ក្រុមប្រទេស G7 ព្រមព្រៀងគ្នាសម្របសម្រួលជំនួយដើម្បីស្តារវិស័យថាមពលរបស់អ៊ុយក្រែនឡើងវិញ
អាល្លឺម៉ង់៖ក្រុមប្រទេសអ្នកមានទាំង៧ (G7) បានព្រមព្រៀងគ្នាកាលពីថ្ងៃសុក្រ ទី០៤ ខែវិច្ឆិកា ដើម្បីសម្របសម្រួលនូវជំនួយគាំទ្ររបស់ពួកគេដល់ដំណើរការស្តារឡើងវិញនូវការផ្គត់ផ្គង់ថាមពល និងទឹកដល់ប្រទេសអ៊ុយក្រែន បន្ទាប់ពីប្រទេសនេះបានរងការវាយប្រហារយ៉ាងដំណំពីសំណាក់រុស្ស៊ីកាលពីពេលថ្មីៗនេះ លើបណ្តាញថាមពលអគ្គិសនីដែលបង្កឲ្យដាច់ចរន្តអគ្គិសនីដ៏លើសលប់។
រដ្ឋមន្ត្រីការបរទេសនៃបណ្តាប្រទេសប្រជាធិបតេយ្យដ៏មានស្តុកស្តម្ភផុតលេខទាំង៧នេះ បានលើកឡើងបន្ទាប់ពីជំនួបប្រជុំគ្នារយៈពេល ២ថ្ងៃនៅទីក្រុង Muenster ភាគខាងលិចប្រទេសអាល្លឺម៉ង់ ដូច្នេះថា៖ «យើងនឹងនៅឈរយ៉ាងរឹងមាំជាមួយអ៊ុយក្រែនឲ្យបានយូរបំផុតតាមតែអាចធ្វើបាន»។
តាមរយៈសេចក្តីថ្លែងការណ៍រួមរបស់ក្រុមប្រទេសអ្នកមានទាំង៧ (G7) បានបញ្ជាក់ថា៖ «ថ្ងៃនេះ ពួកយើងបានបង្កើតយន្តការសម្របសម្រួលមួយរបស់ G7 ដើម្បីជួយឲ្យអ៊ុយក្រែនជួសជុល ស្តារ និងការពារហេដ្ឋារចនាសម្ព័ន្ធថាមពល និងទឹកដ៏សំខាន់របស់ខ្លួន»។
គួរជម្រាបជូនថា បន្ទាប់ពីសង្គ្រាមឈ្លានពានរបស់រុស្ស៊ីទៅលើអ៊ុយក្រែនតាំងពីថ្ងៃទី២៤ ខែកុម្ភៈ មក ការពង្រឹងទំនាក់ទំនងវិស័យយោធារវាងប្រទេសអ៊ីរ៉ង់ជាមួយនឹងរដ្ឋធានីមូស្គូកាន់តែមានភាពស៊ីជម្រៅបន្ថែមទៀតពាក់ព័ន្ធនឹងសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន នេះ ព្រមជាមួយការកើនឡើងនូវភាពដាច់ខាតនិយមរបស់ចិនចំពោះភូមិសាស្ត្រនយោបាយអន្តរជាតិ ជាកត្តាជំរុញឲ្យកើតមានរបៀបវារៈកិច្ចប្រជុំក្រុមប្រទេសអ្នកមានទាំង៧ G7 នេះឡើង។
យន្តការនៃការសម្របសម្រួលនេះ នឹងក្លាយទៅជាចំណុចស្នូលរបស់ក្រុមប្រទេសទាំង៧ នៅរវាងប៉ុន្មានថ្ងៃ ឬប៉ុន្មានសប្តាហ៍ខាងមុខទៀត នេះបើតាមការឲ្យដឹងពីមន្ត្រីជាន់ខ្ពស់នៃក្រសួងការបរទេសអាមេរិកដែលបានបា្រប់អ្នកយកព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះ។
ក្នុងរវាងប៉ុន្មានសប្តាហ៍កន្លងមកនេះ រុស្ស៊ីបានបាញ់សង្គ្រប់កាំជ្រួចមីស៊ីល និងវាយប្រហារតាមរយៈយន្តហោះដ្រោនគ្មានមនុស្សបើក សំដៅលើហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន។ រដ្ឋបាលទីក្រុងកៀវ(Kyiv) បានអះអាងថា រុស្ស៊ីបានបំផ្លាញហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ខ្លួនរហូតដល់ ៤០% ខណៈអាជ្ញាធរអ៊ុយក្រែនបានព្រមានថា ពលរដ្ឋអ៊ុយក្រែននៅទីក្រុងគៀវអាចនឹងប្រឈមបញ្ហាដាច់ចរន្តអគ្គីសនីរាប់ម៉ោង ដោយសារការផ្គត់ផ្គង់ថាមពលអគ្គីសនីមានកំណត់។
