មេដឹកនាំសិង្ហបុរី និងសមភាគីឥណ្ឌូនេស៊ីពិភាក្សាគ្នាពីការអភិវឌ្ឍក្នុងតំបន់និងវិបត្តិភូមាក្នុងជំនួបទ្វេភាគីនៅភ្នំពេញ

នាយករដ្ឋមន្ត្រីសិង្ហបុរីលោក លី សៀនឡុង (Lee Hsien Loong) បានជួបពិភាក្សាការងារជាមួយលោកប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ (Joko Widodo) ពាក់ព័ន្ធកិច្ចការអភិវឌ្ឍន៍ក្នុងតំបន់រួមទាំងមានទាំងជំហរបន្ទាប់របស់អាស៊ានចំពោះវិបត្តិភូមា តាមរយៈជំនួបទ្វេភាគីនៅល្ងាចថ្ងៃព្រហស្បតិ៍ ទី១០ ខែវិច្ឆិកា ឆ្នាំ២០២២។

ជំនួបទ្វេភាគីនេះធ្វើឡើងភ្លាមៗបន្ទាប់ពីលោកនាយករដ្ឋមន្ត្រី លី បានមកដល់រាជធានីភ្នំពេញក្នុងដំណើរដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ ដែលប្រព្រឹត្តទៅនៅក្នុងប្រទេសកម្ពុជា។

តាមរយៈការឱ្យដឹងពីការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរី (PMO)គឺ លោក លី សៀនឡុង និងលោក ចូកូ វីដូដូ តែងបានធ្វើការរួមគ្នាយ៉ាងជិតស្និទ្ធទាំងក្នុងក្របខណ្ឌទ្វេភាគីសិង្ហបុរី-ឥណ្ឌូនេស៊ី និងទាំងក្នុងក្របខណ្ឌសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន) ផងអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ មេដឹកនាំទាំងពីរបានកសាងទំនាក់ទំនងផ្ទាល់ខ្លួនដ៏ល្អនឹងគ្នា។

ការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរីបាននិយាយថា៖ «មេដឹកនាំទាំងពីរមានការពិភាក្សាដ៏ល្អមួយពាក់ព័ន្ធទំនាក់ទំនងទ្វេភាគីរបស់យើង។ ពួកគាត់បានអះអាងសាជាថ្មី អំពីជំហររួមគ្នារបស់សិង្ហបុរីនិងឥណ្ឌូនេស៊ីក្នុងកិច្ចការលើកកម្ពស់និងស្តារឡើងវិញនូវសេដ្ឋកិច្ចនិងការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងវឌ្ឍនភាពដែលបានធ្វើឡើងក្នុងគំនិតផ្តួចផ្តើមប្រកបដោយនិរន្តរភាពទ្វេភាគី ។

មេដឹកនាំទាំងពីរបានពិភាក្សាអំពីការអភិវឌ្ឍក្នុងតំបន់ រួមទាំងជំហានបន្ទាប់មកទៀតរបស់អាស៊ាន ក្នុងការឆ្លើយតបនៅនឹងការវិវត្តថ្មីក្នុងវិបត្តិនៅភូមា។

តាមរយៈការិយាល័យនាយករដ្ឋមន្ត្រីសិង្ហបុរីដដែលលោកលីក៏នឹងចូលរួមដោយផ្ទាល់ក្នុងកិច្ចប្រជុំកំពូល G-20 ដែលមានលោកប្រធានាធិបតីឥណ្ឌួនេស៊ី ចូកូ វីដូដូ ធ្វើជាម្ចាស់ផ្ទះនៅសប្តាហ៍ក្រោយនេះនៅឯកោះបាលី។ លោកលី តែងទន្ទឹងរង់ចាំដើម្បីចូលរួមចំណែកសម្រាប់កិច្ចពិភាក្សានៅឯកោះបាលីនេះ។

ទន្ទឹមនេះ លោកនាយករដ្ឋមន្ត្រី លី សៀនឡុង ក៏បានបង្ហាញពីការគាំទ្រយ៉ាងពេញទំហឹងរបស់សិង្ហបុរីផងដែរ សម្រាប់តួនាទីជាប្រធានអាស៊ាននាឆ្នាំ២០២៣ ខាងមុខរបស់ប្រទេសឥណ្ឌូនេស៊ី ដើម្បីធ្វើការដោយជិតស្និទ្ធរវាងសិង្ហបុរីនិងឥណ្ឌួនេស៊ី ក្នុងការសម្រេចឱ្យបាននូវគោលបំណងនៃដំណើរនៃការធ្វើជាប្រធានអាស៊ានរបស់ឥណ្ឌួនេស៊ី។

