អាមេរិកចង់ឱ្យសហភាពអឺរ៉ុប ចូលរួមជាមួយខ្លួនក្នុងការរឹតត្បឹតការនាំចេញបន្ទះឈីបទៅចិន

អាមេរិក៖សារព័ត៌មាន​ផ្សេង​ៗ​បាន​រាយការណ៍​ថា​ សហរដ្ឋ​អាមេរិក​​បាន​អំពាវ​នាវ​ឱ្យ​សហភាព​អឺរ៉ុប​ដាក់​ការ​​រឹត​ត្បឹត​លើ​ការ​​ចេញ​​សេម៊ីកុងឌុចទ័រ​ (បន្ទះ​ឈីប​)​​ ​ទៅ​ប្រទេស​ចិន​ ប៉ុន្តែ​ក៏​បង្ក​ជា​សំណួរជុំ​វិញ​​ថា​តើ ​សហរដ្ឋអាមេរិក​អាច​នឹង​អូស​ទាញ​បណ្ដុំ​សម្ព័ន្ធ​មិត្ត​​​ឱ្យ​ធ្វើ​តាម​​ខ្លួន​​ ដោយ​​សុខ​ចិត្ត​បោះ​បង់​ទីផ្សារ​ដែល​ជា​ប្រភព​មួយ​ដ៏​ធំ​នេះ​ ដែរ​ឬ​យ៉ាង​ណា​។ ​

កាល​ពី​ចុង​ខែ​តុលា​ ពោល​គឺ​ប៉ុន្មាន​ថ្ងៃ​កន្លង​ទៅ​នេះ​ ទីភ្នាក់​ងារ​សារព័ត៌មាន​ Bloomberg បាន​​រាយការណ៍​ថា​ រដ្ឋបាល​​របស់​លោក​ប្រធានាធិបតី​អាមេរិក​ ចូ បៃដិន​ កំពុង​ជំរុញ​ឱ្យ​សហភាព​អឺរ៉ុប​ចែក​រំលែក​ព័ត៌មាន​ និង​សម្រប​សម្រួល​ការ​អនុវត្ត​ ដើម្បី​ពង្រឹង​ការ​រឹត​បន្តឹង​ទ្វេ​ភាគី​របស់​សហរដ្ឋ​អាមេរិក​ លើ​ការ​នាំ​​ចេញ​ផ្សេង​ៗ​ទៅ​កាន់​ប្រទេស​ចិន​ ដែល​​​ស្រដៀង​នឹង​អ្វី​ដែល​អាមេរិក​ និង​ប្លុក​ ​បាន​ធ្វើ​ចំពោះ​ទីក្រុង​ម៉ូស្គូ​​ចាប់​តាំង​ពី​ដើម​ឆ្នាំ​នេះ​។​

សេចក្ដី​រាយការណ៍​នេះ​ ធ្វើ​ឡើង​បន្ទាប់​​ពី​​អនុ​រដ្ឋ​លេខា​ធិការ​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ ដែល​ទទួល​បន្ទុក​ឧស្សាហកម្ម​ និង​សន្តិសុខ​ លោក​ Alan Estevez ​បាន​អះ​អាង​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​ ២៧ ថា​ សហរដ្ឋ​អាមេរិក​នឹង​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ ជាមួយ​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ក្នុង​ពេល​ឆាប់​ៗ​​ ដើម្បី​ឱ្យ​ត្រូវ​គ្នា​ជាមួយ​នឹង​ច្បាប់​ថ្មី​ ដែល​រឹត​ត្បឹត​លើ​​លទ្ធភាព​ប្រើ​ប្រាស់ឧបករណ៍​ផលិត​​​បន្ទះ​ឈីប​ទំនើប​ ​របស់​ចិន​។

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ នាយក​រង​នៃ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​ទីផ្សារ​អន្តរជាតិ​ នៃ​វិទ្យាស្ថាន​ស្រាវ​ជ្រាវ​របស់​​ក្រសួង​ពាណិជ្ជកម្ម​ចិន​ លោក​ Bai Ming ​បាន​ថ្លែង​ប្រាប់កាសែត​ Asia Times ថា​​ ​​វា​មិន​ទំនង​ទេ​ថា​ ការ​អំពាវ​នាវ​របស់​អាមេរិក​ នឹង​​បំផុល​​​គំនិត​សហភាព​អឺរ៉ុប ​​ដែលគិត​យ៉ាង​ខ្លាំង​​ចំពោះ​ទីផ្សារ​​សេម៊ីកុងឌុចទ័រ​របស់​ចិន​នោះ​ទេ​។ ​

