ក្នុងឋានៈជាប្រធានអាស៊ាន៖ បញ្ហាមីយ៉ាន់ម៉ាជា “ថ្មក្តៅ” ទោះយើងមិនអាចធ្វើឱ្យត្រជាក់បាន តែក៏យើងអាចគ្រប់គ្រងមិនឱ្យបែកបាន!
ភ្នំពេញ៖ កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនឹងប្រព្រឹត្តទៅនៅរាជធានីភ្នំពេញ ចាប់ពីថ្ងៃទី៨ រហូតដល់ទី១៣ ខែវិច្ឆិកាឆ្នាំ២០២២ខាងមុខនេះ នៅសណ្ឋាគារសុខាភ្នំពេញ រាជធានីភ្នំពេញ។ កម្ពុជាបានធ្វើជាប្រធានប្តូរវេននៃសមាគមប្រជាជាតិអាស៊ីអគ្នេយ៍ឬដែលហៅកាត់ថា អាស៊ាន(ASEAN)ជាលើកទី៣។ ខណៈកម្ពុជាធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២ អ្នកតាមដានសភាពការណ៍នៅក្នុងតំបន់ និងអន្តរជាតិបានកត់សម្គាល់ឃើញថា មានបញ្ហាថ្មីតានតឹងមួយចំនួនបានកើតឡើង និងបញ្ហាចាស់ដែលបន្តសេសសល់ពុំទាន់បញ្ចប់។ ក្នុងនោះមានបញ្ហានៅប្រទេសមីយ៉ាន់ បញ្ហាសង្រ្គាមអ៊ុយក្រែន បញ្ហាចិន និងតៃវ៉ាន់ជាដើម។

ឯកឧត្តម គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេសនិងសហប្រតិបត្តិអន្តរជាតិ បានបញ្ជាក់ប្រាប់អ្នកសារព័ត៌មានកាលពីរសៀលថ្ងៃទី៤ខែវិច្ឆិកាម្សិលមិញនៅក្នុងវេទិកាមួយដែលរៀបចំឡើងដោយក្លិបអ្នកកាសែតកម្ពុជានៅភោជនីយដ្ឋានទន្លេបាសាក់២ រាជធានីភ្នំពេញ ដោយទទួលស្គាល់ថា ដំណោះស្រាយបញ្ហាមីយ៉ាន់ម៉ា មិនមែនជារឿងងាយស្រួលឡើយ។ ឯកឧត្តមបានរំលឹកទៅដល់ប្រវត្តិដ៏ស្មុគស្មាញនៃប្រទេសនេះបន្ទាប់ពីការបញ្ចប់អាណានិគមបរទេសប្រទេសនេះ ត្រូវបានគ្រប់គ្រងដោយយោធា។ បច្ចុបប្បន្នមានក្រុមប្រដាប់អាវុធរៀងៗខ្លួនចំនួន២០។ បញ្ហាមីយ៉ាន់ម៉ា ជា “ថ្មក្តៅ” តែ យើងអាចគ្រប់គ្រងបាន ទោះជាមិនអាចធ្វើឱ្យត្រជាក់បាន តែក៏យើងមិនឱ្យប្រេះបែកដែរ។ យើងព្យាយាមអស់លទ្ធភាព។គ្រប់រឿងយើងបានបញ្ចេញ។
ឯកឧត្តម គង់ ភោគ បញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន ក្នុងនាមជាប្រធានអាស៊ានបញ្ជាក់រួចហើយថា ១.ធ្វើអ្វីក៏ធ្វើទៅតែឱ្យតែចូលរួមដើម្បីសន្តិសុខ សន្តិភាពក្នុងតំបន់ ២.ធ្វើអ្វីក៏ធ្វើទៅ កុំតែទៅវាយប្រហារប្រទេសមួយផ្សេងទៀត ៣.ធ្វើអ្វីក៏ធ្វើទៅឱ្យតែស្របតាមគោលការណ៍អាស៊ាន និងធម្មនុញ្ញអាស៊ាន។ ឯកឧត្តមបន្តថា មីយ៉ាន់ម៉ា នៅតែជាសមាជិកគ្រួសារអាស៊ាន។ យើងត្រូវរកការជួយដោះស្រាយគ្នា។ យើងក៏ត្រូវយល់ពីបញ្ហារបស់មីយ៉ាន់ម៉ាផងដែរ។
