សម្តេចប្រធានព្រឹទ្ធសភាទទួលជួបឯកឧត្តមនាយករដ្ឋមន្រ្តីវៀតណាម

ភ្នំពេញ ៖សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃ ព្រះរាជា ណាចក្រកម្ពុជានារសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០២២ បានទទួលជួបជាមួយឯកឧត្តម ផាម មិញជីញ (Pham Minh Chin) នាយករដ្ឋមន្រ្តីនៃសាធារណរដ្ឋសង្គម និយមវៀតណាម ក្នុងឱកាសដែលឯកឧត្តម ផាម មិញជីញ ដឹកនាំគណៈប្រតិភូ អញ្ជើញមកបំពេញទស្សនកិច្ចជាផ្លូវការ និងចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៤០, ៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានី ភ្នំពេញ។

ក្នុងនាមព្រឹទ្ធសភា ប្រជាជនកម្ពុជា និងខ្លួនសម្តេចផ្ទាល់ សម្តេច ប្រធានព្រឹទ្ធសភាបានសម្តែងនូវការស្វាគមន៍ដ៏កក់ក្តៅ ជូនចំពោះ ឯកឧត្តម ផាម មិញជីញ និងគណៈប្រតិភូអញ្ជើញមកបំពេញ ទស្សនកិច្ច ជាផ្លូវការនិងចូលរួមកិច្ចប្រជុំកំពូល
អាស៊ានលើក ទី៤០,៤១ និងកិច្ចប្រជុំពាក់ព័ន្ធនៅរាជធានីភ្នំពេញ នៃព្រះរាជាណាចក្រកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវសេចក្តីរីករាយ ដែលមានឱកាសបានជួបឯកឧត្តម ផាម មិញជីញសារជាថ្មីម្តង ទៀតនៅរាជធានីភ្នំពេញ បន្ទាប់ពីបានជួបពិភាក្សាការងារគ្នា កាលពីថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ នៅទីក្រុងហាណូយ កន្លងទៅថ្មីៗនេះ។ការជួបគ្នាញឹកញាប់រវាងថ្នាក់ដឹកនាំនៃប្រទេសទាំងពីរពិតជាមានសារៈសំខាន់ណាស់ចំពោះសភាពការណ៍នាពេលបច្ចុប្បន្ននេះ។ តាមរយៈដំណើរទស្សនកិច្ចរបស់ឯកឧត្តម និងគណៈប្រតិភូក្នុង ឱកាសនេះពិតជាបានរួម ចំណែកដ៏ធំធេងដល់ការថែរក្សាពូនជ្រុំ ចំណងមិត្តភាព សាមគ្គីភាព និងសហប្រតិបត្តិការរវាងប្រជាជន និងប្រទេសទាំងពីរ និងផ្តល់ការគាំទ្រដល់តួនាទីកម្ពុជាជា ប្រធានអាស៊ាន។

ក្នុងឱកាសនោះ ឯកឧត្តម ផាម មិញជីញ បានពាំនាំនូវការសួរសុខ ទុក្ខពីឯកឧត្តមអគ្គលេខាធិការបក្សកុម្មុយនីស្ត វៀតណាម ឯកឧត្តម ប្រធានរដ្ឋវៀតណាម និងឯកឧត្តមប្រធានរដ្ឋសភា វៀតណាម ជូនចំពោះសម្តេចប្រធានព្រឹទ្ធសភា និងសមាជិក សមាជិកាព្រឹទ្ធសភាកម្ពុជា។

ឯកឧត្តមបានបញ្ជាក់ថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺជាទំនាក់ទំនងមួយដែលគ្មានកម្លាំងអមិត្តណា មួយមកបំបែកបំបាក់បានឡើយ។ជាមួយគ្នានេះឯកឧត្តម បាន សម្តែងនូវ ការអបអរសាទរចំពោះសមិទ្ធផលនានា ដែល ប្រទេសកម្ពុជាសម្រេចបាន ក្រោមការដឹកនាំរបស់ព្រឹទ្ធសភា រដ្ឋសភានិងរាជរដ្ឋាភិបាលធ្វើឱ្យប្រទេសកម្ពុជាមានការអភិវឌ្ឍសេដ្ឋកិច្ចយ៉ាងឆាប់រហ័សដែលធ្វើឱ្យប្រជាជនកម្ពុជាមានជីវភាពរស់នៅយ៉ាងល្អប្រសើរ។

ឯកឧត្តម ផាម មិញជីញ បានគូសបញ្ជាក់ថា ប្រទេសវៀតណាម គាំទ្រជានិច្ចដល់តួនាទីកម្ពុជាជាប្រធានប្តូរវេនអាស៊ាន និងសង្ឃឹម ថាប្រទេសកម្ពុជានឹងទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំ កំពូល អាស៊ានលើកទី៤០,៤១ និងកិច្ចប្រជុំAIPAលើកទី៤៣។