គួរ​រំឭក​ថា​ ចាប់​តាំង​ពី​ឆ្នាំ​ ២០២០ មក​ ​សហរដ្ឋ​អាមេរិក​បាន​ជំរុញ​ហូឡង់​​ ដែល​ជា​​​រដ្ឋ​សមាជិក​មួយ​របស់​សហភាព​អឺរ៉ុប​ ពី​ការ​នាំ​ចេញ​ទៅ​ប្រទេស​ចិន​ នូវ​ឧបករណ៍​ EUV ដែល​គេ​ប្រើ​ក្នុង​ការ​ផលិត​បន្ទះ​​ឈីប​​ទំនើប។ ដើម្បី​បង្កើន​ភាព​តាន​តឹង​កាន់​តែ​ខ្លាំង​ ​ ​ក្នុង​ខែ​កក្កដា​ឆ្នាំ​នេះ​ សហរដ្ឋ​អាមេរិក​បាន​ដាក់​សម្ពាធ​​បន្ថែម​ទៅ​លើ​ក្រុម​ហ៊ុន​ផលិត​សេម៊ីកុងឌុចទ័រ​ហូឡង់​ ASML Holding NV ​ឱ្យ​បញ្ឈប់​ការ​លក់​​ DUV របស់​ខ្លួន​ ដែល​ជា​ឧបករណ៍​ស្រដៀង​នឹង​ EUV​ ទៅ​ឱ្យ​ប្រទេស​ចិន​។​ ប្រសិន​បើ​យុទ្ធ​សាស្រ្ត​នេះ​​ជោគ​ជ័យ​ ​នោះ​ចិន​នឹង​មិន​អាច​ផលិត​​​​សេម៊ីកុងឌុចទ័រ​ជា​ច្រើន​ប្រភេទ​។

​កាល​ពី​ខែ​ដើម​ខែ​តុលានេះ​​ ការិយាល័យ​ឧស្សាហកម្ម​ និង​សន្តិសុខ​ (BIS) ​នៃ​ក្រសួង​ពាណិជ្ជកម្ម​សហរដ្ឋ​អាមេរិក​ បាន​បង្ហាញ​ពី​ការ​ទប់​ស្កាត់​ថ្មី​ ដែល​ហាម​ឃាត់​ការ​លក់​ដោយ​ក្រុមហ៊ុន​អាមេរិក​នូវ​បន្ទះ​ឈីប​ និង​ឧបករណ៍​ផលិត​បន្ទះ​ឈីប​​ទំនើប​ទៅ​កាន់​ប្រទេស​ចិន​។​

​ប៉ុន្តែ​រហូត​មក​ដល់​ពេល​នេះ​ ខណៈ​ពេល​ដែល​ការ​​រឹត​ត្បឹត​​របស់​សហរដ្ឋ​អាមេរិក​គ្រប​ដណ្តប់​លើ​ការ​នាំ​ចេញ​​​ឧបករណ៍​ EUV ​កម្រិត​ខ្ពស់​ ទីក្រុង​វ៉ាស៊ីនតោន​មិន​បាន​ប្រកាស​ជា​ផ្លូវ​ការ​អំពី​ការ​ពង្រីក​ការ​ហាម​ឃាត់​ដើម្បី​គ្រប​ដណ្តប់​លើ​ឧបករណ៍​ DUV ​នោះ​ទេ​។​ តែ​​​​គេ​សង្កេត​ឃើញ​ថា​ ការ​បញ្ចុះ​បញ្ចូល​គឺ​ជា​ពាក្យ​ដែល​ពេញ​និយម​ ខណៈ​ការ​ពិភាក្សា​ លើ​ការ​ជំរុញ​របស់​អាមេរិក​ឱ្យ​ក្រុមហ៊ុន​​ ASML ​ហាម​ឃាត់​ការ​នាំ​ចេញ​ DUV ​ទៅ​កាន់​​ចិន​ នៅ​តែ​បន្ត​។​

