សម្តេចក្រី ហេង សំរិនប្រធានរដ្ឋសភាកត់សម្គាល់អំពី ដំណើរ ទស្សនកិច្ចរបស់ឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាមនៅកម្ពុជា
ភ្នំពេញ៖សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឱ្យឯកឧត្ដម ផាម មិញជិញ (Pham Minch Chinh) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ចូលជួបសម្តែងការគួរសមនារសៀលថ្ងៃទី៨ ខែវិច្ឆិកា ឆ្នាំ២០២២ នៅវិមានរដ្ឋសភាខណៈដែលលោកអញ្ជើញមកបំពេញទស្សនកិច្ចនៅកម្ពុជារយៈពេលពីរថ្ងៃ(៨-៩ខែវិច្ឆិកា)និងអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០និង៤១និងកិច្ចប្រជុំកំពូលពាក់ព័ន្ធដែលប្រព្រឹត្តិធ្វើចាប់ពីថ្ងៃទី៨ដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២២។
ប្រភពរដ្ឋសភាបញ្ជាក់ថាក្នុងជំនួបនេះសម្តេចប្រធានរដ្ឋសភាបានបញ្ជាក់នូវការកត់សម្គាល់ចំពោះដំណើរទស្សនកិច្ចរបស់ ឯកឧត្តម នាយករដ្ឋមន្រ្តីនិងគណៈប្រតិភូជាន់ខ្ពស់វៀតណាមមកកាន់កម្ពុជានាពេលនេះមិនត្រឹមតែបានរួមចំណែកដល់ការពង្រឹងទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការទ្វេភាគីនៃប្រទេសទាំងពីរប៉ុណ្ណោះទេថែមទាំងបានបង្ហាញច្បាស់ពីឆន្ទៈគាំទ្រដល់កម្ពុជាធ្វើជាម្ចាស់ផ្ទះរៀបចំកិច្ចប្រជុំកំពូលអាស៊ានហើយជាការរួមវិភាគទានមួយដ៏សំខាន់ដល់ភាពជោគជ័យនៃកិច្ចប្រជុំកំពូលនេះ។
សម្តេចបានបញ្ជាក់ថា វត្តមានឯកឧត្តមនាយករដ្ឋមន្រ្តី នាពេលនេះ ក៏បានឆ្លុះបញ្ចាំងពីវឌ្ឍនភាពថ្មីៗ នៃទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការរវាងប្រទេសយើងទំាងពីរ ជាពិសេសក្នុងក្របខណ្ឌ នីតិប្រតិបត្តិ ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរតែងបានសហការ គ្នា យ៉ាងជិតស្និទ្ធ និងគាំទ្រគ្នាទៅវិញទៅមកទាំងក្នុងក្របខណ្ឌ តំបន់ និងអន្តរជាតិ។
ចំណែកឯកឧត្ដម ផាម មិញជិញ បានវាយតម្លៃខ្ពស់ចំពោះតួនាទី ប្រធានអាស៊ានរបស់រាជរដ្ឋាភិបាលកម្ពុជា និងតួនាទីប្រធាន AIPA របស់សភាកម្ពុជា។ ឯកឧត្តមជឿជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ រួមនឹងមហាសន្និបាតអាយប៉ា(AIPA) ដែល កម្ពុជាធ្វើជាម្ចាស់ផ្ទះនៅក្នុងខែវិច្ឆិកានេះ នឹងទទួលបានជោគជ័យ។
ឯកឧត្តមនាយករដ្ឋមន្រ្តី ក៏បានអបអរសាទផងដែរចំពោះការ បោះឆ្នោតឃុំសង្កាត់នៅកម្ពុជា កាលពីថ្មីៗនេះ។ ជោគជ័យនៃ ការបោះឆ្នោតឃុំសង្កាត់កន្លងមកនេះជាផ្នែកសំខាន់ដែលនឹងនាំឱ្យកម្ពុជាជោគជ័យនៅក្នុងការរៀបចំបោះឆ្នោតសកលឆ្នាំ២០២៣ខាងមុខ។
ជាមួយគ្នានេះ ឯកឧត្តមផាមមិញជិញបានជម្រាបជូន សម្តេច ប្រធានរដ្ឋសភាពីលទ្ធផលនៃដំណើរទស្សនកិច្ចរបស់ឯកឧត្តមនៅកម្ពុជា ពិសេសនាព្រឹកថ្ងៃទី៨ ខែវិច្ឆិកានេះ ឯកឧត្តម និងសម្តេច តេជោ ហ៊ុនសែនបានអញ្ជើញជាអធិបតីភាពក្នុងពិធីចុះ
ហត្ថលេខា លើឯកសារចំនួន១១ ស្តីពីកិច្ចសហប្រតិបត្តិការរវាង ប្រទេសទំាងពីរបន្តទៀតនៅច្រើនវិស័យ ដែលបង្ហាញពីភាព រីកចម្រើនឥតឈប់ឈរនៃទំនាក់ទំនងដ៏ល្អរវាងកម្ពុជានិងវៀតណាម។ ឯកឧត្តមបានសង្កត់ធ្ងន់ថា កម្ពុជានិងវៀតណាមនឹងពង្រឹង ពង្រីកកិច្ចសហប្រតិបត្តិការរវាងគ្នាលើវិស័យពាណិជ្ជកម្មឱ្យមានការរីកចម្រើនដូចវិស័យនយោបាយដែរ។
សម្តេចអគ្គមហាពញាចក្រី ហេង សំរិន បានវាយតំលៃខ្ពស់ ចំពោះវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការរវាងរដ្ឋាភិបាល នៃប្រទេសទំាងពីរដែលបានអនុវត្តយ៉ាងមានប្រសិទ្ធភាពលើគ្រប់វិស័យ មានវិស័យនយោបាយការទូត សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ អប់រំ សុខាភិបាល វប្បធម៌ ជាដើមនោះ។
សម្តេចបានបញ្ជាក់ថា រដ្ឋសភាកម្ពុជា ជានិច្ចជាកាល តែងបាន ធ្វើកិច្ចសហប្រតិបត្តិការយ៉ាងជិតស្និទជាមួយរដ្ឋសភាវៀតណាម និងគាំទ្រគ្នាទៅវិញទៅមក ទាំងក្នុងក្របខណ្ឌទ្វេភាគី ពហុភាគី តាមរយៈវេទិកាអន្តរសភានានា ជាអាទិ៍ AIPA, IPU, APPF, APF និងវេទិកាភាពជាដៃគូសភាអាស៊ីអឺរ៉ុប (ASEP )ជាដើម៕
ដោយ៖ថេត វិចិត្រ



