អាស៊ានប្រឹងរក្សាអព្យាក្រឹត្យភាព ក្រោមសម្ពាធតានតឹងនៃ ភូមិសាស្រ្តនយោបាយពិភពលោក

អាស៊ាន៖សមាគម​ប្រជា​ជាតិ​អាស៊ី​អាគ្នេយ៍​ ឬ​ហៅ​កាត់​ថា​អាស៊ាន(ASEAN)​ នឹង​​រៀប​ចំ​កិច្ច​​ប្រជុំ​កំពូល​របស់​ខ្លួន​​លើក​ទី​ ៤០ និង​ ៤១ ​និង​កិច្ច​ប្រជុំ​ពាក់​ព័ន្ធ​ដែល​មាន​ប្រទេស​កម្ពុជា​ធ្វើ​ជា​ម្ចាស់​ផ្ទះ នៅ​ថ្ងៃ​ទី​ ១០-១៣ ខែ​វិឆ្ឆិកា​នេះ​​។ ទន្ទឹមនេះ អ្នក​វិភាគ​លើក​ឡើង​ថា​ ប្លុក​ដែល​មាន​​អាយុ​កាល​ជិត​ប្រាំមួយទសវត្សរ៍​នេះ​ ទំនង​នៅ​តែ​បន្ត​រក្សា​អព្យាក្រឹត​របស់​ខ្លួន​​ដោយ​​​ជៀស​វាង​ការ​ចូល​ភាគី​​ប្រកួត​ប្រជែង​ក្នុង​តំបន់​ណា​មួយ​ ​ក្នុង​គោល​បំណង​​​ជំរុញ​ការ​ងើប​ឡើង​វិញ​នៃ​សេដ្ឋកិច្ច​​​ និង​ការ​ផ្សះ​ផ្សា​ជា​សកល​។

អ្នក​វិភាគ​​មើល​ឃើញ​ថា​ ​សម្ពាធ​នៃ​ការ​ប្រកួត​ប្រជែងលើ​ភូមិ​សាស្រ្ត​នយោបាយ​​របស់​មហា​អំណាច​ពិភព​លោក​​ធំ​ៗ​រួម​មាន​ចិន​ និង​សហរដ្ឋ​អាមេរិក​ បាន​ដាក់​បន្ទុក​កាន់​តែ​ធ្ងន់​សម្រាប់​​ប្លុក​អាស៊ាន​ ដែល​មាន​ប្រទេស​ ១០ ជា​សមាជិក​ ក្នុង​ការ​ជំនះ​លើ​​ការ​បាក់​​បែក​ផ្ទៃ​ក្នុង​ ​​ការ​រង្គុះ​រង្គើ​សណ្តាប់​ធ្នាប់​សកល​ ​​និង​បញ្ហា​សេដ្ឋកិច្ច​សំខាន់​ៗ​។​​

​អ្នក​ស្រាវ​ជ្រាវ​ និង​ជា​អនុ​ប្រធាន​នៃ​មជ្ឈ​មណ្ឌល​សិក្សា​ពហុភាគី​និយម​នៅ​សាលា​ S. Rajaratnam ​សម្រាប់​ការ​សិក្សា​អន្តរជាតិ​នៅ​សាកល​វិទ្យាល័យ​ Nanyang Technological University លោក Joel Ng បាន​ថ្លែង​ប្រាប់កាសែត​ចិន​ China Daily ថា​​​ ​កិច្ច​ប្រជុំ​កំពូល​អាស៊ាន​ជា​ធម្មតា​ល្អ​សម្រាប់​ការ​បង្ហាញ​ពី​ការ​រួប​រួម​និង​ការ​បញ្ជាក់​ឡើង​វិញ​នូវ​គោលដៅ​រួម​ ប៉ុន្តែ​ភាព​តាន​តឹង​ជា​មូលដ្ឋាន​ក្នុង​ចំណោម​ដៃគូ​សន្ទនា​របស់​ប្លុក​​មាន​ការ​កើន​ឡើង​។​ ​