មន្ត្រីអាមេរិកបានប្រាប់ឱ្យដឹងថា ជំនួយដែលត្រួវផ្តល់អោយទីក្រុងកៀវ សម្រាប់ការពារខ្លួនប្រឆាំង ព្រមទាំងឆ្លើយតបចំពោះការវាយប្រហារពីសំណាក់រុស្ស៊ីលើប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធស៊ីវិល ក៏នឹងរួមមានប្រព័ន្ធខែលការពារដែនអាកាសផងដែរ។
មន្រ្តីអាមេរិករូបនេះ បានបន្ថែមថា៖ «ធ្លាប់មានកិច្ចពិភាក្សាគ្រប់គ្រាន់មួយចំពោះបញ្ហានេះ ហើយប្រទេសណាខ្លះដែលមានសមត្ថភាពអាចផ្តល់ឲ្យអ៊ុយក្រែននូវរូបវន្តបុគ្គលនិងជំនួយនានាដែលអាចធានាឲ្យអ៊ុយក្រែនការពារខ្លួនកាន់តែប្រសើរឡើងថែមទៀត ទប់ទល់នឹងការវាយប្រហារដោយដ្រោន (UAV) និងមីស៊ីលទាំងនេះ»។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន Dmytro Kuleba ក៏បានចូលរួមក្នុងកិច្ចពិភាក្សាជាមួយក្រុមប្រទេស G7 តាមរយៈប្រព័ន្ធវីដេអូពីចម្ងាយផងដែរ។
ទីក្រុងមូស្គូបានទទួលស្គាល់ចំពោះគោលដៅវាយប្រហាររបស់ខ្លួនចំពោះប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់អ៊ុយក្រែន ប៉ុន្តែបន្តបដិសេធមិនទទួលស្គាល់ចំពោះគោដៅវាយប្រហាររបស់ខ្លួនចំពោះជនស៊ីវិលឡើយ ក្រោមមូលបទដែលខ្លួនហៅថាជា “ប្រតិបត្តិការយោធាពិសេស” នៅប្រទេសអ៊ុយក្រែន ដើម្បីលុបបំបាត់ក្រុមជាតិនិយមប្រកបដោយគ្រោះថ្នាក់ និងដើម្បីការពារពលរដ្ឋនិយាយភាសារុស្ស៊ីលើទឹកដីអ៊ុយក្រែន។
អ៊ុយក្រែននិងប្រទេសសម្ព័ន្ធមិត្តលោកខាងលិចរបស់ខ្លួនបានចោទប្រកាន់ដោយត្រង់ៗទៅកាន់អ៊ីរ៉ង់ថា បានបញ្ជូនយន្តហោះដ្រូនប្រហារ “kamikaze” ឬយានគ្មានមនុស្សបើក (UAVs) នេះ ទៅកាន់រុស្ស៊ី ដែលបន្ទាប់មក ត្រូវបានកងកម្លាំងរុស្ស៊ីយកទៅប្រើវាយប្រហារដើម្បីបំផ្លិចបំផ្លាញហេដ្ឋារចនាសម្ព័ន្ធរបស់អ៊ុយក្រែន ជាផ្នែកមួយនៃអំពើឈ្លានពានអ៊ុយក្រែននៃព្រឹត្តិការណ៍ ២៤ កុម្ភៈ។ ជុំវិញបញ្ហានេះ ប្រទេសអ៊ីរ៉ង់បានបដិសេធមិនទទួលយកការចោទប្រកាន់នេះឡើយ។
អង្គការណាតូ (NATO) បានសន្យាថា ខ្លួននឹងជំរុញកិច្ចការពារហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ បន្ទាប់ពីមានករណីលេចធ្លាយប្រព័ន្ធបង្ហូរឧស្ម័ន Nord Stream 1 និង Nord Stream 2 កាលពីខែកញ្ញាកន្លងទៅ ស្ថិតនៅបណ្តោយសមុទ្របាល់ទិកដែលនៅចន្លោះប្រទេសរុស្ស៊ីទៅអាល្លឺម៉ង់៕
ដោយ៖សំបាន ច័ន្ទដារ៉ា