នៅពេលសួរដោយអ្នកកាសែតថា ក្នុងពេលដែរអវត្តមានមីយ៉ាន់ម៉ា តើសេចក្តីថ្លែងការណ៍រួមអាស៊ានអាចចេញបានទេសម្រាប់កិច្ចប្រជុំកំពូលខាងមុខ? ឯកឧត្តម គង់ ភោគ បានផ្តល់ចម្លើយរបៀបការទូតថា យើងបានអញ្ជើញគាត់មកចូលរួម តែគាត់មិនមក។ បានសេចក្តីថា គាត់បានដឹងអំពីកិច្ចប្រជុំនេះរួចហើយ។

បន្ថែមលើអ្វដែលឯកឧត្តម គង់ ភោគ បានបញ្ជាក់ខាងលើ លោក ពុយ គា ដែលជាអ្នកកាសែតនៃទីភ្នាក់ងារជប៉ុនក្យូដូនិងជាអ្នកប្រឡូកក្នុងកិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំពាក់ពន្ធរហូតមក បានកត់សម្គាល់ដោយការកោតសរសើររាជរដ្ឋាភិបាលកម្ពុជា ក្នុងដោះស្រាយបញ្ហាមីយ៉ាន់ម៉ាដោយរក្សានូវគ្រួសារអាស៊ានដែលមានសមាជិក១០ប្រទេសដដែល។ មីយ៉ាន់ម៉ានៅតែជាសមាជិកអាស៊ាន។ លោកបញ្ជាក់ថា ក្នុងពេលដែលកម្ពុជាធ្វើជាប្រធានអាស៊ាន ប្រសិនយើងមិនបានថ្នាក់ថ្នមឱ្យបានល្អទេ ហើយមីយ៉ាន់ម៉ា ប្រកាសចាកចេញនោះ គឺនោះជាការបាក់មុខរបស់ប្រធានអាស៊ាន។
ចំណែកលោក សួន សេរីរដ្ឋា បានបង្ហាញទស្សនៈរបស់លោកប្រាប់ AMS ថា នៅពេលដែលកម្ពុជាទទួលបានឋានៈប្រធានប្តូរវេនលើកទី៣សម្រាប់ដឹកនាំអង្គការអន្តររដ្ឋាភិបាលអាស៊ាននេះ គឺជារឿងមួយដែលយើងគិតថាជាប្រវត្តិសាស្ត្រថ្មីសម្រាប់ការដឹកនាំអង្គការអន្តររដ្ឋាភិបាលអាស៊ាននេះ ពីព្រោះក្នុងនោះមានប្រទេសមួយដែលមានវិបត្តិបែកបាក់គ្នាធ្ងន់ធ្ងរជម្លោះនយោបាយគឺប្រទេសមីយ៉ាន់ម៉ា។ មុននេះគឺ ប្រធានអាស៊ានចាស់ដែលប្តូរវេន នោះ គឺថាមិនអាចបញ្ជូនប្រេសិតអាស៊ានចូលទៅក្នុងប្រទេសមីយ៉ាន់ម៉ាបានទេ ប៉ុន្តែនៅពេលដែលកម្ពុជាបានទទួលឋានៈជាប្រធានអាស៊ានភ្លាម គឺកម្ពុជាបានសម្របសម្រួលជាមួយនឹងមេដឹកនាំយោធានៃប្រទេសមីយ៉ាន់ម៉ា ហើយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា គឺបានដឹកនាំគណៈប្រតិភូជាន់ខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជាអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា។ បន្ទាប់ មកក៏បានតែងតាំងនូវប្រេសិតអាស៊ាន។ លោក