លោក​ Ng ​បាន​បន្ត​ថា​៖ «​អាស៊ាន​ជឿ​ជាក់​លើ​ដៃគូ​ខាង​ក្រៅ​របស់​ខ្លួន​ ប៉ុន្តែ​ដៃគូ​ខាង​ក្រៅ​មួយ​ចំនួន​ មិន​ទុក​ចិត្ត​គ្នា​ទៅ​វិញ​ទៅ​មក​នោះ​ទេ​»។ ដោយ​បែប​នេះ​ហើយ​ លោក​​​​​បន្ថែម​ថា​ថា​ ​សម្រាប់​ប្លុក​ ការ​​ដាក់​​បញ្ចូល​នូវ​សេចក្តី​ថ្លែងការណ៍​ដែល​​ប្រើ​ពាក្យ​​សំដី​ខ្លាំង​ៗ​ និង​ការ​​​បញ្ចុះ​បញ្ចូល​ដៃគូ​ខាង​ក្រៅដែល​មិន​ទុក​ចិត្ត​គ្នា​ នឹង​ក្លាយ​ជា​រឿង​សំខាន់​ដែល​​គិត​គូរ​​​។

​​​ជាមួយ​គ្នានេះ​ផង​​ដែរ ​នាយក​មជ្ឈ​មណ្ឌល​សិក្សា​អាស៊ាន​នៃ​សាកល​វិទ្យាល័យ​ឈៀងម៉ៃ​​ នៅ​ប្រទេស​ថៃ​ លោក​ Nisit Panthamit ​បាន​​​គូស​បញ្ជាក់​​ថា​ ដោយ​សារ​តែ​មាន​បញ្ហា​រសើប​ជាច្រើន​ដែល​ត្រូវ​ដោះ​ស្រាយ​នៅ​​ពេល​ដ៏​លំបាក​នេះ​ វា​មាន​សារៈ​សំខាន់​សម្រាប់​អាស៊ាន​ ក្នុង​ការ​ស្វែង​រក​មធ្យោបាយ​​ដើម្បី​បង្កើន​កិច្ច​សហ​ប្រតិបត្តិការ​រួម​ទាំង​សន្តិសុខ​​ លើក​កម្ពស់​ការ​ស្តារ​ឡើង​វិញ​សេដ្ឋកិច្ច​​​ និង​ការ​ផ្សះ​ផ្សា​សង្គម​។​

​​ជា​ការ​ពិត​ណាស់​ ក្នុង​ប្លុក​ផ្ទាល់​ ក្រៅ​តែ​ពី​បញ្ហា​នៅ​​មីយ៉ាន់ម៉ា​ សេដ្ឋកិច្ច​​គឺ​​ជា​អាទិភាព​កំពូលដ៏​ធំ​មួយ​​។ ​នា​ពេល​នេះ​ សេដ្ឋកិច្ច​អាស៊ាន​​កំពុង​តែ​ងើប​ឡើង​វិញ​ពី​ផល​ប៉ះ​ពាល់​នៃ​ជំងឺ​រាត​ត្បាត​កូវីដ-១៩​ ប៉ុន្តែ​​ការ​ព្យាករណ៍​​​អំពី​​អាស៊ី​​របស់​មូលនិធិ​រូបិយ​វត្ថុ​អន្តរជាតិ​ (IMF)​ បាន​បង្ហាញ​ពី​ហានិភ័យ​នា​ពេល​ខាង​មុខ​ ដោយ​រួម​បញ្ចូល​ទាំង​​​​​អតិផរណា​ ការ​ធ្លាក់​ចុះសេដ្ឋកិច្ច​​យ៉ាង​ខ្លាំង​របស់​​ចិន​ ដែល​​ជា​ដៃ​គូ​ពាណិជ្ជកម្ម​​​​ដ៏​ធំ​បំផុត​របស់​​​អាស៊ាន​ និង​ការ​ថយ​ចុះ​តម្រូវ​ការ​ខាង​ក្រៅ​សម្រាប់​ការ​នាំ​ចេញ​ពី​​​អាស៊ី​ ​ខណៈ​ដែល​សង្រ្គាម​នៅ​អ៊ុយក្រែន​​​បន្ត​​អូស​បន្លាយ​ ហើយ​ដាក់​សម្ពាធ​លើ​កំណើន​សេដ្ឋកិច្ច​ពិភព​លោក​។​

អ្នក​វិភាគ​លើក​ឡើង​ថា​ ការ​ចុះ​ចូល​ជាមួយ​ភាគី​ណា​មួយ​ នឹង​ធ្វើ​ឱ្យ​ខូច​ប្រយោជន៍​​តំបន់​​មិន​ថា​សេដ្ឋកិច្ច​ ឬ​សន្តិសុខតំបន់​​​នោះ​ទេ​ បើ​ទោះ​បី​ជា​ប្រទេស​របស់​ប្លុក​អាស៊ាន​ មាន​ទំនោរ​រៀង​ៗ​ខ្លួន​ ដោយ​ផ្អែក​លើ​ផល​ប្រយោជន៍សេដ្ឋកិច្ច​ និង​នយោបាយ​​​​ផ្សេង​គ្នារួច​ទៅ​ហើយ​​ក៏​ដោយ​។ ក្នុង​នាម​ជា​ប្លុក​ អាស៊ាន​​ត្រូវតែ​​រក្សា​ទំនាក់​ទំនង​រួម​គ្នា​ជាមួយ​អាមេរិក​ និង​ចិន​ ប៉ុន្តែ​បើ​​បង្ខំ​​ឱ្យ​ជ្រើស​រើស​ អ្នក​វិភាគ​មើល​ឃើញ​ថា​ ​កម្ពុជា​ មីយ៉ាន់ម៉ា ​និង​ឡាវ​ អាច​នឹង​គាំទ្រ​ចិន​ស្រប​ពេល​​ដែល​ប្រទេស​ប្រាំពីរផ្សេង​ទៀត​ អាច​នឹង​គាំទ្រ​​អាមេរិក​ ដោយ​ហេតុ​ថា​ ថៃ​​​ជា​​សម្ព័ន្ធ​មិត្ត​​សន្ធិ​សញ្ញា​​របស់​​អាមេរិក ហើយ​​សិង្ហបុរី​​ក៏​មាន​​មូលដ្ឋាន​​ទ័ព​​ជើង​ទឹក​​អាមេរិក​ ខណៈ​​ឥណ្ឌូនេស៊ី ​ម៉ាឡេស៊ី ​វៀតណាម​ និង​ព្រុយណេ​ មាន​ជម្លោះ​ដែន​សមុទ្រ​ជាមួយ​ចិន​។​

​​​​នាយក​ប្រតិបត្តិ​នៃ​គោល​នយោបាយ​ និង​សហការី​ជាន់​ខ្ពស់​ នៅ​វិទ្យា​ស្ថាន​គោល​នយោបាយ​សង្គម​អាស៊ី​ លោក​ Richard Maude ​បាន​សរសេរ​ក្នុង​អត្ថបទ​មួយ​ ដែល​ចុះ​ផ្សាយ​ដោយទស្សនាវដ្តី​ ឌឹ ឌីផ្លូម៉ាត​ ថា​៖ «​​មេ​ដឹក​នាំ​អាស៊ី​អាគ្នេយ៍​ចង់​បាន​បរិយាកាស​ភូមិ​សាស្ត្រ​នយោបាយ​ដែល​មាន​ស្ថិរភាព​ និង​ឥណ្ឌូ​ប៉ាស៊ីហ្វិក​បើក​ចំហ​ ដែល​​អាច​ឱ្យ​​​កំណើន​​សេដ្ឋកិច្ច​មាន​ជា​​​អតិបរមា​។​ ប៉ុន្តែ​​អាស៊ាន​​​ប្រឈម​មុខ​នឹង​​ការ​​​​ស្វែង​រក​ដំណោះ​ស្រាយ​ប្រកដ​ដោយ​ប្រសិទ្ធ​ភាព​»។

លោក​  Maude បាន​បន្ត​ថា​ អស់​រយៈ​​ជា​ច្រើន​ទសវត្សរ៍​មក​ហើយ ​អាស៊ាន​បាន​ព្យាយាម​រក្សា​អព្យាក្រឹត​ភាព​​​ ​ចំពោះ​ «​ស្ថាបត្យកម្ម​សេដ្ឋកិច្ច​ និង​សន្តិសុខ​ឥណ្ឌូ​ប៉ាស៊ីហ្វិក​»​ ជា​ពិសេស​តាម​រយៈ​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្ម​សេរី​ ​កិច្ច​ប្រជុំ​កំពូល​អាស៊ី​បូព៌ា​ ​​​និង​កិច្ច​ប្រជុំ​រដ្ឋ​មន្ត្រី​ការពារ​ជាតិ​អាស៊ាន​​បូក​​ជាដើម​។

ជា​រួម​ ​គោល​​បំណង​​របស់​​អាស៊ាន​ ​​​គឺ​​ដើម្បី​​ពង្រឹង​ និង​​​​ស្រុះ​ស្រួល​ជា​មួយ​​​មហា​អំណាច​​ធំ​ៗ​ ហើយ​​ប្លុក​សង្ឃឹម​ថា​ ទម្លាប់​នៃ​ការ​សន្ទនា​នឹង​ធ្វើ​ឱ្យ​កិច្ច​សហប្រតិបត្តិការ​កាន់​តែ​ស៊ី​ជម្រៅ ​​ដែល​​នឹង​បង្កើត​ការ​ជឿ​ទុក​ចិត្ត​ និង​គាំទ្រ​ស្ថិរភាព​ ហើយ​ពង្រឹង​បទ​ដ្ឋាន​សម្រាប់​​អាកប្ប​កិរិយា​​​រដ្ឋ​ ដែល​មាន​ការ​ទទួល​ខុស​ត្រូវ​។​

​ខណៈ​​កិច្ច​ប្រជុំ​កំពូល​ដែល​នឹង​ចាប់​ផ្ដើម​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ ​នាយក​នៃ​ការ​សិក្សា​ពី​ចិន​ និង​អាស៊ាន​នៅ​វិទ្យាស្ថាន​គ្រប់​គ្រង​ Panyapiwat ​នៅ​​ក្រុង​បាងកក​ លោក​ Tang Zhimin បាន​ថ្លែង​ប្រាប់​កាសែត​ចិន​ China Daily ​​ថា​ លោក​នៅ​តែ​​រំពឹង​ថា​នឹង​ឃើញ​សេចក្តី​ថ្លែងការណ៍​ និង​សេចក្តី​ប្រកាស​ផ្សេង​ៗចេញ​​ពី​កិច្ច​ប្រជុំ​កំពូល ​​ស្តី​ពី​វិធាន​ និង​បទ​ដ្ឋាន​ថ្មី​ស្តី​ពី​ការ​ពង្រឹង​​អព្យាក្រឹត​ភាព​ និង​ការ​ឯកភាព​គ្នា​​របស់​​​​អាស៊ាន​​ ​​ដើម្បី​ទប់​ទល់​នឹង​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៃ​មហា​អំណាច​ ​ហើយ​បង្កើត​​​ស្ថាបត្យកម្ម​ពាណិជ្ជកម្ម ​ដូច​ជា​ភាព​ជា​ដៃគូ​សេដ្ឋកិច្ច​ទូ​លំ​ទូលាយ​ក្នុង​តំបន់​​ជាដើម​។​​

​ការ​រំពឹង​ទុក​របស់​លោក​ Zhimin បើ​ទោះ​បី​ជា​មាន​លក្ខណៈ​វិជ្ជមាន​ក្ដី​ ប៉ុន្តែនៅ​​មាន​ក្ដី​បារម្ភ​ជា​ច្រើន​ ដែល​​​អាស៊ាន​​ត្រូវ​ប្រឈម​។ លោក​  Maude បាន​សរសេរ​ថា​ ឥទ្ធិពល​របស់​ចិន​តាម​រយៈ​សេដ្ឋកិច្ច​ និង​គោល​នយោបាយ​ការបរទេសចំពោះ​តំបន់​​ ការ​ប្រឈម​មុខ​ដាក់​គ្នា​ខ្លាំង​រវា​ង​អាមេរិក​-ចិន​ ការ​​ឈ្លាន​ពាន​អ៊ុយក្រែន​របស់​រុស្ស៊ី​ សុទ្ធ​សឹង​តែ​ជា​ឧបសគ្គ​​សម្រាប់​​​​អាស៊ា​ន ​ក្នុង​ការ​ឆ្លើយ​តប​តាម​មធ្យោបាយ​ដែល​បង្ហាញ​​ពី​​ប្រសិទ្ធិភាព​​ ​​ជា​ជាង​ការ​បញ្ចេញ​ជំហរ​​​បែប​មិន​​ចូល​បក្ស​សម្ព័ន្ធ​។​​​

