ពិធីក្រុងពាលី ទូក ង ឈ្មោះ ទេពធីតាសែនជ័យ បារមីជំទាវទេព ដើម្បីត្រៀមប្រណាំងទូកនិងអកអំបុកសំពះព្រះខែនាពេលខាងមុខនេះ នៅក្នុងក្រុងកំពង់ឆ្នាំង
កំពង់ឆ្នាំង ៖ នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២នេះ ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្តកំពង់ឆ្នាំងរួមនិងព្រះអនុគុណស្តីទីក្រុងកំពង់ឆ្នាំងព្រះនាម ឆន ឆុង ព្រួះចៅអធិការវត្តទេពធីតារាមហៅវត្តយាយទេព លោក គុយចន្ថា សមាជិកក្រុមវ្រឹក្សាខេត្តនិងលោក ហ៊ីងភព័មិនា អភិបាលក្រុងកំពង់ឆ្នាំងបានអញ្ជើញជាអធិបតី ក្នុងពិធីក្រុងពាលី ទូក ង ឈ្មោះ ទេពធីតាសែនជ័យ បារមីជំទាវទេព ។

លោក អ៉ិន សាវ៉ាន ប្រធានគណៈកម្មាការទូក ង ឈ្មោះ ទេពធីតាសែនជ័យ បារមីជំទាវទេព ស្ថិតក្នុងវត្តទេពធីតារាម (ហៅវត្តយាយទេព ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង ជាទូកចែវ បុរស មានប្រវែង ២៩.៧៣ម៉ែត្រ ចំណុះជើងចែវ កីឡាករ មាន ៤៦នាក់ ពីមុនមកទូកមួយនេះស្ថិតនៅក្នុងវត្តពោធិ៍អណ្ដែត ស្រុកកំពង់លែង ក្រោយមកទូកនេះបានយកមកនៅក្នុងវត្តទេពធីតារាមហៅវត្តយាយទេពស្ថិតនៅក្នុងភូមិផ្សារឆ្នាំងសង្កាត់ផ្សារឆ្នាំង ក្រុងកំពង់ឆ្នាំង ទូកនេះធ្លាប់បានចូលរួមប្រកួតថ្នាក់ជាតិចំនួន ៥ដង ទទួលបានលេខមួយ ៣ដង និងផែនលេខពីរ ២ដង តែក្រោយៗមកទៀតត្រូវបានអាក់ខានដោយសារតែការរីករាលដាលនៃជំងឺកូវីដ19។

គណៈកម្មាធិការទូកចែវបុរសលោក អុិនសាវ៉ាន បានបញ្ជាក់ឲ្យដឹងទៀតថាលោកសង្ឃឹមថា នៅថ្ងៃប្រណាំងទូកនាពេលខាងមុខនេះ ទូក.ង.ដែលមានឈ្មោះ ទេពធីតាសែនជ័យបារមីជំទាវទេពនឹងទទួលជោគជ័យ។

ព្រះអនុគណស្ដីទីក្រុងកំពង់ឆ្នាំងនិងជាព្រះចៅអធិការវត្តទេពធីតារាមហៅវត្តយាយទេពព្រះនាម ឆន ឆុង សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋជិតឆ្ងាយទាំងក្នុងខេត្តទាំងក្រៅខេត្តសូមមេត្តាមកលេងកម្សាន្តឲ្យបានច្រើនកុះករ ខណ:ដែលអាជ្ញាធរខេត្តកំពុងតែត្រៀមលក្ខណៈរៀបចំរចនាទាំងផ្លូវថ្នល់ទាំងសួនច្បារសាធារណៈបំពាក់ភ្លើងបំភ្លឺនៅតាមបណ្ដាកន្លែងផ្សេងៗក្នុងក្រុងដើម្បីចូលរួមពិធីអកអំបុក សំពះព្រះខែ ប្រណាំងទូក នាមាត់ទន្លេផ្សារក្រោម ក្រុងកំពង់ឆ្នាំង នៅពេលខាងមុខនេះ ។

ឯកឧត្តម ឡុង ឈុនឡៃ ប្រធានក្រុមប្រឹក្សាខេត្ត លោក គុយ ចាន់ថា សមាជិកក្រុមប្រឹក្សាខេត្តរួមនិងលោក ហ៊ីង ភ័ពមិនា អភិបាល
ក្រុងកំពង់ឆ្នាំងបានចូលជាថវិកាមួយចំនួនដល់ព្រះចៅអធិការវត្តទេពធីតារាមហៅវត្តយាយទេពផងដែរ ៕ សុខ គឹមសៀន
