មេដឹកនាំបរទេសធំៗបញ្ជាក់ពីការចូលរួមកិច្ចប្រជុំកំពូលអាស៊ាននាសប្ដាហ៍ក្រោយនេះ
កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ នឹងបើកធ្វើជាផ្លូវការនៅថ្ងៃទី១១ ខែវិច្ឆិកា។ ប៉ុន្តែ ចាប់តាំងពីថ្ងៃទី៨ ខែវិច្ឆិកា កិច្ចប្រជុំមួយចំនួននឹងចាប់ផ្ដើមជាបណ្ដើរៗ។ នេះបើតាមការគូសបញ្ជាក់ពីលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស ដែលបានថ្លែងប្រាប់អ្នកសារព័ត៌មាននាជំនួបថ្ងៃទី៤ ខែវិច្ឆិកា នាឱកាសលោកអញ្ជើញចូលរួមនៅក្នុងកម្មវិធីជំនួបអ្នកសារព័ត៌មាន ស្ដីពីការត្រៀមយកព័ត៌មានកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ ដែលរៀបចំដោយក្លិបអ្នកកាសែតកម្ពុជា CCJ នៅភោជនីយដ្ឋានទន្លេបាសាក់។
សូមជម្រាបជូនថា នេះគឺជាលើកទី៣ហើយ ដែលជាកម្ពុជាធ្វើជាម្ចាស់ផ្ទះទទួលរៀបចំកិច្ចប្រជុំកំពូលអាស៊ាន ដោយលើកទី១ នៅឆ្នាំ២០០២ និងលើកទី២ នៅឆ្នាំ២០១២។
សម្រាប់ឆ្នាំ២០២២ មេដឹកនាំអាស៊ានចំនួន៨ នឹងមានវត្តមាននៅភ្នំពេញ ក្នុងនោះរួមមានលោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ដែលជាប្រធានកិច្ចប្រជុំ, ព្រះមហាក្សត្រប្រ៊ុយណេ ហាសាណាល់ ប៊ុលគៀ, ប្រធានាធិបតីឥណ្ឌូណេស៊ី លោកចូកូ វីដូដូ, នាយករដ្ឋមន្រ្តីឡាវ លោកផនខាំ វិផាវ៉ាន់, ប្រធានាធិបតីហ្វីលីពីន លោកហ្វែដីណាន់ ម៉ាកូស ជូនៀ, នាយករដ្ឋមន្រ្តីសិង្ហបុរី លោកលី សៀនឡុង, នាយករដ្ឋមន្រ្តីថៃ លោកប្រាយុទ្ធ ចាន់អូចា និងនាយករដ្ឋមន្ត្រីវៀតណាម ផាម មិញឈិញ។
ដោយឡែក លោកនាយករដ្ឋមន្ត្រីម៉ាឡេស៊ី អ៊ីស្មាអ៊ីល សាប៊្រី យ៉ាកុប នឹងមិនមានវត្តមាននៅក្នុងកិច្ចប្រជុំកំពូលនេះឡើយ ដោយសារតែលោកជាប់រវល់ក្នុងការបោះឆ្នោតថ្នាក់ជាតិ ខណៈមេដឹកនាំយោធាមីយ៉ាន់ម៉ា លោក មីន អ៊ុងឡាំង ក៏មិនត្រូវបានអញ្ជើញឱ្យចូលរួមដែរ។ សម្រាប់ប្រទេសមីយ៉ាន់ម៉ា អាស៊ានសម្រេចអញ្ជើញតំណាងមិនមែននយោបាយមកចូលរួមជំនួសវិញ។
សម្រាប់ដៃគូអាស៊ានវិញ លោក គង់ ភោគ បញ្ជាក់ថា ប្រធានាធិបតីអាមេរិក ចូ បៃឌិន និងនាយករដ្ឋមន្រ្តីចិន លី ខឺឈាងនឹងមានវត្តមានដោយផ្ទាល់។ នាយករដ្ឋមន្រ្តីជប៉ុន ប្រធានាធិបតីកូរ៉េខាងត្បូង នាយករដ្ឋមន្រ្តីអូស្ត្រាលី នាយករដ្ឋមន្ត្រីកាណាដា នាយករដ្ឋមន្រ្តីនូវែលសេឡង់ និងលោកអគ្គលេខាធិការអង្គការសហប្រជាជាតិ អាន់តូនីញ៉ូ ហ្គូតេរ៉េស ក៏បានបញ្ជាក់អំពីការចូលរួមដូចគ្នា។
