដឹកអ្នកកាសែតបរទេសទៅកាន់ទីកន្លែងប្រារព្ធពិធី។ ក្នុងនេះអ្នកកាសែតជាតិក៏អាចធ្វើដំណើរតាមមធ្យោបាយនេះបានដែរប្រសិនជាខកពេលក្នុងការធ្វើដំណើរ។ ទន្ទឹមនេះ ក៏មានការរៀបចំមណ្ឌលព័ត៌មានសម្រាប់អ្នកកាសែតជាតិនិងអន្តរជាតិផងដែរ។

ជាមួយគ្នានេះកាលពីថ្ងៃ៣ ខែវិច្ឆិកា សម្តេចតេជោ ហ៊ុន សែន បានបង្ហាញជាផ្លូវការនូវគំរូនាឡិកាចំនួន២៥គ្រឿងសម្រាប់ជាវត្ថុអនុស្សាវរីយ៍ជូនប្រធានគណៈប្រតិភូដែលអញ្ជើញមកចូលរួមប្រជុំកំពូលអាស៊ាននៅកម្ពុជាឆ្នាំ២០២២។ នាឡិកានេះត្រូវបានរៀបចំផ្គុំឡើងដោយអ្នកបច្ចេកទេសខ្មែរសុទ្ធសាធដែលជាផ្នែកមួយនៃការរីកចំរើនខាងវិទ្យាសាស្រ្តនិងបច្ចេកទេសរបស់កម្ពុជា(ខ្មែរធ្វើបាន)។

បញ្ជាក់ទៅលើអ្វីដែលជាការត្រៀមខ្លួនរបស់កម្ពុជានោះ លោក សួន សេរីរដ្ឋា បានមានប្រសាសន៍ថា ការរៀបចំម្តងៗគឺកម្រិតនៃការត្រៀមលក្ខណៈជាពិធីការកម្រិតជាលក្ខណៈអន្តរជាតិ ដែលយើងត្រូវទទួលភ្ញៀវគ្រប់ជាតិសាសន៍ទាំងអស់ មិនមែនត្រឹមតែជាតិសាសន៍ទាំង១០ ដែលជាសមាជិកនៃសមាគមអាស៊ាននៅក្នុងតំបន់ទេ គឺចម្រុះជាតិសាសន៍ ប្រទេសមហាអំណាច ប្រទេសតូច ប្រទេសធំ ដែល ជាដៃគូរអាស៊ាន បូកនឹងជាអ្នកសង្កេតការណ៍ កិច្ចការប្រជុំអាស៊ាន គឺយើងទទួលទាំងអស់។ នេះ គឺជាបទពិសោធន៍មួយដែលបង្កើនសមត្ថភាព មន្ត្រីរាជរដ្ឋាភិបាលរបស់យើង ក៏ដូចជាបង្កើតសមត្ថភាពយុវជន និង ប្រជាពលរដ្ឋរបស់យើង លើការងារសមាហរណកម្មកិច្ចការអន្តរជាតិនេះសម្រាប់ក្នុងឋានៈយើងជាម្ចាស់ផ្ទះ ក្នុងឋានៈ ជាប្រធានប្តូរវេនរបស់អាស៊ាននិងក្នុងឋានៈ យើងជាអ្នកសម្របសម្រួលនៅកិច្ចការប្រជុំទាំងអស់។ ជាពិសេសប្រទេសជាដៃគូរអាស៊ានមិនមែនមានតែមួយប្លុកទេ គឺមានទាំងប្លុកសេរី និងប្លុកកុម្មុយនីស្ត មានទាំងប្រទេសមហាអំណាចយោធា មហាអំណាចសេដ្ឋកិច្ច។ ជាដៃគូរទាំងអស់សម្រាប់់ចូលរួមប្រជុំបូក ជាមួយនឹងអាស៊ាន។

