អ៊ីរ៉ង់បាញ់សាកល្បងនូវកាំជ្រួចរ៉ុក្កែតថ្មីដែលមានសមត្ថភាពបំពាក់ប្រព័ន្ធផ្កាយរណប
អ៊ីរ៉ង់ ៖ប្រទេសអ៊ីរ៉ង់បានប្រកាសពីជោគជ័យរបស់ខ្លួនក្នុងការបាញ់បង្ហោះសាកល្បងនូវគ្រាប់រ៉ុក្កែតដែលមានសមត្ថភាពអាចបញ្ជូនផ្កាយរណបទៅកាន់ទីអវកាស បន្ទាប់ពីខ្លូនបានបាញ់បង្ហោះផ្កាយរណបក្រោមជំនួយរបស់រុស្ស៊ីកាលពី ៣ខែមុន។
សហរដ្ឋអាមេរិកបានចេញមុខសម្តែងការព្រួយបារម្ភជាថ្មីម្តងទៀតថា តាមរយៈ ការបាញ់បង្ហោះនេះ អាចជាផ្នែកមួយនៃការជំរុញបច្ចេកវិទ្យាមីស៊ីលឧបទ្វីបបាលីស្ទិករបស់អ៊ីរ៉ង់ជាក់ជាមិនខាន ដោយការពង្រឹងដល់សមត្ថភាពពាំយកក្បាលគ្រា ប់នុយក្លេអ៊ែរដែលមានកម្លាំងអនុភាពខ្លាំងក្លា។
ចំណែក អ៊ីរ៉ង់វិញបានលើកឡើងដោយទទូចថា ខ្លួនមិនបានកសាងសមត្ថភាពនុយក្លេអ៊ែរនោះទេ ហើយការបាញបង្ហោះផ្កាយរណប និងរ៉ុក្កែតរបស់ខ្លូនលើកនេះ គឺមានគោលបំណងចំពោះប្រយោជន៍ខាងស៊ីវិល ឬប្រយោជន៍ខាងវិស័យការពារសន្តិសុខស៊ីវិលតែប៉ុណ្ណោះ។ ជាមួយគ្នានេះ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់បានរាយការណ៍ដូច្នេះថា៖ «នេះការបាញ់បង្ហោះដោយជោគជ័យនូវផ្កាយរណបដែលមានឈ្មោះថា Ghaem-100»។
សេចក្តីរាយការណ៍ដែលផ្សាយនៅថ្ងៃសៅរ៍ ទី៥ វិច្ឆិកា បន្តថា៖ «ការបាញ់សាកល្បងបង្ហោះនេះ គឺដោយមានជំនួយប្រើប្រាស់ពីយានប្រើប្រាស់ប្រេងឥន្ធនៈរឹង Rafe ដែលជាការសាកល្បងដោយជោគជ័យ»។
តាមរយៈបណ្តាញផ្សព្វផ្សាយក្នុងស្រុកអ៊ីរ៉ង់បានឲ្យដឹងថា លោក Amir Ali Hajizadeh ប្រធានផ្នែកអវកាសនៃឆ្មាំបដិវត្ដន៍អ៊ីរ៉ង់ ដែលជាអ្នកបានស្ថាបនារ៉ុក្កែត Ghaem 100 នេះ បានលើកឡើងថា រ៉ុក្កែតនេះនឹងត្រូវប្រើប្រាស់ដើម្បីបាញ់បង្ហោះផ្កាយរណប Nahid របស់ក្រសួងទូរគមនាគមន៍អ៊ុយក្រែន ។
សេចក្តីរាយការណ៍នេះបានបន្ថែមថា ប្រតិបត្តិការកាលពីថ្ងៃសៅរ៍ ជាការសាកល្បងក្នុងកម្រិតដំណាក់ដំបូងនៃការហោះចូលកន្លងរ៉ុក្កែតឲ្យត្រឹមត្រូវ។
