សាឡង់ដឹកប្រេងក្រុមហ៊ុនសាវីមីចរបស់ជំទាវ ជឹង សុភាព ហៅ យាយភូ បើកប៉ះស្ពានបាឡេឬស្សីកែវ
ភ្នំពេញ៖ អាជ្ញាធររាជធានីភ្នំពេញ សម្រេចឲ្យផ្អាកធ្វើចរាចរណ៍លើស្ពានដែកបេឡេឫស្សីកែវ ជាបណ្តោះអាសន្នសិន ដោយសារសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច របស់លោកជំទាវ ជឹង សុភាព ហៅយាយភូ បើកបុកកាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ថ្ងៃម្សិលមិញ។
មន្ត្រីមន្ទីរសាធារណៈការ និងដឹកជញ្ជូន រាជធានីភ្នំពេញ បានប្រាប់អ្នកសារព័ត៌មាន នៅព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩នេះ អាជ្ញាធរបានសម្រេចជូនដំណឹងឲ្យផ្អាកការធ្វើចរាចរណ៍លើស្ពានដែកបេឡេឫស្សីកែវ ជាបណ្តោះអាសន្នសិន ដោយសារតែមានសាឡង់ដឹកប្រេងបើកបុកកាលពីយប់មិញ។
មន្ត្រីសាធារណៈការដដែលបន្ថែមថា បច្ចុប្បន្នមន្ត្រីជំនាញ និងអាជ្ញាធរពាក់ព័ន្ធកំពុងតែពិនិត្យទីតាំងកើតហេតុ ដើម្បីរកឲ្យឃើញនូវការខូចខាត និងផលប៉ះពាល់។ នៅពេលពិនិត្យចប់អាជ្ញាធរនឹងចេញសេចក្តីជូនដំណឹងជាផ្លូវការជម្រាបដល់សាធារណជន។
បើយោងតាមសេចក្តីរាយការណ៍បានឲ្យដឹងថា ស្ពានដែកបេឡេឫស្សីកែវ ត្រូវបានសាឡង់ដឹកប្រេងក្រុមហ៊ុន សាវីមិច របស់លោកជំទាវ ជឹង សុភាព ហៅ យាយភូ បើកបុកចំជើងជ្រែងចុងខាងកើតស្ពាន កាលពីរសៀលថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០១៩ ម្សិលមិញ៕ធ.ដ