ទីម័រឡេស្តេប្រកាសស្វាគមន៍និងអរគុណការដាក់បញ្ចូលទីម័រឡេស្តេជាសមាជិកទី១១របស់អាស៊ាន
ភ្នំពេញ៖ ប្រទេសទីម័រឡេស្តេ បានប្រកាសស្វាគមន៍ចំពោះ សេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ានស្តីពីការស្នើសុំចូល ជាសមាជិកអាស៊ានរបស់ទីម័រឡេស្ត ដែលបានប្រកាសទទួលយកទីម័រឡេស្តជាសមាជិកទី១១ របស់អាស៊ាន និងទន្ទឹងរង់ចាំធ្វើកិច្ចសហការជាមួយប្រធានអាស៊ានឆ្នាំក្រោយ គឺប្រទេសឥណ្ឌូនេស៊ី។
ក្នុងសេចក្តីថ្លែងការណ៍របស់ខ្លួននៅថ្ងៃទី១១ខែវិច្ឆិកាឆ្នាំ២០២២ ប្រទេសទីម័រឡេស្តេបានបញ្ជាក់ទៀតថា
• យើងសូមសំដែងនូវក្តីរីករាយ ក្នុងការបន្តធ្វើការ និងកិច្ចសហការនានាជាមួយ ក្រុមប្រឹក្សាសម្រប សម្រួលអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន ឆ្ពោះទៅកាន់ការរៀបចំផែនទីបង្ហាញផ្លូវ ក៏ដូចជាការ ត្រៀមលក្ខណៈចូលជាសមាជិកពេញសិទ្ធរបស់ទីម័រឡេស្តេរដោយរួមបញ្ចូលទាំងការឈានទៅ សម្រេចបាននូវសមិទ្ធិផលសំខាន់នានា ដែលបានកំណត់ដោយរបាយការណ៍ស្វែងយល់ការពិត ទាំងបីរបស់អាស៊ាន។
យើងស្នើសុំប្រទេសសមាជិកអាស៊ានទាំងអស់ ផ្ដល់នូវឋានៈជាសមាជិកអាស៊ានពេញសិទ្ធដល់ទីម័រ ឡេស្តេ ក្នុងឆ្នាំ២០២៣ បន្ទាប់ពីការត្រៀមលក្ខណៈអស់រយៈពេល១១ឆ្នាំ និងការអនុម័រនូវផែនទី ចង្អុលបង្ហាញផ្លូវ និងរបាយការណ៍ជូនកិច្ចប្រជុំកំពូលអាស៊ានលើកទី៤២។
សេចក្តីថ្លែងការណ៍បានបញ្ជាក់ជាចុងក្រោយថា “ យើងសូមទទួលស្គាល់ និងសូមសំដែងនូវការអរគុណចំពោះការបន្តរផ្ដល់ជំនួយ និងការគាំទ ដោយពេញលេញពីប្រទេសសមាជិកអាស៊ាន ជាពិសេសចំពោះព្រះរាជាណាចក្រកម្ពុជា សម្រាប់ ការគាំទ្រឥតងាករេ ក៏ដូចជាការកោតសរសើរចំពោះបណ្តាប្រទេសជាដៃគូខាងក្រៅ សម្រាប់ការ ផ្តល់ជំនួយកសាងសមត្ថភាពនានា។
គួររំលឹកថាសេចក្តីថ្លែងការណ៍របស់ប្រមុខដឹកនាំអាស៊ាន ស្តីពីសំណើសុំចូលជាសមាជិក អាស៊ានរបស់ទីម័រឡេស្តេកាលពីព្រឹកថ្ងៃទី១១ ខែវិច្ឆិកាបានបញ្ជាក់ថាយើងទាំងអស់គ្នា ប្រមុខដឹកនាំអាស៊ាន បានជួបប្រជុំគ្នានៅទីក្រុងភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា នាឱកាសកិច្ចប្រជុំកំពូលអាស៊ានលើកទី៤០ និង៤១ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ ដោយពិចារណាលើលទ្ធផល នៃបេសកកម្មស្វែងរកការពិតរបស់សសរស្តម្ភសហគមន៍សន្តិសុខ-នយោបាយអាស៊ាន សហគមន៍សេដ្ឋកិច្ចអាស៊ាន និងសហគមន៍សង្គម-វប្បធម៌អាស៊ាន និងបានឯកភាពថា៖
១. ជាគោលការណ៍ ទីម័រឡេស្តេត្រូវបានអនុញ្ញាតឱ្យចូលរួមជាសមាជិកអាស៊ានទី១១។
២. ផ្តល់ឋានៈជាប្រទេសសង្កេតការណ៍ដល់ទីម័រឡេស្តេ និងអនុញ្ញាតឱ្យទីម័រឡេស្តេចូលរួមក្នុងកិច្ចប្រជុំអាស៊ានទាំងអស់ រួមបញ្ចូលទាំងសម័យប្រជុំពេញអង្គនៃកិច្ចប្រជុំកំពូលអាស៊ាន៕ដោយ៖ វណ្ណលុក

