ទីផ្សារហិរញ្ញវត្ថុវៀតណាម កំពុងស្ថិតនៅក្នុងភាពស្រពិចស្រពិល ដោយសារធនាគាររងសម្ពាធផ្សេងៗ

វៀតណាម៖ទីផ្សារ​ហិរញ្ញ​វត្ថុនៅ​​វៀតណាម​ ដែល​ជា​​ប្រទេស​មាន​សេដ្ឋកិច្ច​លូត​លាស់​លឿន​ជាង​គេ​បំផុតនៅ​​អាស៊ី​ កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​មិន​ស្រួល​ ខណៈ​​ដែល​ការ​បង្រ្កាប​លើ​ការ​ផ្តល់​ប្រាក់​កម្ចី​លើ​អចលនទ្រព្យ​ រូបិយប័ណ្ណ​ធ្លាក់​ចុះ​ និង​ការ​កើន​ឡើង​អត្រា​ការ​ប្រាក់​ បាន​បង្ក​ជា​​សម្ពាធសម្រាប់​ធនាគារ។

តាម​ការរាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉យទ័រ​ ប្រាក់​ដុង​របស់​វៀតណាម​ និង​សន្ទស្សន៍​ហ៊ុន​គោល ​កំពុង​ឆ្ពោះ​ទៅ​រក​ដំណើរ​ការ​ប្រចាំ​ឆ្នាំ​ដ៏​អាក្រក់​បំផុត​ ដែល​មិន​ធ្លាប់​មាន​ចាប់​តាំង​ពី​វិបត្តិ​ហិរញ្ញ​វត្ថុ​ឆ្នាំ​ ២០០៨ ​ខណៈ​បច្ចុប្បន្ន​មាន​តែ​ផ្សារ​ហ៊ុន​ហុងកុង​ និង​រុស្ស៊ី​ ប៉ុណ្ណោះ​​ដែល​ប្រឈម​នឹង​ការ​ខាត​​បង់​កាន់​តែ​ខ្លាំង​​ទូទាំង​ពិភព​លោក​នៅ​ឆ្នាំ​នេះ​។​

​ការ​លក់​ ដែល​ស្ថិត​ក្នុងស្ថានភាព​មិន​អំណោយ​ផល​​​​​​ ចាប់​តាំង​​ភាគ​ហ៊ុន​អចលនទ្រព្យ​ និងមូលបត្រ​បំណុល​ រហូត​ដល់​​​ទី​ផ្សារ​​ទាំង​មូល​ បាន​ធ្វើ​ឱ្យ​ប៉ះ​ពាល់​ដល់​អ្វី​ដែល​អ្នក​គ្រប់​គ្រង​មូល​និធិ​បរទេស​ ធ្លាប់​លើក​ឡើង​ថា​នឹង​ក្លាយ​ជា​​ការ​ទាក់​ទាញ​ឱ្យ​មាន​ការ​វិនិយោគ​បន្ថែម​​ក្រោយ​វិបត្តិ​កូវីដ​។ ​

​ទន្ទឹម​ជា​មួយ​គ្នា​ វិនិយោគិន នៅ​តែ​​​មាន​ភាព​ច្របូក​ច្របល់​អំពី​សេដ្ឋកិច្ច​របស់​វៀតណាម ដែល​​មូល​និធិ​រូបិយ​វត្ថុ​អន្តរជាតិ​បាន​ព្យាករ​ថា​ នឹង​នៅ​តែ​ស្ថិត​ក្នុង​ចំណោម​កំណើន​លឿន​បំផុត​នៅ​អាស៊ី​នៅ​ឆ្នាំ​ក្រោយ​នេះ​។

​សេដ្ឋវិទូ​អាស៊ាន​នៅ​ធនាគារ​ Bank of America Securities​ លោក​ Mohamed Faiz Nagutha ​បាន​លើក​ឡើង​ដោយ​​សំដៅ​​លើ​អត្រា​ប្តូរ​ប្រាក់​ និង​សេដ្ឋកិច្ច​របស់​ប្រទេស​ទាំង​មូល​​ថា​៖ «​វា​មិន​ដួល​ចុះ​ទេ​ ប៉ុន្តែ​វា​កំពុង​ទទួល​សម្ពាធ​យ៉ាង​ខ្លាំង​»​។

លោក​​បាន​​បន្ត​​ថា​​៖​​ «​​វា​​អាច​​ជា​​រយៈ​ពេល៦​​ខែ​​ដ៏​​លំបាក​ ​ដែល​​វៀតណាម​​ត្រូវ​​ឆ្លង​កាត់​​។​ ​​មាន​សម្ពាធ​កាន់​តែ​ច្រើន​ដែល​យើង​គិត​ថា​នឹង​កើត​ឡើង​ក្នុង​រយៈ​ពេល​ដ៏​ខ្លី​ខាង​មុខ​នេះ​ ហើយ​​សម្ពាធ​ទាំង​នោះ​ប្រហែល​ជា​​កំណត់​តម្លៃ​រូបិយ​ប័ណ្ណ​​​ ឬ​​ដំឡើង​​អត្រាការ​​ប្រាក់​សារ​ជា​ថ្មី​»​។​