សេរីរដ្ឋា បានបន្តទៀតថា ឯកឧត្តម ប្រាក់ សុខុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីការបរទេស ដែលទទួលការតែងតាំងជាប្រេសិតប្រធានអាស៊ាន គឺលោកតែងតែធ្វើកិច្ចការនេះជាមួយមន្ត្រីរបស់ប្រទេសមីយ៉ាន់ម៉ា។ មែនទែនលក្ខណៈត្រៀមនោះ គឺថាកម្ពុជាបានកសាងទំនាក់ទំនងល្អជាមួយនឹងរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាតាមរយៈការផ្តល់ជំនួយនៅគ្រឿងវេជ្ជសាស្ត្រ និងគ្រឿងបរិក្ខាពេទ្យសម្រាប់ទប់ស្កាត់ជំងឺកូវីដ-១៩ និងការពារកូវីដ-១៩ ដល់ប្រទេសមីយ៉ាន់ម៉ា។ នេះជាការទំនាក់ទំនងបើកផ្លូវសម្រាប់ធ្វើកិច្ចការក្នុងឋានៈធ្វើជាប្រធានអាស៊ាន ដើម្បីនឹងជួយដោះស្រាយបញ្ហាវិបត្តិនយោបាយ នៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ មួយវិញទៀត បញ្ហាជម្លោះដែនសមុទ្រចិនខាងត្បូង ក៏ជាផ្នែកមួយនៃការទទួលខុសត្រូវ ពីព្រោះបញ្ហានេះ នៅមិនទាន់ចប់បើទោះ បីជាក្នុងពេលមុនដែលកម្ពុជាទទួលបានឋានៈជាប្រធានអាស៊ាននោះ គឺបានរៀបចំដោះស្រាយនឹងមានការប្រជុំជាបន្តបន្ទាប់តែវាមិនទាន់ចប់សព្វគ្រប់ទេ គឺវានៅសេសសល់បញ្ហាជាច្រើន ដែលត្រូវឲ្យកម្ពុជាទទួលឋានៈ ហើយត្រូវសម្របសម្រួលជាមួយបណ្តាប្រទេស ដែលមានទំនាស់បញ្ហាដែនសមុទ្រចិនខាងត្បូងនេះ ជាមួយនឹងប្រទេសចិនតែម្តង។

លោកបន្តថា បញ្ហាពីរនេះគឺបញ្ហាក្តៅនៅមីយ៉ាន់ម៉ា និងបញ្ហាទំនាស់រវាងចិនជាមួយបណ្តាប្រទេសជាប់ដែនកោះជាមួយគ្នា ហើយក្នុងនឹងផងដែរ យើងឃើញអ្វីដែលបូកបញ្ចូលថ្មីនោះ គឺបញ្ហាទំនាស់រវាងអ៊ុយ ក្រែន និងរុស្ស៊ី ក៏ជាផ្នែកមួយកើតឡើងនៅក្នុងពេលកម្ពុជាទទួលឋានៈ ជាប្រធានអាស៊ានផងដែរ។ ភាពតានតឹងរវាងទំនាក់ទំនងចិនដីគោក និងកោះតៃវ៉ាន់ ដែលមានការលូកលាន់នយោបាយសំណាក់រដ្ឋាភិបាលអាមេរិកគាំទ្រកិច្ចការនយោបាយផ្ទៃក្នុងរបស់តៃវ៉ាន់ ក៏កើតក្នុងពេលដែលកម្ពុជាទទួលឋានៈជា ប្រធាន អាស៊ានផងដែរ។