រ៉ុក្កែត Ghaem-100 មានសមត្ថភាពអាចដាក់ផ្កាយរណបរហូតដល់ទម្ងន់ប្រមាណ ៨០គីឡូក្រាម(១៧៦ផោន) ឯណោះ នៅក្នុងកន្លងរយៈចម្លាយ ៥០០គីឡូម៉ែត្រ(ជាង ៣០០ម៉ាយ) ពីផ្ទៃបរិយាសផែនដី។ នេះជាការគូសបញ្ជាក់បន្ថែមពីបណ្តាញផ្សព្វផ្សាយក្នុងស្រុករបស់អ៊ីរ៉ង់។
អ៊ីរ៉ង់បានដាក់ដំណើរការផ្កាយរណបយោធារបស់ខ្លួនជាលើកដំបូងនៅកាន់គន្លងផែនដីដោយជោគជ័យកាលពីអំឡុងខែមេសា ឆ្នាំ២០២០ កន្លងទៅ ដែលកាលនោះទទួលរងការរិះគន់យ៉ាងសម្បើមពីរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន។
ចំណែកនៅខែសីហា ឆ្នាំ២០២២ នេះ ផ្កាយរណបអ៊ីរ៉ង់មួយផ្សេងទៀតដែលឈ្មោះថា Khayyam ដែលត្រូវបានបាញ់បង្ហោះដោយជំនួយគាំទ្រពីសំណាក់រុស្ស៊ី ដោយបំពាក់នៅលើរ៉ុក្កែត Soyuz-2.1b ដែលបានបាញ់ចេញពីតំបន់ Baikonur Cosmodrome នៃប្រទេសកាហ្សាក់ស្ថាន ។
ស្របនឹងបញ្ហានេះដែរ ទីភ្នាក់ងារអវកាសរបស់អ៊ីរ៉ង់បានបញ្ជាក់ថា ឧបករណ៍អស់ទាំងនោះពោលគឺរ៉ុក្កែតនិងផ្កាយរណបគឺជាការសាងសង់បង្កើតឡើងតាមរយៈកិច្ចសហការដោយមានរុស្ស៊ីជាអ្នកជួយសាង់សង់ ក្រោមការពិនិត្យពីសំណាក់អ៊ីរ៉ង់ផ្ទាល់។
សហរដ្ឋអាមេរិកបានចោទប្រកាន់អ៊ីរ៉ង់នៅខណៈនោះផងដែរថា ផ្កាយរណប Khayyam របស់អ៊ីរ៉ង់ នឹងបំពេញបេសកកម្មចារកិច្ចដ៏សំខាន់ ហើយថា សម្ព័ន្ធភាពរវាងរុស្ស៊ីនិងអ៊ីរ៉ង់ កាន់តែស៊ីជម្រៅនោះ គឺស្មើនឹង ការគំរាមកំហែងយ៉ាងខ្លាំងក្លា ដល់សណ្តាប់ធ្នាប់ពិភពលោក។
ទីភ្នាក់ងារអវកាសអ៊ីរ៉ង់ បានចេញមុខបដិសេធចំពោះការចោទប្រកាន់ទាំងនេះ ហើយអះអាងថា ការចោទប្រកាន់របស់ក្រុងវ៉ាស៊ីនតោនគឺជាការផ្ទុយទៅនឹងគោលដៅរបស់ ផ្កាយរណប Khayyam ដែលបង្កើតឡើងក្នុងគោលបំណង ឃ្លាំមើលបញ្ហាព្រំដែនរបស់ប្រទេសខ្លួន និងដើម្បីជួយដល់ការគ្រប់គ្រងធនធានធម្មជាតិ និងកសិកម្ម តែប៉ុណ្ណោះ។
អ៊ីរ៉ង់ ជាប្រទេសដែលមានកម្មវិធីជាតិស្តីពីកាំជ្រួចមីស៊ីលដ៏ធំសម្បើមមួយនៅតំបន់មជ្ឈឹមបូព៌ា ដែលធ្លាប់ទទួលរងនូវការបរាជ័យជាច្រើនលើកមកហើយក្នុងកិច្ចការបាញ់បង្ហោះផ្កាយរណបនេះ ដែលអ៊ីរ៉ង់ខ្លួនឯង លើកឡើងថា ច្រើនកើតចេញពីកម្សោយបច្ចេកទេស នារយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ៕
ដោយ:សំបាន ច័ន្ទដារ៉ា