​គួរ​គូស​បញ្ជាក់​ថា​ ក្តី​បារម្ភ​​ទីផ្សារ​​​​គឺ​​​ការ​​ពោ​ពេញ​ទៅ​ដោយ​​​ភាព​ច្របូក​ច្របល់​ទ្វេរ​ដង កើត​ចេញ​​ការ​បង្រ្កាប​ការ​ប្រឆាំង​អំពើ​ពុក​រលួយ​ដែល​កំពុង​រីក​រាល​ដាល​លើ​វិស័យ​អចលនទ្រព្យ​ ហើយ​​ធ្វើ​ឱ្យ​​អ្នក​ជំនួញ​ ឈ្មួញ​កណ្តាល​ និង​អ្នក​អភិវឌ្ឍន៍​ល្បីៗត្រូវ​ប្រឈម​មុខ​​ និង​​​​បង្កក​ទីផ្សារ​បំណុល។

នា​ពេល​នេះ​ ធនាគារ​រដ្ឋ​នៃ​វៀតណាម​ (SBV) ​កំពុង​តែតឹង​តែង​ក្នុង​ការ​​រក្សា​​ស្ថិរភាព​​វិស័យ​​ធនាគារ​ និង​​គ្រប់​គ្រង​នៃ​ការ​​​​​​ឡើង​ចុះ​នៃ​​រូបិយ​ប័ណ្ណ​​ដុង​​​​ ដោយ​បង្កើន​អត្រាការ​ប្រាក់​​គោល​របស់​ខ្លួន​​ដល់​ ២០០ ចំណុច​ ​​​​ក្នុង​រយៈ​ពេលត្រឹម​តែ​​១​ខែបន្តិច​បន្តួច​​ ដើម្បី​តាម​ឱ្យ​ទាន់​ការ​កើន​ឡើង​អត្រា​ការ​ប្រាក់​​​សកល​។​ ជំហាន​​បែប​នេះ​ បាន​បន្ធូរ​បន្ថយ​ការ​ជាប់​គាំង​លើ​រូបិយប័ណ្ណ​ដុង​ ដែល​​ធ្លាក់​ចុះ​ភ្លាម​ៗ​ ៤​ ភាគ​រយ​​ទល់​នឹង​ប្រាក់​ដុល្លារ​ ដល់​កម្រិត​ទាប​បំផុត​កាល​ពី​ខែ​មុន​ ដែល​​ជា​ការ​ធ្លាក់​ចុះ​ប្រចាំ​ខែ​ដ៏​​ធ្ងន់​បំផុត​​​ក្នុង​រយៈ​ពេល​ជាង​មួយ​ទសវត្សរ៍​​។ ​

ការ​តម្លើង​អត្រា​ការ​ប្រាក់​នេះ​ ក៏​បាន​ធ្វើ​ឱ្យ​ធនាគារ​ផ្ដល់​ប្រាក់​កម្ចី​​ពាណិជ្ជកម្ម​ធំ​ជាង​គេ​ទី​៥​​របស់​ប្រទេស​ គឺ​ធនាគារ​ Saigon Joint Stock Commercial Bank ​(SCB) ​ស្ថិត​នៅ​ក្រោម​ការ​ត្រួត​ពិនិត្យពិសេស​របស់​ធនាការ​កណ្ដាល​វៀតណាម​ ​បន្ទាប់​ពី​អតិថិជន​បន្ត​ដក​ប្រាក់​បញ្ញើ​របស់​ខ្លួន​ពី​ធនាគារ​នេះ​។

យ៉ាង​ណា​ក៏​ដោយ​ ក្រុម​មន្រ្តី​បាន​ស្ដី​បន្ទោស​លើ​​​ឥណទាន​តឹង​រ៉ឹង​ និង​ការ​ធ្លាក់​ចុះ​នៃ​រូបិយប័ណ្ណ​ សម្រាប់​បញ្ហា​ក្នុង​សប្តាហ៍​នេះ​ រួម​ទាំង​​កង្វះ​ការ​ផ្គត់​ផ្គង់​ប្រេង​ឥន្ធនៈ​នៅ​តាម​បណ្ដា​​ទីក្រុង​ធំ​ៗ​ រួម​ទាំង​រដ្ឋធានី​ហាណូយ​ និង​ក្រុង​ហូជីមិញ​។​

ប៉ុន្តែ​អ្នក​ជំនាញ​​ក៏​មើល​ឃើញ​ផង​ដែរ​ថា​ បញ្ហា​ធំ​សម្រាប់​អ្នក​វិនិយោគ​គឺ​វិស័យ​អចលនាទ្រព្យ​ ​និង​ចំណែក​ទីផ្សារ​មូលបត្រ​បំណុល​សាជីវកម្ម​ ដែល​មាន​តម្លៃ​ ២៤ ប៊ីលាន​ដុល្លារ​​បាន​​ឡើង​ប៉ោង​​ បន្ទាប់​ពី​វិបត្តិ​ធនាគារ​មួយ​ទសវត្សរ៍​មុន​ បាន​បង្ហាញ​ពី​ការ​ពឹង​ផ្អែក​ខ្លាំង​លើ​ប្រាក់​កម្ចី​។​

​​យោង​តាម​គណៈកម្មាធិការ​សេដ្ឋកិច្ច​របស់​រដ្ឋ​សភា​វៀតណាម​ សម្ពាធ​កំពុង​កើន​ឡើង​ ដោយ​សារ​តែ​បំណុល​អចលនទ្រព្យ​ចំនួន​ ១៥ ប៊ីលាន​ដុល្លារ​ត្រូវ​កំណត់​សង​​​នៅ​​ឆ្នាំ​ ២០២៥​ ​​ប៉ុន្តែ​​អាជ្ញាធរ​​ដាក់​កម្រិត​លើ​ការ​ផ្តល់​ហិរញ្ញប្បទាន​ឡើង​វិញ​៕

ដោយ៖ហួន ឌីណា

ads banner