ដោយមើលឃើញអំពីសារៈសំខាន់នៃទំនាក់ទំនង និងកិច្ចសហ ប្រតិបត្តិការលើវិស័យនយោបាយ ការបរទេស វិនិយោគ និង ពាណិជ្ជកម្មឯកឧត្តមផាមមិញជីញបានស្នើសុំឱ្យជំរុញសកម្មភាពលើគ្រប់វិស័យនិងការផ្លាស់ប្តូរដំណើរទស្សនកិច្ចគ្នាទៅវិញទៅមក ដើម្បីស្វែងយល់អំពីគ្នាបន្ថែមទៀត ក្នុងបរិបទដែលសភាពការណ៍ ក្នុងតំបន់និងពិភពលោកមានការ ប្រែប្រួល ដូចពេលបច្ចុប្បន្ននេះ។

ឯកឧត្តម ផាម មិញជីញ សង្ឃឹមថា ស្ថាប័ននីតិប្បញ្ញត្តិនៃប្រទេស ទំាំងពីរនឹងមានទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការ កាន់តែ ប្រសើរឡើងថែមទៀតនិងគាំទ្រដល់ទំនាក់ទំនងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍវិស័យសេដ្ឋកិច្ច ពាណិជ្ជកម្មការ វិនិយោគ និងទេសចរណ៍។ជាមួយគ្នានេះសភានៃប្រទេសទាំងពីរតែងតែគាំទ្រគ្នាទៅវិញទៅមកលើរាល់បញ្ហាពហុភាគី ទាំងក្នុងតំបន់ និងពិភពលោក។ ឯកឧត្តមមានជំនឿជឿជាក់ថាទំនាក់ទំនងនិងកិច្ចសហប្រតិបត្តិការរវាង រដ្ឋាភិបាល និងរដ្ឋសភាវៀតណាម ជាមួយសភាកម្ពុជា នឹងកាន់តែរីកចម្រើនថែមទៀតនាពេលខាងមុខ។

សម្តេចប្រធានព្រឹទ្ធសភាបានអបអរសាទរ និងវាយតម្លៃខ្ពស់ចំពោះ កិច្ចសហការដ៏ល្អរវាងប្រទេសទាំងពីរ ក្នុងការរៀបចំព្រឹត្តិការណ៍ សំខាន់ៗជាច្រើនដើម្បីអបអរសាទរខួបអនុស្សាវរីយ៍លើកទី៥៥ឆ្នាំ ថ្ងៃបង្កើតទំនាក់ទំនងការទូត និងឆ្នាំមិត្តភាព កម្ពុជា-វៀតណាម។ សម្តេចបានវាយតម្លៃខ្ពស់ចំពោះសមិទ្ធផលដ៏ធំធេងលើគ្រប់វិស័យ និងគ្រប់កម្រិតដែលប្រទេសទាំងពីរសម្រេចក្នុងរយៈពេល៥៥ឆ្នាំកន្លងទៅនេះ ដែលបាននាំមកនូវឯករាជ្យភាព អធិបតេយ្យភាព សន្តិភាពស្ថិរភាពនិងការអភិវឌ្ឍហើយបានផ្តល់ផលប្រយោជន៍ដ៏ធំធេងទៅវិញទៅមកសម្រាប់ប្រជាជនទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានគាំទ្រ និងលើកទឹកចិត្តឱ្យដល់ រដ្ឋាភិបាល នៃប្រទេសទាំងពីរ ដើម្បីអនុវត្តឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល នូវរាល់កិច្ចព្រមព្រៀង និងអនុស្សារណយោគយល់ គ្នាដែលបានចុះហត្ថលេខារួចហើយ រួមចំណែកធ្វើឲ្យប្រទេសទាំង ពីរលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋ កាត់បន្ថយភាពក្រីក្រ និងអភិវឌ្ឍន៍ប្រទេសជាតិ។ ជាមួយគ្នានេះ សម្តេចបានអបអរ សាទរ ចំពោះសាធារណរដ្ឋសង្គមនិយមវៀតណាម សម្រេច បានកំណើនសេដ្ឋកិច្ចរហូតដល់ ៨.៨% ក្នុងត្រីមាសទី៣នេះ ដែលជាអត្រាខ្ពស់ជាងគេនៅក្នុងតំបន់។

សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងនូវការគាំទ្រនិងអបអរសាទរដែលរដ្ឋាភិបាលទាំងពីរបានចុះហត្ថលេខាលើឯកសារសំខាន់ៗចំនួន ១១ឯកសារ នៅក្នុងដំណើរទស្សនកិច្ចរបស់ឯកឧត្តមនាយក រដ្ឋមន្រ្តី វៀតណាម។ ព្រឹទ្ធសភា និងខ្លួនសម្តេចផ្ទាល់បន្តគាំទ្រ ទាំងស្រុង និងលើកទឹកចិត្តដល់រដ្ឋាភិបាលទាំងពីរអនុវត្តឱ្យមាន ប្រសិទ្ធភាពខ្ពស់នូវយន្តការនានាដែលមានស្រាប់និងកិច្ចព្រមព្រៀងអនុស្សរណៈយោគយល់ដែលរដ្ឋាភិបាលនៃប្រទេសទាំងពីរបានសម្រេចរួមគ្នាកន្លងទៅ និងបន្តគាំទ្រដល់ទិសដៅកិច្ច សហប្រតិបត្តិ ការ រវាងប្រទេសទាំងពីរ ដែលបម្រើផលប្រយោជន៍ ដ៏ធំធេងទៅ វិញទៅមកសម្រាប់ប្រជាជននៃប្រទេសទាំងពីរ។