​ក្រុម​ហ៊ុនយក្ស​​ ASML ​នៅ​តែ​ប្រយ័ត្ន​លើ​ជំហ​ពាណិជ្ជកម្ម​របស់​ខ្លួន​ ដោយ​​គូស​បញ្ជាក់​ក្នុង​សេចក្ដី​ថ្លែង​ការណ៍​មួយ​កាល​ពី​ថ្ងៃ​ទី​ ១៩ ខែ​តុលា​ថា​៖ «​យើង​កំពុង​បន្ត​វាយ​តម្លៃ​ និង​អនុវត្ត​តាម​បទ​ប្បញ្ញត្តិ​គ្រប់​គ្រង​ការ​នាំ​ចេញ​ថ្មី​របស់​សហរដ្ឋ​អាមេរិក​​។​​ ផ្អែក​លើ​ការ​វាយ​តម្លៃ​ដំបូង​របស់​យើង​ ការ​រឹត​បន្តឹង​ថ្មី​មិន​ផ្លាស់​ប្ដូរ​​ច្បាប់​គ្រប់​គ្រង​​ឧបករណ៍​ផលិត​បន្ទះ​ឈីប​ ​ដែល​ក្រុម​ហ៊ុន​ ASML ​ដឹក​ចេញ​ពី​ហូឡង់​នោះ​ទេ​»។ ​​ក្រុម​ហ៊ុន​បាន​​បន្ថែម​ថា​ ផល​ប៉ះ​ពាល់​ដោយ​ផ្ទាល់​នៃ​ការ​​រឹត​ត្បឹត​លើ​​ការ​​​នាំ​​ចេញ​​ថ្មី​របស់​សហរដ្ឋ​អាមេរិក​លើ​ផែនការ​ដឹក​ជញ្ជូន​ទាំង​មូល​នៅ​ឆ្នាំ​ ២០២៣​ នឹង​មាន​កម្រិត​។​

ជុំ​វិញ​បញ្ហា​នេះ មន្រ្តី​​ក្រសួង​ពាណិជ្ជកម្ម​អាមេរិក​ លោក​ Estevez ​បាន​ប្រាប់​អ្នក​យកព័ត៌មាន​ទៀត​ថា​ ក្រុម​ការងារ​របស់​លោក​ ​​កំពុង​ស្វែង​រក​ការ​គាំទ្រ​ពី​សម្ព័ន្ធ​មិត្ត​ ដើម្បី​ដាក់​បម្រាម​ការ​នាំ​ចេញ​បន្ទះ​ឈីប​​ទៅ​ចិន​ ហើយ​ក្នុង​ពេល​ជាមួយ​គ្នា​នេះ​ ក៏​កំពុង​ពិចារណា​លើ​ការ​រឹត​បន្តឹង​លើ​ប្រភេទ​បច្ចេកវិទ្យា​ផ្សេង​ទៀត​ដូច​ជាគ្រឿង​​កុំព្យូទ័រ​កង់ទិច​ (Quantum Computing) ​ជីវ​បច្ចេក​វិទ្យា​ និង​បញ្ញា​សិប្ប​និម្មិត (AI)​។​

លោក​ Estevez បាន​លើក​ឡើង​ទៀត​ថា​ កិច្ច​ព្រម​ព្រៀង​គ្រប​ដណ្តប់​លើ​បន្ទះ​ឈីប ​និង​ឧបករណ៍​សម្រាប់​ផលិត​បន្ទះ​ឈីប​ នឹង​ត្រូវ​​​ចុះ​ហត្ថលេខា​រវាង​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​របស់​ខ្លួន​ ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​។​ ប៉ុន្តែ​​ លោក​​មិន​​បាន​​បញ្ជាក់​​បន្ថែម​​ពី​​មូល​ហេតុ​​ផ្លូវ​​ច្បាប់​ ​​ថា​​តើ​​កិច្ច​​ព្រម​​ព្រៀង​​នេះ​​អាច​​ផ្អែក​​​លើ​​អ្វី​​នោះ​​ទេ​។​

យ៉ាង​ណា​មិញ​ ​Bloomberg បានរាយការណ៍ ដោយ​ស្រង់​ស្ដី​​ប្រភព​មិន​បញ្ចេញ​ឈ្មោះ​​​ថា​ សហរដ្ឋ​អាមេរិក​បាន​ស្នើ​ឱ្យ​សម្ព័ន្ធ​មិត្ត​អឺរ៉ុប​របស់​ខ្លួន​ ដាក់​ការ​ត្រួត​ពិនិត្យ​ការ​នាំ​ចេញ​ទៅ​ចិន​ដូច​អ្វី​ដែល​អឺរ៉ុប​បាន​ដាក់​ទណ្ឌកម្ម​រុស្ស៊ី​ ចំពោះ​ការ​លុក​លុយ​​​អ៊ុយក្រែន ដែល​គេ​មើល​ឃើញ​ថា​នឹង​ពង្រឹង​​អំណាច​ ក៏​ដូច​ជា​ផ្ដល់​ប្រយោជន៍​ភូមិ​សាស្រ្ត​​នយោបាយ​សម្រាប់​អាមេរិក​​​។​​

