ពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដំបូង និងធំបំផុតនៅកម្ពុជា ត្រូវបានប្រកាសបើកជាផ្លូវការ

អត្ថបទដោយ៖
CPA

ភ្នំពេញ៖ ទន្ទឹមនឹងការធ្វើបដិវត្តកម្មបច្ចេកវិទ្យាឌីជីថល ទៅលើគ្រប់ទិដ្ឋភាពនៃសេដ្ឋកិច្ចនិងសង្គម កម្ពុជាបានរៀបចំពិព័រណ៍បច្ចេកវិទ្យាថ្នាក់ជាតិដំបូងបង្អស់ ក្រោមការចូលរួមរបស់ក្រុមហ៊ុនបច្ចេកវិទ្យាជាតិ និងអន្តរជាតិជាច្រើន។ ពិព័រណ៍ថ្នាក់ជាតិនេះផងដែរ ត្រូវបានបើកជាផ្លូវការនាថ្ងៃសុក្រ ទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ នៅរាជធានីភ្នំពេញ។

ពិព័រណ៍បច្ចេកវិទ្យាឌីជីថលបានផ្ដោតសំខាន់លើ ឧស្សាហកម្ម ៤.០ ការអភិវឌ្ឍទីក្រុងឆ្លាត បង្កើនទំនាក់ទំនង និងការអប់រំ ពង្រឹងការចាប់យកឌីជីថល ពង្រឹងសេវាសាធារណៈ និងធុរកិច្ច ព្រមទាំងហិរញ្ញវត្ថុបែបឌីជីថលផងដែរ។

ចូលរួមជាអធិបតីភាពក្នុងពិធីបើកជាផ្លូវការនៃពិព័រណ៍បច្ចេកវិទ្យា ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានថ្លែងប្រសាសន៍ស្វាគមន៍ និងបង្ហាញអំពីសារៈសំខាន់នៃបច្ចេកវិទ្យា ជាពិសេសក្នុងរយៈពេលពីរឆ្នាំចុងក្រោយនេះ។

ឯកឧត្តមអគ្គបណ្ឌិតបន្ថែមថា៖ «បច្ចេកវិទ្យាធ្វើឱ្យការប្រាស្រ័យទាក់ទងរបស់ប្រជាជនយើងមានភាពប្រសើរជាងមុន ការទទួលបានព័ត៌មានអំពីសេវាសាធារណៈក៏មានភាពទូលំទូលាយជាងមុនផងដែរ… នេះជាអ្វីដែលយើងទទួលបានអំពីជំងឺកូវីដ១៩»។

ឯកឧត្តមក៏បានរំលេចផងដែរនូវការធ្វើឱ្យប្រសើរនៃវិស័យបច្ចេកវិទ្យានៅកម្ពុជាតាមរយៈការលើក កម្ពស់ STEM TVET ដោយហេតុថាទាំងអស់នេះបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការលើកស្ទួយ សេដ្ឋកិច្ចជាតិយើងឱ្យកាន់តែប្រសើរ។

ក្រៅពីនោះ ឯកឧត្តមក៏បានលើកទឹកចិត្តចំពោះការបន្ថែមការយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន ដោយការសាងសង់អគារបៃតងឱ្យកាន់តែច្រើន សំដៅធ្វើយ៉ាងណាឱ្យការអភិវឌ្ឍ និងបរិស្ថានដើរទន្ទឹមគ្នា។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្មដែលបានអញ្ជើញជាអធិបតីក្នុងពិធីបើកជាផ្លូវការនៃពិ ព័រណ៍បច្ចេកវិទ្យាដែរនោះបានរំលេចអំពីសារៈសំខាន់សន្តិសុខស្បៀង ក្រោមជំនួយរបស់បច្ចេកវិទ្យាថ្មីៗ។

ឯកឧត្តមបានមានប្រសាសន៍ថា៖ «ប្រជាជនយើងចេះតែកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ ខណៈដែលទំហំដីដាំដុះយើងនៅដដែល ដូច្នេះវិស័យកសិកម្មទាមទារចាំបាច់នូវការធ្វើកសិកម្មបែបថ្មីដែលងាយស្រួល ហើយទទួលបានទិន្នផលច្រើន»។

ឯកឧត្តមបានបន្ថែមថា នេះជាទស្សនវិស័យបែបថ្មីមួយដែលអាច បង្កើនផលិតភាពកសិកម្ម និងគុណភាពហេដ្ឋារចនាសម្ព័ន្ធសន្តិសុខស្បៀង និងសម្រាប់ការនាំចេញ ប្រើប្រាស់កសិកម្ម សេវាកម្ម តម្លៃបន្ថែមខ្ពស់ដល់ទំនិញកសិកម្ម ដើម្បីបង្កើនការរួមចំណែកកសិកម្មក្នុងតម្លៃបន្ថែមសរុបរួមបញ្ចូល ទំនិញកសិកម្មទៅក្នុងខ្សែចង្វាក់ផ្គត់ផ្គង់សកល ដើម្បីពង្រីកកសិធុរកិច្ច និងកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជាទៅកាន់ទីផ្សារ និងបណ្ដាញអន្តរជាតិ។

គួរបញ្ជាក់ថា ពិព័រណ៍បច្ចេកវិទ្យាជាតិនេះនឹងធ្វើឡើងរយៈពេលបីថ្ងៃ គឺថ្ងៃទី ១១ ដល់ទី១៣ ខែវិច្ឆិកា ឆ្នាំ ២០២២នេះ ដោយមានស្តង់ពីក្រុមហ៊ុនជាតិ និងអន្តរជាតិចំនួន ១៩០ស្តង់៕ ដោយ៖ កែវ បុស្បា

ads banner