អាជ្ញាធរជាតិអប្សរាយកចម្លាក់តោចំនួន១ទៅដាក់នៅស្ពានហាលមុខប្រាសាទអង្គរវត្តវិញក្រោយជួសជុលចប់ជាស្ថាពរ
រួបចម្លាក់តោថ្មចំនួន២ ដែលយកពីកំពង់ទឹករបស់ស្ពានហាលចូលប្រាសាទអង្គរវត្ត តាំងពីឆ្នាំ១៩៩៧ ត្រូវបានយកទៅដាក់នៅទីតាំងដើមវិញហើយ កាលពីថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២២កន្លងទៅ បន្ទាប់ពីការជួសជុលត្រូវបានបិទបញ្ចប់ជាស្ថាពរ។ នេះបើតាមការឱ្យដឹងពីអាជ្ញាធរជាតិអប្សរា។ បើតាមអាជ្ញាធរជាតិអប្សរា ចម្លាក់តោដែលមានកម្ពស់ជាង២ម៉ែត្រ និងមានទម្ងន់ជិត៣តោន ត្រូវបានយកទៅរក្សាទុកនៅអភិរក្សដ្ឋានអង្គរដើម្បីជួសជុល។
លោក ឡុង ណារី ប្រធានក្រុមការងារអភិរក្សថ្មនៃនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា មានប្រសាសន៍ថា ក្រុមការងាររបស់លោកចាប់ផ្តើមជួសជុលចម្លាក់ទាំងនេះ ពីខែមេសា ឆ្នាំ២០២២ រហូតដល់ពេលនេះរយៈពេល៦ខែ។ ដំបូង ក្រុមការងារបានរៀបចំធ្វើឯកសារ និងប្រមូលបំណែកតូចធំរបស់ចម្លាក់ដើមមកផ្គុំគ្នា។ មកដល់ពេលនេះ ចម្លាក់តោទាំងគូ មានភាពរឹងមាំឡើងវិញហើយ ដោយបានបំពេញនូវកន្លែងខូចខាតនឹងបានបង់ថ្មមួយចំនួនដូចជា ជើងទម្រ ជើង ដងខ្លួន និងផ្នែកផ្សេងៗរបស់តោដែលចាំបាច់សម្រាប់ធានាភាពយូរអង្វែងរបស់តោ ជៀសវាងការខូចខាតបន្តទៀត។
លោក ឡុង ណារី បានលើកឡើងថា ចម្លាក់តោថ្មនេះ មុនការជួសជុលមានសភាពទ្រុឌទ្រោម បែកបាក់រូបរាងជាអន្លើរ នៅផ្នែកជើងទម្រ ជើង ទ្រូង និងផ្នែកខាងក្រោយជាដើម។ នៅសម័យបារាំង ចម្លាក់តោនេះ ត្រូវបានជួសជុលដោយប្រើស៊ីម៉ង់ត៍ និងដែកបិទភ្ជាប់ដើម្បីឱ្យមានលំនឹងអាចឈរបានប៉ុណ្ណោះ ប៉ុន្តែក្រោយមក វាក៏បានបែកបាក់ ជាបន្តបន្ទាប់តាមអាយុកាលស៊ីម៉ងត៍។
លោកបញ្ជាក់ថា ក្នុងការជួសជុល ក្រុមការងារក៏បានប្រើបច្ចេកទេសជួសជុលសមស្រប ទៅតាមបទដ្ឋានដែលអាចធានាបាននូវលក្ខណៈដើម និងសុវត្ថិភាពយូរអង្វែងនៃចម្លាក់។ រីឯបច្ចេកទេស និងការជួសជុលក៏ត្រូវបានទទួលស្គាល់ដោយអ្នកជំនាញការអាដហុក។
ដោយឡែក ដំណើរការដឹកជញ្ជូនរូបចម្លាក់តោថ្មទាំង២ ទៅកាន់ទីតាំងដើម នៅថ្ងៃទី៤ ខែវិច្ឆិកា ក្រុមការងារនៃគម្រោងជួសជុលស្ពានហាលអង្គរវត្តជិត២០នាក់ ដោយប្រើដងស្ទូចដើម្បីលើកដាក់លើរថយន្ត អស់រយៈពេល១ម៉ោង។ ក្រុមការងារក៏បានរៀបចំពិធីសាសនាសែនព្រេនតាមទំនៀមទម្លាប់ពីបុរាណផងដែរ នៅពេលយករូបចម្លាក់តោថ្មទាំង២ ទៅដាក់នៅទីតាំងស្ពានហាលមុខប្រាសាទអង្គរវត្ត ដើម្បីសូមសេចក្ដីសុខ។
មន្ដ្រីនៃអាជ្ញាធរជាតិអប្សរាគូសបញ្ជាក់ថា វត្តមានរូបចម្លាក់តោថ្មទាំង២នៅទីតាំងដើមវិញ នឹងរួមចំណែកលើកតម្លៃកំពង់ទឹកឡើងវិញ ក៏ដូចជាជួយទាក់ទាញភ្ញៀវទេសចរក្រោយបើកដំណើរការឱ្យចរាចរណ៍ឡើងវិញ៕ កែវ កិរិយា