សម្តេចប្រធានព្រឹទ្ធសភាបានអះអាងជាថ្មីថា ទោះបីស្ថានភាពតំបន់ និងអន្តរជាតិមានការវិវត្ត ប្រែ-ប្រួលឆាប់រហ័សស្មុគស្មាញ និង ប្រកប ដោយគ្រោះថ្នាក់ក៏ដោយ ក៏ពុំមានកម្លាំងណាអាចបំបែក បំបាក់សាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរបានឡើយ ទាំង ពេលបច្ចុប្បន្ន និងពេលអនាគតយូរអង្វែង។ កម្ពុជាប្រកាន់ខ្ជាប់ ខ្ជួនឥតងាករេចាត់ទុកវៀតណាមជា “អ្នកជិតខាងល្អ មិត្តភក្តិល្អ បងប្អូនល្អ និងដៃគូល្អ”។

សម្តេចប្រធានព្រឹទ្ធសភា បានគូសបញ្ជាក់ថា ព្រឹទ្ធសភាកម្ពុជា និង រដ្ឋសភាវៀតណាម មានទំនាក់ទំនង និងកិច្ចសហប្រតិបតិ្តការ ដ៏ល្អ ដែលស្តែងចេញតាមរយៈការផ្លាស់ប្តូរទស្សនកិច្ចគ្រប់កម្រិតទៅវិញទៅមកជាញឹកញាប់ និងការបន្តគាំទ្រគ្នាទៅវិញទៅមកជាបន្ត បន្ទាប់នៅក្នុងកិច្ចសហប្រតិបត្តិការលើឆាកអន្តរជាតិនៃអន្តរសភា ដូចជា៖ IPU, AIPA, CLV-DTA, APPF, APF, ASEPជាដើម។ ក្រៅពីមុខងារស្នូលរបស់សភា និងកិច្ចសហប្រតិបត្តិការលើឆាក អន្តរជាតិ សភានៃប្រទេសទាំងពីរមានភារកិច្ចរួមចំណែកការពារ ថែរក្សា ពូនជ្រំចំណងសាមគ្គីភាព មិត្តភាពរវាងប្រទេសទាំងពីរឱ្យ រឹងមាំ ស្ថិតស្ថេរ និងជំរុញការផ្សព្វផ្សាយដល់យុវជនជំនាន់ក្រោយ ឱ្យបានយល់ដឹងច្បាស់អំពីសារៈសំខាន់ នៃប្រវត្តិសាស្រ្តដ៏មាន តម្លៃរវាងកម្ពុជា-វៀតណាម សម្រាប់បន្តវេននាពេលអនាគត។
ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភាបានសម្តែងការអបអរ សាទរដ៏ស្មោះស្ម័គ្រចំពោះសមិទ្ធផលដ៏ធំធេងដែលបក្សកុម្មុយនីស្តវៀតណាម រដ្ឋាភិបាល និងប្រជាជនវៀតណាមសម្រេចបានក្នុងការ អភិវឌ្ឍសង្គម-សេដ្ឋកិច្ចរបស់ខ្លួន។ សម្តេចមានជំនឿជាក់ថា ក្រោមការដឹកនាំដ៏ត្រឹមត្រូវរបស់បក្សកុម្មុយនីស្តវៀត-ណាម រដ្ឋាភិបាល និងសភាវៀតណាម វៀតណាមនឹងបន្តសម្រេចបាននូវ សមិទ្ធផលសង្គម-សេដ្ឋកិច្ចធំៗបន្ថែមទៀត និងឈានឆ្ពោះទៅ សម្រេច បាននូវគោលដៅ “ក្លាយទៅជាប្រទេសអភិវឌ្ឍន៍ មានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៤៥”។
សម្តេចប្រធានព្រឹទ្ធសភាបានប្រសិទ្ធពរជូនឯកឧត្តមនាយករដ្ឋមន្រ្តី និងគណៈប្រតិភូ សូមមានសុខភាពល្អបរិបូរណ៍ និងទទួលបាន ជោគជ័យ និងភាពរីករាយក្នុងពេលស្នាក់អាស្រ័យនៅរាជធានី ភ្នំពេញ៕ ដោយ ៖គ្រី សម្បត្តិ , ប៊ុន ហុក

គ្រី សម្បត្តិ
គ្រី សម្បត្តិ
ជាអ្នកយកព័ត៌មាននៅស្ថានីយ៍វិទ្យុ និងទូរទស្សន៍អប្សរា។ ដោយសារទេពកោសល្យ និងភាពប៉ិនប្រសប់ ក្នុងការសរសេរអត្ថបទ ថត និងកាត់តព័ត៌មាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner