ជិះម៉ូតូទៅបុករ៉ឺម៉កដឹកបន្លែពីក្រោយ ដួលបោកក្បាលស្លាប់ នៅផ្លូវជាតិលេខ២

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសម្នាក់ បានបែកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែងកើតហេតុ ពេលដែលជិះម៉ូតូជ្រុលទៅបុករ៉ឺម៉កដឹកបន្លែមួយគ្រឿង ពីក្រោយពេញទំហឹង ចំណែករ៉ឺម៉កដឹកបន្លែបានបន្តដំណើរទៅមុខ កាលពីម៉ោង២ និង៤០យប់រំលងអាធ្រាត្រ ឈានចូលថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ២ ចំណុចក្បែរស្ពានអាកាសក្បាលថ្នល់ ក្នុងសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ។ សពជនរងគ្រោះឈ្មោះ តន សុភារ៉ាប៉ាក់ ភេទប្រុស អាយុ២៧ឆ្នាំ មានស្រុកកំណើត ភូមិព្រែកកែវ ឃុំកោះខែ ស្រុកស្អាង ខេត្តកណ្តាល។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូម៉ាកស្មាក់វី ពណ៌ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1BF-1921 ធ្វើដំណើរចុះពីលើស្ពានអាកាសទិសដៅពីជើងទៅត្បូង មកដល់ចំណុចកើតហេតុ បានជ្រុលទៅបុករ៉ឺម៉កដឹកបន្លែរមួយគ្រឿងពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកក្បាលនឹងថ្នល់បែកក្បាលស្លាប់នៅក្នុងថ្លុកឈាមយ៉ាងអាណោចអាធ័ម។ ចំណែករ៉ឺម៉កដឹកបន្លែបានបន្តដំណើរគេចទៅមុខបាត់។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះដល់ និងទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះមកធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុកបណ្តោះអាសន្នទុកប្រគល់ជូនសាច់ញាតិវិញ។ ដោយឡែកសព សមត្ថកិច្ចបានធ្វើកំណត់ហេតុ រួចដឹកយកទៅតម្កល់ទៅទុកនៅវត្តទឹកថ្លា ទុកប្រគល់ជូនគ្រួសារសពផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner