ការនាំចេញរបស់កូរ៉េខាងត្បូងក្នុងខែតុលា ធ្លាក់ចុះខ្លាំងបំផុតក្នុងរយៈពេល ២៦ខែ

សេអ៊ូល៖ការ​នាំ​ចេញ​របស់​កូរ៉េ​ខាង​ត្បូង​​កាល​ពី​​ខែ​តុលា​នេះ​ បាន​​ធ្លាក់​​ចុះ​​ខ្លាំង​​បំផុត​​ក្នុង​រយៈ​ពេល​ ២៦​​ ខែ​ ខណៈ​ពេល​ដែល​ឱនភាព​ពាណិជ្ជកម្ម​នៅ​តែ​បន្ត​​៧​ខែ​ជាប់​គ្នា​ ដែល​ជា​ការ​គូស​បញ្ជាក់​ថា​ សេដ្ឋកិច្ច​របស់​ប្រទេស​កំពុង​ធ្លាក់​ចុះ​ ​ខណៈ​​រូបិយប័ណ្ណ​ជាតិ​ក៏​កំពុង​ធ្លាក់តម្លៃ​​ជិត​កម្រិត​ទាប​ក្នុង​រយៈ​ពេល​ជាង​១​ទសវត្សរ៍​។ ​

​ទិន្ន​ន័យ​បឋម​របស់​រដ្ឋាភិបាល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​ ០១ ខែ​វិច្ឆិកា​ បាន​បង្ហាញ​ថា ការ​នាំ​ចេញ​របស់​កូរ៉េ​ខាង​ត្បូង​ បាន​ធ្លាក់​ចុះ​ ៥,៧ ភាគ​រយ​​ធៀប​នឹង​ឆ្នាំ​មុន​ មក​ត្រឹម​ ៥២,៤៨ ប៊ីលាន​ដុល្លារ​​ក្នុង​ខែ​តុលា​ ​​ដែល​ជា​ភាគ​រយ​ដ៏​ធំ​បំផុត​ចាប់​តាំង​ពី​ខែ​សីហា​ឆ្នាំ​ ២០២០ មក​។

​ទិន្នន័យ​បង្ហាញ​ទៀត​ថា​ កា​រ​​​នាំ​​ចេញ​​ទៅ​កាន់​ប្រទេស​ចិន​ ដែល​ជា​ទីផ្សារ​ធំ​បំផុត​របស់​កូរ៉េខាង​​ត្បូង​ បាន​​បាន​ធ្លាក់​ចុះ​ ១៥,៧ ភាគ​រយ​នៅ​ក្នុង​ខែ​តុលា​ ធៀប​នឹង​ឆ្នាំ​មុន​ ​ស្រប​ពេល​ដែល​សេដ្ឋកិច្ច​ចិន​​​កំពុង​​ធ្លាក់​​ចុះ​ពី​កត្តា​​ជា​ច្រើន​រួម​គ្នា​ រួម​ទាំង​ការ​រឹត​បន្តឹង​យ៉ាង​តឹង​រ៉ឹង​ដើម្បី​បញ្ឈប់​ការ​រីក​រាល​ដាល​នៃ​ជំងឺ​កូវីដ-១៩។  ​

​ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ទីផ្សារ​ក្នុង​ស្រុក​បាន​បង្ហាញ​ពី​ប្រតិកម្ម​បែប​ស្ងៀម​ស្ងាត់​ ​ចំពោះ​ទិន្នន័យ​ដែល​ធ្លាក់​ចុះ​ ខណៈ​ដែល​វិនិយោគិន​ផ្តោត​លើ​កិច្ច​ប្រជុំ​គោល​នយោបាយ​របស់​ធនាគារ​កណ្តាល​អាមេរិក​ នៅ​សប្តាហ៍​នេះ​។​ ជាមួយ​គ្នា​នោះ​ ទស្សន​វិស័យ​នៅ​តែ​ងងឹត​ ខណៈ​​សេដ្ឋកិច្ច​ពិភព​លោក​កំពុង​បាត់​បង់​សន្ទុះដោយ​​សារ​​​​រលក​​​​នៃ​ការ​រឹត​បន្តឹង​គោល​នយោបាយ​សកល​ ដើម្បី​ទប់​ស្កាត់​អតិផរណា​។​

​សេដ្ឋ​វិទូ​នៅ​ក្រុមហ៊ុន​ Hana Securities បាន​ថ្លែង​ប្រាប់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ថា​៖ «​មាន​ក្តី​សង្ឃឹម​តិច​តួច​សម្រាប់​​ការ​ត្រឡប់​​ទៅ​រក​ភាព​ប្រសើរ​ឡើង​វិញ​​ក្នុង​ពេល​ឆាប់​ៗ​នេះ ​ដោយ​សារ​តម្រូវ​ការ​របស់​ប្រទេស​ចិន​នឹង​នៅ​តែ​ខ្សោយ ​ហើយ​ឧស្សាហកម្ម​សេម៊ីកុងឌុចទ័រ​សកល​ ក៏​​កំពុង​ជួប​ប្រទះ​នឹង​​ការ​​កើន​​ឡើង​​នូវ​កម្រិត​សារពើភ័ណ្ឌ​»​។

ការ​ស្ទង់​មតិ​​របស់​ក្រុម​ហ៊ុន​ធានា​រ៉ាប់រង​ និង​ហិរញ្ញ​វត្ថុ​​ S&P Global អំពី​​អត្រា​អ្នក​គ្រប់​គ្រង​ការ​ទិញពី​ក្រុមហ៊ុន​ផលិតកម្ម​របស់​កូរ៉េ​ខាងត្បូងផ្សេង​ៗ​​ ក៏​​​បង្ហាញ​ពី​ការ​ធ្លាក់​ចុះ​ផង​ដែរ​នៃ​ការ​បញ្ជា​ទិញ​សម្រាប់​ការ​​នាំ​ចេញ​ថ្មី​នៅ​ក្នុង​ខែ​តុលា​ ដែល​ជា​ការ​ធ្លាក់​ចុះ​ក្នុង​រយៈ​ពេល​ ៨ ខែ​ជាប់​ៗ​គ្នា​ ដោយ​សារ​តែ​​ការ​ធ្លាក់​ចុះ​នៃ​សេដ្ឋកិច្ច​ពិភព​លោក​។

ផ្ទុយ​ទៅ​វិញ​ ការ​នាំ​ចូល​​របស់​កូរ៉េ​ខា​ងត្បូង​​បាន​កើន​ឡើង​ ៩,៩ ភាគរយ​ ​ដល់​ ៥៩,១៨ ប៊ីលាន​ដុល្លារ​ក្នុង​ខែ​តុលា​។  ​​ជា​លទ្ធផល​ ​​​​​ឱនភាព​ពាណិជ្ជកម្មបាន​កើន​ឡើង​ដល់​​ចំនួន​ ៦,៧៩ ប៊ីលាន​ដុល្លារ​​ ​​​ពី​ត្រឹម​ចំនួន​ ៣,៧៨ ប៊ីលាន​ដុល្លារក្នុង​ខែ​កញ្ញា​ ​ ​ហើយ​​វា​ជាខែ​ទី​៧ ​ដែល​​​ឱនភាព​ពាណិជ្ជកម្ម​របស់​កូរ៉េ​ខាង​ត្បូង​​បន្ត​កើន​ឡើង​។

អ្វី​ដែល​ជា​បញ្ហា​ប្រឈម​នោះ​គឺ​ថា​ ឱនភាព​នេះ​ នឹង​​ដាក់​​សម្ពាធ​បន្ថែម​ទៀត​ដល់​រូបិយប័ណ្ណ​វ៉ុន​របស់​ប្រទេស​ ដែល​ស្ថិត​ក្នុង​ចំណោម​រូបិយប័ណ្ណ​ដែល​ប្រឈម​មុខ​នឹង​ការ​ធ្លាក់​ថ្លៃ​បំផុត​​នៅ​អាស៊ី​ក្នុង​ឆ្នាំ​ ២០២២ នេះ​។ គួរ​បញ្ជាក់​ថា​ ប្រាក់​វ៉ុន​បាន​ធ្លាក់​​តម្លៃ​ប្រហែល​ ១៧ ភាគ​រយ​ បើ​ធៀប​​នឹង​ប្រាក់​ដុល្លារ​ រាប់​ចាប់​តាំង​ពី​ចុង​ឆ្នាំ​ ២០២១ មក​ ហើយ​​វា​ក៏​ធ្លាក់​ចុះ​ខ្លាំង​បំផុត​មិន​ធ្លាប់​មាន​ក្នុង​រយៈ​ពេល​ ១៣ ឆ្នាំ​ នៅ​ចុង​ខែ​តុលា​៕

 ដោយ៖ ហួន ឌីណា

ads banner