គួរបញ្ជាក់ថា រដ្ឋមន្ត្រីការបរទេសសិង្ហបុរីលោក Vivian Balakរishnan និងសមភាគីរដ្ឋមន្ត្រីការបរទេសឥណ្ឌូនេស៊ីលោក Retno Marsudi ក៏មានវត្តមានក្នុងជំនួបទ្វេភាគីរបស់មេដឹកនាំទាំងពីរដែរ។

លោកបណ្ឌិត Balakrishnan បាននិយាយនៅលើទំព័រហ្វេសប៊ុក ផ្លូវការរបស់លោកនៅថ្ងៃព្រហស្បតិ៍ថាលោកបានជួបពិភាក្សាយ៉ាងស៊ីជម្រៅជាមួយសមភាគីរបស់លោកលើបញ្ហាមួយចំនួនរួមមានទាំងស្ថានការណ៍វិវត្តន៍នៅប្រទេសភូមា។ក្នុងនោះដែរ លោកក៏បានជួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែនលោកឌីមីត្រូ គូឡេបា (Dmytro Kuleba) នៅរសៀលថ្ងៃព្រហស្បតិ៍។

រដ្ឋមន្ត្រីការបរទេសសិង្ហបុរីរូបនេះបានសរសេរនៅលើទំព័រហ្វេសប៊ុករបស់លោក អំពីជំនួបជាមួយរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន ថា៖ «មានរឿងជាច្រើនបានកើតឡើងចាប់តាំងពីជំនួបចុងក្រោយរបស់យើងនៅខែកញ្ញានៅឯទីក្រុងញូវយ៉ក។ ពួកយើងសង្ឃឹមថា នឹងមានដំណោះស្រាយប្រកបដោយសន្តិវិធី ស្របតាមធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ បូរណភាពទឹកដី អធិបតេយ្យភាព និងឯករាជ្យភាពនយោបាយ នៃគ្រប់បណ្តារដ្ឋទាំងអស់ត្រូវតែទទួលបានការគោរព។

នៅខណៈនេះដែររដ្ឋមន្ត្រីការបរទេសអាស៊ានបានធ្វើជាសាក្សីក្នុងពិធីចុះហត្ថលេខាលើលិខិតូបករណ៍នៃការឈានជើងចូលជាសមាជិកនៃសន្ធិសញ្ញាមិត្តភាព និងកិច្ចសហប្រតិបត្តិការនៅអាស៊ីអាស៊ីអាគ្នេយ៍ (TAC) ដោយភាគីអ៊ុយក្រែន។

អ៊ុយក្រែនបានក្លាយជាសមាជិកទី៥០នៃសន្ធិសញ្ញា TAC នេះ ដែលក្រោមពាក្យស្លាក «គោលការណ៍សាកលនៃការរួមរស់ដោយសន្តិភាពនិងកិច្ចសហប្រតិបត្តិការមិត្តភាព» ក្នុងចំណោមបណ្តាភាគីសន្ធិសញ្ញា។

លោកបណ្ឌិត Balakrishnan បានគូសបញ្ជាក់ថា៖ «នេះគឺជាការបង្ហាញពីការគាំទ្រមួយផ្សេងទៀតចំពោះគោលការណ៍សន្តិភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់»។

កិច្ចប្រជុំកំពូលអាស៊ាននិងកិច្ចប្រជុំកំពូលពាក់ព័ន្ធឆ្នាំ២០២២ ដែលធ្វើឡើងពីថ្ងៃសុក្រដល់ថ្ងៃអាទិត្យ នឹងត្រូវប្រារព្ធខួបលើកទី៥៥ នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ហៅកាត់អាស៊ាន។ ក្រៅពីកិច្ចពិភាក្សាអំពីស្ថានការណ៍នៅភូមា ក៏នឹងមានផងដែរជំនួបកំពូលជាមួយដៃគូខាងក្រៅរួមមាន សហរដ្ឋអាមេរិក ចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង អូស្ត្រាលី និងកាណាដា៕ ដោយ៖ សំបាន ច័ន្ទដារ៉ា

ads banner