រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ អ្នកកាសែតបរទេសជា ច្រើនមកយកព័ត៌មានពីកិច្ចប្រជុំកំពូលអាស៊ាន បានបង្ហាញពីភាពរឹងមាំទាំងផ្នែក នយោបាយ និងសេដ្ឋកិច្ចរបស់កម្ពុជា
ភ្នំពេញ៖ រដ្ឋមន្រ្តីក្រសួងព័ត៌មានឯកឧត្តម ខៀវ កាញារីទ្ធ បានថ្លែងថាក្នុងកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០,ទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ចាប់ពី ថ្ងៃទី៨រហូតដល់ថ្ងៃទី១៣ខែវិច្ឆិកាឆ្នាំ២០២២នៅក្នុងសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញមានអ្នកកាសែតបរទេសជាច្រើនមាចូលរួមយកព័ត៌មាន។ លោកបញ្ជាក់ថាវត្តមានដ៏ច្រើនទាំងនេះបង្ហាញពីភាពចាស់ទុំ និងភាពរឹងមាំរបស់កម្ពុជានាពេល បច្ចុប្បន្ន។

ក្នុងបទសំភាសន៍ជាមួយទូរទស្សន៍អប្សរានៅថ្ងៃទី១១ខែវិច្ឆិកានាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០,ទី៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ឯកឧត្តម ខៀវ កាញារីទ្ធបានមានប្រសាសន៍ថា កិច្ចប្រជុំកំពូល អាស៊ានលើកនេះមានអ្នកកាសែតច្រើនចូលរួម ក្នុងនេះពិសេស អ្នកកាសែតបរទេស។នេះបាន បង្ហាញពីតួនាទីរបស់កម្ពុជានិងមួយទៀតគឺអ្នកកាសែតបរទេសមកនេះបានយកមកជាមួយនូវដៃគូជាមួយអ្នកកាសែតកម្ពុជាថែមទៀត។ទាំងនេះ បង្ហាញពីភាពចាស់ទុំរបស់កម្ពុជា ,ភាពរឹងមាំ ទាំងផ្នែក នយោបាយនិងសេដ្ឋកិច្ចរបស់កម្ពុជា ហើយនិងភាពរឹងមាំ ភាពចាស់ទុំរបស់កាសែត កម្ពុជាយើង ។
ខណៈដែលអ្នកសារព័ត៌មានបរទេសមកចូលរួមយកព័ត៌មានច្រើនកុះករបែបនេះឯកឧត្តមរដ្ឋមន្រ្តីបាន បន្ថែមថាទាំងនេះជាការបង្ហាញ សេចក្តីរីករាយ មួយបើទោះបីអ្នកកាសែតយើងមានការរិះគន់ខ្លះក្តី ប៉ុន្តែបើនិយាយពីកម្រិតវិជ្ជាជីវៈវិញយើងមិនចាញ់គេឡើយ។
ជាមួយគ្នានេះ ឯកឧត្តមរដ្ឋមន្រ្តីបានលើកឡើង ដែរថា ក្នុងកិច្ចប្រជុំនេះកម្ពុជាបានអនុញ្ញាតឱ្យ អ្នកកាសែតបរទេសចូលច្រើន ទោះបីមានប្រទេស មួយចំនួនបានទាមទារមិនឱ្យកាសែតខ្លះចូលក្តី។កម្ពុជាបានកំណត់ហើយថាកាសែតប្រទេសណាក៏មានសិទ្ធចូលដែរគ្រាន់តែមិនមានសិទ្ធសម្ភាសគាត់តែប៉ុណ្ណោះ”។
សូមបញ្ជាក់ថាក្នុងកិច្ចប្រជុំកំពូលអាស៊ានដែលមាន រយៈពេល ៤ថ្ងៃនេះរួមមាន៖ កិច្ចប្រជុំកំពូល អាស៊ានលើកទី៤០ និងលើកទី៤១ កិច្ចប្រជុំកំពូល អាស៊ាន-ចិន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-ជប៉ុន លើកទី២៥ កិច្ចប្រជុំកំពូលអាស៊ាន-សាធារណរដ្ឋកូរ៉េ លើកទី២៣ កិច្ចប្រជុំកំពូល អាស៊ានបូកបី លើកទី២៥ កិច្ចប្រជុំកំពូលរំលឹក ខួប៣០ឆ្នាំ នៃទំនាក់ទំនងដៃគូសន្ទនាអាស៊ាន-ឥណ្ឌា កិច្ចប្រជុំកំពូលអាស៊ាន-សហរដ្ឋអាមេរិក លើកទី១០ កិច្ចប្រជុំកំពូលអាស៊ាន-អូស្ត្រាលី លើកទី២ កិច្ចប្រជុំកំពូលរំព្ញកខួបនៃ ទំនាក់ ទំនងអាស៊ាន-កាណាដា កិច្ចប្រជុំកំពូលអាស៊ាន-អង្គការសហប្រជាជាតិ និងកិច្ចប្រជុំកំពូលអាស៊ី បូព៌ា លើកទី១៧៕ដោយ៖ដេប៉ូ