អភិបាលខេត្តព្រះវិហារ នាំយកអំណោយផ្តល់ជូនប្រជាពលរដ្ឋរងគ្រោះ ដោយទឹកជំនន់ជាង ៣០០គ្រួសារ នៅក្នុងស្រុករវៀង
ខេត្តព្រះវិហារ៖ ប្រជាពលរដ្ឋរងគ្រោះដោយសារទឹកជំនន់ នាពេលកន្លងមក ៣១០គ្រួសារ ទទួលបានការយកចិត្តទុកដាក់ និងការផ្តល់ជូនអំណោយជាគ្រឿងឧបភោគ បរិភោគ និងគ្រាប់ពូជពី អភិបាលខេត្តព្រះវិហារ លោក គីម រិទ្ធី និងភរិយា នៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២២ នេះ នៅក្នុងស្រុករវៀង ខេត្តព្រះវិហារ ។

ប្រជាពលរដ្ឋទាំង ៣១០គ្រួសារនោះ មកពីឃុំ២ នៃស្រុករវៀង គឺ ឃុំរីករាយ និងឃុំរួសរាន់ ទទួលបានអំណោយជាគ្រឿងឧបភោគ បរិភោគ និងគ្រាប់ពូជពីអាជ្ញាធរខេត្តព្រះវិហារ ដោយក្នុង១គ្រួសារ ទទួលបាន អង្ករ២៥គីឡូក្រាម មី១កេស ទឹកបរិសុទ្ធ ១កេស ទឹកស៊ីអ៊ីវ១យួរ ទឹកត្រី១យួរ ត្រីខ១យួរ និងគ្រាប់ពូជមួយចំនួនទៀត ។

អភិបាលខេត្តព្រះវិហារ ឯកឧត្តម គីម រិទ្ធី បានថ្លែង ពាំនាំនូវការសួរសុខទុក្ខ និងក្តីនឹករលឹកពីសម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលសម្តេចទាំងទ្វេរ តែងតែគិតគូរ និងយកចិត្តទុកដាក់ខ្ពស់ ពីសុខទុក្ខរបស់បងប្អូនប្រជាពលរដ្ឋ ដែលកំពុងជួបការលំបាក ពិសេស ប្រជាពលរដ្ឋដែលរងគ្រោះ ដោយទឹកជំនន់នាពេលកន្លងមក និងការទទួលបានអំណោយនាពេលនេះ ។

ឯកឧត្តមអភិបាលខេត្តព្រះវិហារ បានសំណូមពរដល់បងប្អូនប្រជាពលរដ្ឋ ត្រូវខិតខំបង្កបង្កើនផលបន្ថែមទៀត ពិសេស គ្រាប់ពូជដែលទទួលបាននាពេលនេះ ត្រូវយកទៅដាំដុះឲ្យបានគ្រប់ៗគ្នា ដើម្បីសម្រួលដល់ជីវភាពប្រចាំថ្ងៃ នៅក្នុងគ្រួសារ ៕ ដោយ៖ឡុង សំបូរ