លោកបន្តថា បញ្ហាធំៗរបស់ពិភពលោកដែលកើតឡើងពេលដែលកម្ពុជាទទួលឋានៈជាប្រធានអាស៊ាន គឺសុទ្ធតែជាបញ្ហាប្រឈមជាមួយនឹងមហាអំណាចទាំងអស់រវាងបញ្ហា កោះតៃវ៉ាន់ ជាមួយនឹងចិនដីគោក ។គឺជាការប្រឈមុខដាក់គ្នាមិនមែនតែបញ្ហាកោះតៃវ៉ាន់មេដឹកនាំតៃវ៉ាន់ ជាមួយចិនដីគោកទេ ប៉ុន្តែរវាងអាមេរិក និង ចិនដែលជាមហាអំណាចដូចគ្នា។ បញ្ហាសង្គ្រាមនៅអ៊ុយក្រែន គឺជាបញ្ហារវាងប្រទេស មហាអំណាចរុស្ស៊ី ដែល គេហៅថាមហាខ្លាឃ្មុំ ទឹកកកនោះ ជាមួយនឹងអឺរ៉ុប។ ប៉ុន្តែ យ៉ាងណាក៏ដោយ គឺកិច្ចការសម្របសម្រួលទាំងកិច្ចប្រជុំ វត្តមានរបស់រដ្ឋមន្ត្រីការបរទេស និង ប្រមុខរដ្ឋនៃបណ្តាប្រទេស ដែល ជាប់ពាក់ព័ន្ធជាដៃគូរដែលត្រូវមានវត្តមានចូលរួមប្រជុំជាមួយនឹងអាស៊ាននៅក្នុងទឹកដីប្រទេសកម្ពុជា គឺកម្ពុជាបានរៀបបចំសម្របសម្រួលយ៉ាងល្អបំផុត។
លោកបន្តថា យើងឃើញហើយពេលដែលកិច្ចប្រជុំនៅក្នុងទីក្រុងភ្នំពេញអ្វីដែលជាបញ្ហាប្រឈមនឹងលំបាកបំផុតនោះ គឺការទទួលនូវរដ្ឋមន្ត្រីការបរទេសចិនជាមួយនឹងរដ្ឋមន្ត្រីការបរទេសអាមេរិក ដើម្បីចូលប្រជុំជាមួយគ្នា និងបណ្តាប្រទេសសមាគមអាស៊ានក្នុងពេលដែលភាពតានតឹងរវាង តៃវ៉ាន់និងចិនដីគោកកើតឡើង។ មួយវិញទៀតបញ្ហារុស្ស៊ី និងអ៊ុយក្រែន ក៏ជាបញ្ហាមួយដ៏រសើបសម្រាប់បណ្តាប្រទេសអឺរ៉ុប ដែលស្ថិតនៅក្នុងសមាគមណាតូ ប្រឈមមុខជាមួយនឹងរុស្ស៊ីផងដែរ។ ដូច្នេះវាមិនមែនតែបញ្ហាមីយ៉ាន់ម៉ាតែមួយដែលជាសមាជិកអាស៊ានទេ គឺវាកើតឡើងនៅជុំវិញពិភពលោកទាំងក្នុងតំបន់អាស៊ាន ទាំងនៅអឺរ៉ុប ទាំងនៅកោះតៃវ៉ាន់ជាមួយនិងចិនដីគោក។ បញ្ហាទាំងអស់នេះ គឺត្រូវបានលើកមកដាក់សម្ពាធលើការរៀបចំកិច្ចប្រជុំអាស៊ាននៅក្នុងប្រទេសកម្ពុជារបស់យើងទាំងអស់។ ក៏ប៉ុន្តែ ទោះបញ្ហាទាំងនេះ គឺជាបញ្ហាធំបញ្ហារសើប បញ្ហាក្តៅ ដែលសុទ្ធ តែជាបញ្ហាត្រូវការដោះ ស្រាយដោយថ្នាក់ដឹកនាំនៃអង្គការពិភពលោក ក៏ប៉ុន្តែកម្ពុជាបានសម្របសម្រួលកិច្ចប្រជុំនេះបានយ៉ាងជោគជ័យ។ លោក សេរីរដ្ឋា បញ្ជាក់ជាចុងក្រោយថា នេះគឺជាកត្តាកំណត់មួយដែលបង្ហាញអំពីសមត្ថភាពនៃការសម្របសម្រួលកិច្ចការទូតនិងការបរទេសរបស់កម្ពុជាក្នុងឋានៈ ជាប្រធានអាស៊ានប្តូរវេនលើកទី៣នេះ។ ចំណុចនេះក៏ជាចំណុចមួយដែរដែលកម្ពុជារៀនសូត្រអំពីការរៀបចំសម្របសម្រួលនៅកិច្ចប្រជុំធំៗជាច្រើនថែមទៀត មុនពេលដែលបញ្ចប់អាណត្តិជាប្រធានអាស៊ានប្តូរវេននៅខែធ្នូឆ្នាំ២០២២ខាងមុខនេះ៕
ដោយ៖ជម្ពូនុទ,ពលជ័យ