លោកបានលើកឡើងទៀតថា ការងារ ក្នុងឋានៈជាប្រធានប្តូរវេនអាស៊ានតាំងពីលើកទី១ លើកទី២ និងលើកទី៣ នេះ វាមិនមែនជារឿងមួយងាយស្រួលទេ និងមិនមែនជារឿងតូចតាចដែរ។ គឺជារឿងមុខមាត់កិត្តិយសរបស់ប្រទេសជាតិយើង។ កុំថាឡើយដល់ការរៀបចំពិធីការទទួលសូម្បីតែកៅអីអង្គុយ និងម្ហូបអាហារដើម្បីទទួលសន្តិសុខ សណ្តាប់ធ្នាប់ កិច្ចការសេវាសាធារណៈផ្សេងៗទៀត គឺសុទ្ធតែជាមេរៀនបទពិសោធន៍ដែលផ្តល់ឱ្យប្រជាជាតិរបស់យើង ឧត្តមមន្ត្រីរបស់យើង រាជរដ្ឋាភិបាលរបស់យើង ទទួលបាននៅមុខមាត់កិត្តិយសនិងទទួលបាននៅការអបអរសាទរនិងការស្ញើចសរសើរពីបណ្តាប្រទេសជាសមាជិក ក៏ដូចជា ប្រទេសជាដៃគូ និងជាអ្នកអង្កេតការណ៍នៅក្នុងអាស៊ាន ដែលបានមកចូលរួមកិច្ចប្រជុំនៅក្នុងប្រទេសរបស់យើងតែម្តង។

គួររំលឹកថា កម្ពុជាបានចូលជាសមាជិកពេញសិទ្ធិនៃក្រុមប្រទេសអាស៊ាននៅថ្ងៃទី៣០ ខែមេសា ឆ្នាំ១៩៩៩។ សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬហៅកាត់ថា អាស៊ាន (ASEAN) គឺជាអង្គការថ្នាក់តំបន់មួយ រួមមាន ប្រទេសនៅអាស៊ីអាគ្នេយ៍ទាំង១០ជាសមាជិក ត្រូវបានបង្កើតឡើងដើម្បីជួយជំរុញកិច្ចសហប្រតិបត្តិការអន្តររដ្ឋាភិបាល និងជួយសម្រួលការធ្វើសមាហរណកម្មក្នុងចំណោមសមាជិកទាំងអស់។

សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍បង្កើតឡើងនៅថ្ងៃទី០៨ ខែសីហា ឆ្នាំ១៩៦៧ ដោយដំបូងឡើយមានប្រទេសចំនួនប្រាំគឺប្រទេស ម៉ាឡេស៊ី ឥណ្ឌូណេស៊ី ហ្វីលីពីន សិង្ហបុរី និងប្រទេសថៃ។ ប្រទេសស្ថាបនិកទាំងនោះ លើកលែងប្រទេសថៃ សុទ្ធសឹងតែជាដែនដីដែលទើបទទួលបានអធិបតេយ្យភាពថ្មីថ្មោងពីនឹមអាណានិគមក្នុងសម័យនោះ។ គួបផ្សំនឹងការចាប់ផ្ដើមនៃសង្គ្រាមត្រជាក់ផង ទើបជំរុញឱ្យប្រទេសទាំងប្រាំរួមគ្នាបង្កើតសមាគមនេះឡើង ដោយមានគោលដៅរួម ជំរុញឱ្យមានសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច រួមទាំងការអភិវឌ្ឍសង្គម និងវប្បធម៌ ក្នុងតំបន់អាស៊ីអាគ្នេយ៍ទាំងមូល។ ចាប់ពីឆ្នាំ១៩៨៤មក ទើបបណ្ដាប្រទេសដទៃប្រាំទៀត ក្នុងតំបន់នេះរួមមាន ព្រុយណេ វៀតណាម ឡាវ មីយ៉ាន់ម៉ា និងកម្ពុជា ដែលជាកូនពៅ បានក្លាយជាសមាជិកនៃសមាគមនេះជាបន្តបន្ទាប់៕
ដោយ៖ពលជ័យ,ជម្ពូនុទ

ads banner