ដោយឡែក ចំពោះមេដឹកនាំបរទេសដែលមិនបានចូលរួមនៅក្នុងកិច្ចប្រជុំកំពូលអាស៊ានឆ្នាំនេះ មានជាអាថិ៍៖ លោកនាយករដ្ឋមន្រ្តីឥណ្ឌា នារិន្ទ្រា ម៉ូឌី ដែលត្រូវអវត្តមានដោយសារការបោះឆ្នោតក្នុងប្រទេស ប៉ុន្តែលោកបានចាត់អនុប្រធានាធិបតី Jagdeep Dhankhar មកចូលរួមជំនួសវិញ។ ចំណែក លោក វ្លាឌីមៀ ពូទីន ប្រធានាធិបតីរុស្ស៊ី សម្រេចបញ្ជូនរដ្ឋមន្ត្រីការបរទេសមកចូលប្រជុំអាស៊ីបូព៌ា ដែលមានន័យថា កិច្ចប្រជុំកំពូលអាស៊ាន-រុស្ស៊ី សម្រាប់ឆ្នាំនេះ ពុំមានរៀបចំឡើយ។
បើទោះបីជាអវត្តមានមេដឹកនាំបរទេសមួយចំនួនដោយសារហេតុផលផ្សេងៗ ប៉ុន្តែលោក គង់ ភោគ រដ្ឋលេខាធិការក្រសួងការបរទេស បានថ្លែងដោយមោទកភាពអំពីសមត្ថភាពរបស់កម្ពុជាដែលអាចកៀរគរមេដឹកនាំធំៗឱ្យចូលរួមប្រជុំដោយផ្ទាល់បាន៕
សូមជម្រាបថា កិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និងទី៤១ ដែលនឹងត្រូវធ្វើឡើងនៅទីក្រុងភ្នំពេញ មានរួមបញ្ចូលនូវកិច្ចប្រជុំជាច្រើន ទាំងក្នុងផ្ទៃក្នុងអាស៊ាន និងជាមួយដៃគូរបស់ខ្លួន។ ព្រឹតិ្តការណ៍ប្រជុំថ្នាក់កំពូលមានដូចជា កិច្ចប្រជុំអាស៊ានលើកទី៤០ និងទី៤១, កិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុនលើកទី២៥, កិច្ចប្រជុំកំពូលអាស៊ាន-កូរ៉េលើកទី២៣, កិច្ចប្រជុំកំពូលអាស៊ានបូកបីលើកទី២៥, កិច្ចប្រជុំកំពូលរំឭកខួប៣០ឆ្នាំនៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា, កិច្ចប្រជុំកំពូលអាស៊ាន-អាម៉េរិកលើកទី១០, កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលីលើកទី២, កិច្ចប្រជុំកំពូលរំឭកខួបនៃទំនាក់ទំនងអាស៊ាន-កាណាដា, កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ីបូព៌ាលើកទី១៧។
លើសពីនោះ កម្ពុជាក៏រៀបចំកិច្ចសន្ទនាអាស៊ានជាសាកលលើកទី២ ស្ដីពីការស្ដារឡើងវិញក្រោយជំងឺកូវីដ-១៩ ដែលនឹងចូលរួមដោយប្រធានស្ថាប័នអន្តរជាតិ និងមេដឹកនាំដៃគូអាស៊ាន។
មុនបើកកិច្ចប្រជុំអាស៊ាន ក៏មានកិច្ចប្រជុំសំខាន់ពីរទៀតដើម្បីត្រៀមដែរមានកិច្ចប្រជុំក្រុមប្រឹក្សាសហគមន៍នយោបាយ-សន្តិសុខលើកទី២៥ និងកិច្ចប្រជុំក្រុមប្រឹក្សាសម្របសម្រួលអាស៊ានលើកទី៣១។ ជាមួយគ្នានោះ អេស្ប៉ាញ និងអ៊ុយក្រែន នឹងចុះហត្ថលេខាចូលជាភាគីនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រត្តិការនៅអាស៊ីអាគ្នេយ៍ (TAC) ដែរ៕ សុទ្ធិ ថងឌី