បន្ថែម​ពី​លើ​នេះ​ លោក​ Maude បាន​ស្រង់​សម្ដី​អ្នក​វិទ្យាសាស្រ្ត​​នយោបាយ​ថៃ​ លោក​ Thitinan Pongsudhirak ដែល​ថ្លែង​ថា​ ប្លុក​អាស៊ាន​ ដែល​មាន​កំណត់​ចំពោះ​​​ការដោះ​ស្រាយ​បញ្ហា​​នៅ​មីយ៉ាន់ម៉ា ​និង​​ដែល​បរាជ័យ​ក្នុង​ការ​ដាក់​សម្ពាធ​ឱ្យ​​របប​យោធាមីយ៉ាន់ម៉ា​​​អនុវត្តន៍​​គោលការណ៍​​ឯកភាព​​ជា​​ឯកច្ឆន្ទ​​ ៥ ​​ចំណុច​ ​នឹង​​គ្មាន​ថ្ងៃ​​រួប​រួម​គ្នា​ទាំង​ស្រុង​តាម​រយៈ​សហគមន៍​នយោបាយ​-​សន្តិសុខ​ សេដ្ឋកិច្ច​ និង​សង្គម​-​វប្បធម៌​​ នោះ​ឡើយ​។​

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ​ លោក​ Maude គូស​បញ្ជាក់​ថា​ អាស៊ាន​​ត្រូវ​ការ​វិនិយោគ​ជា​ដៃគូ​លើ​​អាទិភាព​ក្នុង​តំបន់​របស់​ខ្លួន​ ដូច​ជា​ជំនាញ​ ​ពាណិជ្ជកម្ម​ឌីជីថល​ ​និង​ការ​បន្សំ​ខ្លួន​ទៅ​នឹង​វិបត្តិ​​អាកាស​ធាតុ​ជា​ដើម ហើយសម្រាប់​​ប្លុក ​ភាព​ជា​ដៃ​គូ​ទាំង​នេះ​​​ត្រូវ​ការ​​​សហរដ្ឋ​អាមេរិក​ និង​សម្ព័ន្ធ​មិត្ត​ដូច​ជា​​ជប៉ុន​ និង​អូស្ត្រាលី​ ​​ដែល​​ខិត​ខំ​ប្រឹង​ប្រែង​កសាង​ទំនាក់​ទំនង​ទ្វេ​ភាគី​ និង​​​​​យុទ្ធសាស្ត្រ​ឥណ្ឌូ-​ប៉ាស៊ីហ្វិក​​របស់​ខ្លួន​។​ ចំណែក​ឯ​អ្នក​វិភាគ​ផ្សេង​ទៀត​​ ក៏​មើល​ឃើញ​ផង​ដែរ​ថា​ អាស៊ាន​ក៏​ត្រូវ​ការ​ចិន​ដើម្បី​ជំរុញ​ការ​ស្ទុះ​ងើប​ឡើង​វិញ​នៃ​សេដ្ឋ​កិច្ច​ និង​កិច្ច​សហប្រតិបត្តិការ​​ជា​​ដៃគូ​ ​ក្នុង​វិស័យ​ដូច​ជា​ការ​បង្កើន​ការ​ត​ភ្ជាប់​ និង​ការ​បង្រួម​គម្លាត​នៃ​ការ​អភិវឌ្ឍន៍​ជាដើម​៕

ដោយ៖ហួន ឌីណា 

ads banner