ទោះ​បី​ជា​យ៉ាង​នេះ​ក៏​ដោយ​ តាម​ការ​រាយការណ៍​ដដែល​ សហភាព​អឺរ៉ុប​មិន​មាន​ទំនោរ​ក្នុង​ការ​កាត់​បន្ថយ​ការ​នាំ​ចេញ​​​​ទ្រង់​ទ្រាយ​ធំ​នោះ​ទេ​ ​ប៉ុន្តែ​ប្រភព​ម្នាក់​បាន​អះ​អាង​ថា​ ​ប្លុក​ប្រហែល​​ជា​អាច​​បង្កើត​ការ​​ពិនិត្យ​​មើល​លើ​​ទំនិញ​ ​ដែល​​ទីក្រុង​ប៉េកាំង​អាច​ប្រើ​ ​ដើម្បី​ពង្រឹង​សមត្ថភាព​យោធា​របស់​ខ្លួន​។​​

​ប្រធាន​អ្នក​វិភាគ​​​ពី​ក្រុម​ហ៊ុន​ប្រឹក្សា​យោបល់​ ​​ ICWise ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​សៀងហៃ​ ​​លោក​ Gu Wenjun ​បាន​​បង្ហាញ​ទស្សនៈ​ថា​ ​វិសាល​ភាព​នៃ​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​ បាន​ពង្រីក​ពី​ការ​ផ្តោត​ទៅ​លើ​តែ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​ចិន​ ដល់​ការ​កំណត់​ប្រតិបត្តិការ​របស់​អ្នក​ផ្គត់​ផ្គង់​បន្ទះ​ឈីប​អន្តរជាតិ​ ឬ​ឧបករណ៍​ផលិត​ឈីប​ ​ដែល​ធ្វើ​ប្រតិបត្តិការ​នៅ​​​ចិន​ដី​គោក​។​

លោក Gu ​បាន​​បន្ត​ថា​ ក្រុមហ៊ុន​អន្តរជាតិ​មួយ​ចំនួន​ចង់​បង្កើន​ការ​វិនិយោគ​របស់​ពួក​គេ​នៅ​ក្នុង​ប្រទេស​ចិន​ ប៉ុន្តែ​ពួក​គេ​កំពុង​រង់​ចាំ​មើល​វិធានការ​ប្រឆាំង​របស់​​​ចិន​ ជំទាស់​នឹង​​ការ​ដាក់​ទណ្ឌកម្ម​របស់​សហរដ្ឋ​អាមេរិក​។​ លោក​បាន​បន្ថែម​ទៀត​​ថា​ ​ចិន​គួរ​តែ​លើក​ទឹក​ចិត្ត​ឱ្យ​ក្រុមហ៊ុន​សេម៊ីកុងឌុចទ័រ​​មក​ពី​ប្រទេស​ហូឡង់​ ជប៉ុន​ និង​កូរ៉េ​ខាង​ត្បូង ​ចូល​​ទៅ​ក្នុង​ទីផ្សារ​បន្ទះ​ឈីប​របស់​ខ្លួន​ ដោយ​សារ​តែ​ក្រុមហ៊ុន​អឺរ៉ុប​មួយ​ចំនួន​បាន​ចាប់​ផ្តើម​ចរចា​ជាមួយ​សហរដ្ឋ​អាមេរិក​លើ​បញ្ហា​នេះ​។​​

ឆ្លើយ​តប​នឹង​បញ្ហា​នេះ​ដូច​គ្នា​ លោក​ ​​Bai ពី​ក្រសួង​ពាណិជ្ជកម្ម​ចិន​ បាន​ប្រាប់​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ចិន​​នៅ​ចុង​ខែ​តុលា​នេះ​ថា​ ​សហភាព​អឺរ៉ុប​​ប្រហែល​ជា​នឹង​មិន​ធ្វើ​តាម​ការ​អំពាវ​នាវ​របស់​សហរដ្ឋ​អាមេរិក​ ក្នុង​ការ​​រឹត​​បន្តឹង​លើ​ការ​នាំ​ចេញ​បន្ទះ​ឈីប​ទៅ​ចិន​នោះ​ទេ​ ដោយ​សារ​តែ​​បច្ចុប្បន្ន​​នេះ​​ ​ចិន​គឺ​ជា​ទីផ្សារ​​សេម៊ីកុងឌុចទ័រ​​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​ និង​មាន​តួនាទី​សំខាន់​​ក្នុង​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​បន្ទះ​ឈីប​សកល​។ លោក Bai ​បន្ត​ថា​ សហរដ្ឋ​អាមេរិក​ ក៏​ដូច​ជា​សេដ្ឋកិច្ច​ពិភព​លោក​នឹង​រង​ភាព​ឈឺ​ចាប់​ ប្រសិន​បើ​ក្រុមហ៊ុន​ផលិត​បន្ទះ​ឈីប​របស់​ចិន​ ​​ដក​ចេញ​ពី​ខ្សែ​ចង្វាក់​ផ្គត់​ផ្គង់​ពិភព​លោក​៕

ដោយ៖ហួន ឌីណា

ads banner