សារមន្ទីរជាតិនិងសារមន្ទីរទួលស្លែង នឹងបើកការចូលទស្សនានាពេលថ្ងៃត្រង់ឡើងវិញ ចាប់ពីថ្ងៃទី១៤វិច្ឆិកាតទៅ

អត្ថបទដោយ៖
CPA

សារមន្ទីរជាតិ​កម្ពុជា និងសារមន្ទីរ​ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ទួលស្លែង នឹងបើកឱ្យមានការចូលទស្សនានាពេល​ថ្ងៃ​ត្រង់​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ទី​១៤ ខែ​វិច្ឆិកា​ខាង​មុខ​តទៅ។ នេះ​បើ​តាម​សេចក្ដី​ជូន​ដំណឹង​របស់​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ ចុះ​ថ្ងៃ​ទី​០៤ ខែ​វិច្ឆិកា ឆ្នាំ​២០២២។

ការ​ទស្សនា​នា​ពេល​ថ្ងៃ​ត្រង់ ចាប់​ផ្ដើម​ពីចន្លោះពីម៉ោង១១និង៣០នាទីព្រឹក ដល់ម៉ោង១និង៣០នាទីរសៀល។ បើ​តាម​ក្រសួង​វប្បធម៌​និង​វិចិត្រ​សិល្បៈ ការបើក​ឱ្យ​ចូល​ទស្សនានា​ពេល​ថ្ងៃ​ត្រង់​ឡើង​វិញ​នេះ ធ្វើ​ឡើង​បន្ទាប់​ពី​សារមន្ទីរ​សង្កេត​ឃើញ​ថា ចំនួន​ភ្ញៀវ​ទេសចរណ៍​ជាតិ-អន្ដរជាតិ មាន​ការ​កើន​ឡើង​ជា​បន្ត​បន្ទាប់​ក្នុង​រយៈ​ពេល​កន្លង​មក​នេះ​។

សូម​រំឭក​ថា តាម​រយៈ​ការ​ថយ​ចុះ​នៃ​ចំនួន​ភ្ញៀវ​ទេសចរ ជា​ពិសេស​ទេសចរ​បរទេស​ដែល​ចូលមក​ទស្សនា​នៅ​កម្ពុជា ក្នុង​អំឡុង​ពេល​ជំងឺ​កូវីដ-១៩ អុកឡុក​ប្រទេស​កម្ពុជា ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បាន​សម្រេច​បិទ​ការ​ចូល​ទស្សនា​សារមន្ទីរ​ជាតិ និង​ផ្អាក​ដំណើរការ​រោងភាពយន្ត​នៅទូទាំង​ប្រទេស កាល​ពី​ខែ​វិច្ឆិកា​ឆ្នាំ​២០២០។

គឺ​រហូត​ទាល់​តែស្ថានភាព​រាតត្បាត​នៃ​ជំងឺ​កូវីដ​១៩​បាន​ធូរ​ស្រាល ទើប​ក្រសួង​វប្បធម៌សម្រេច​​អនុញ្ញាត​ឱ្យ​បើក​ដំណើរ​ការ​ឡើង​វិញ​ នូវ​ការ​ចូល​ទស្សនា​សារមន្ទីរ​ រោង​ភាព​យន្ត​ និង​រោង​សម្ដែង​សិល្បៈ ក្នុង​ភូមិ​សាស្ត្រ​រាជ​ធានី​ភ្នំពេញ នៅ​​ថ្ងៃ​ទី​៣០ តុលា ឆ្នាំ​២០២១​។ ចំណែក​ការ​ចូល​ទស្សនា​សារមន្ទីរ​ រោង​ភាព​យន្ត​ និង ​រោង​សម្ដែង​សិល្បៈ​ នៅ​តាម​បណ្ដា​ខេត្ត​នានា នៅ​ទូទាំង​កម្ពុជា​ បាន​ចាប់​ដំណើរការ​ឡើង​វិញ ចាប់​ពី​ថ្ងៃ​ទី​១៨ ខែវិច្ឆិកា ឆ្នាំ​២០២១​តទៅ​។​

យ៉ាង​ណា​ក៏​ដោយ នៅក្នុង​អំឡុង​ពេល​នៃ​ការ​បិទ​ដំណើរការជា​បណ្ដោះ​អាសន្នអស់​មួយ​រយៈ​នា​ពេល​​កន្លង​មក​នេះ ក្រុម​ការងារ​នៃ​សារមន្ទីរ​ជាតិ ក៏​ដូច​ជា​សារមន្ទីរ​ឧក្រិដ្ឋកម្ម​ប្រល័យ​ពូជសាសន៍​ទួល​ស្លែង នៅតែ​បន្ត​សកម្មភាព​កែ​លម្អ​ហេដ្ឋា​រចនា​សម្ព័ន្ធ និងបំពេញបន្ថែមនូវព័ត៌មានទាក់ទងនឹងប្រវត្តិសារមន្ទីរជាប់ជា​ប្រចាំ​៕ កែវ កិរិយា

ads banner